ក្រ​សួងយុត្តិធម៌​ថា​តំណាងរាស្ត្រ​បក្សប្រ​ឆាំង​គួរ​ស្វែងយល់រដ្ឋធម្មនុញ្ញ​ឲ្យបាន​ត្រឹម​ត្រូវ

ក្រសួងយុត្តិធម៌

ក្រសួងយុត្តិធម៌អំពាវនាវឲ្យក្រុមតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិស្វែងយល់ពីមាត្រា៨០នៃរដ្ឋធម្មនុញ្ញឲ្យបានត្រឹមត្រូវ ដោយថាដើម្បីជៀសវាងការបកស្រាយខ្លឹមសារមិនត្រឹមត្រូវនិងថាបកស្រាយក្នុងចេតនានយោបាយបំភ័ន្តមតិសាធារណជន។

កាលពីម្សិលមិញក្រុមសមាជិកអ្នកតំណាងរាស្រ្តគណបក្សប្រឆាំងបានចេញសេចក្តីថ្លែងការណ៍មួយជាការឆ្លើយតបទៅនឹងដីកាសម្រេចរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញចេញកាលពីថ្ងៃទី៨ ខែកក្កដា ដែលសម្រេចដាក់លោក កឹម សុខា ឲ្យនៅក្រោមការត្រួតពិនិត្យរបស់តុលាការដោយហាមមិនឲ្យចេញទៅក្រៅប្រទេស។ ក្រុមតំណាងរាស្រ្តចាត់ទុក ការសម្រេចនេះថាបានរំលោភលើមានត្រា៨០នៃរដ្ឋធម្មនុញ្ញនិងជារឿងនយោបាយ។

ប៉ុន្តែក្នុងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ អ្នកនាំពាក្យសរសេរថាប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា បានប្រព្រឹត្តបទល្មើសជាក់ស្តែង ហើយត្រូវអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទ “បដិសេធក្នុងការចូលខ្លួន” តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ។

បើតាមសេចក្តីថ្លែងការណ៍ដដែល មាត្រា៨០ថ្មី កថាខណ្ឌទី៣ នៃរដ្ឋធម្មនុញ្ញចែងថា៖ “ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនសមាជិកណាមួយនៃរដ្ឋសភានឹងអាចធ្វើទៅកើតលុះត្រាតែមានការយល់ព្រមពីរដ្ឋសភាឬពីគណៈកម្មាការអចិន្ត្រៃយ៍នៃរដ្ឋសា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្តែង។ ក្នុងករណីខាងក្រោយនេះ ក្រសួងមានសមត្ថកិច្ចត្រូវធ្វើសេចក្តីរាយការណ៍ជូនរដ្ឋសភា ឬគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាជាបន្ទាន់ដើម្បីសម្រេច”។

ដោយផ្អែកតាមមាត្រា៨០ កថាខណ្ឌទី៣នេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ថា ការសម្រេចដាក់លោក កឹម សុខា ឲ្យនៅក្រោមការត្រួតពិនិត្យរបស់តុលាការនិងមិនអនុញ្ញាតឲ្យចេញក្រៅប្រទេសពីសំណាក់ចៅក្រមស៊ើបសួរគឺអនុវត្តត្រឹមត្រូវតាមមាត្រា២២៣នៃនីតិវិធីព្រហ្មទណ្ឌរបស់កម្ពុជា។

អ្នកនាំពាក្យក្រសួងយុត្តិធម៌តាមរយៈសេចក្តីថ្លែងការណ៍ បានអំពាវនាវឲ្យក្រុមតំណាងរាស្ត្របក្សប្រឆាំងស្វែងយល់ពីខ្លឹមសារនៃមាត្រា៨០នេះនិងថាកុំបកស្រាយបំភ័ន្តសាធារណជន និងថាកុំឲ្យយករឿងព្រហ្មទណ្ឌធ្វើជារឿងនយោបាយ។ ទន្ទឹមនឹងនេះ ក្រសួងយុត្តិធម៌ក៏អំពាវនាវឲ្យស្ថាប័នតុលាការបន្តអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ និងធ្វើសេចក្តីសម្រេចដោយឯករាជ្យនិងមិនស្ថិតក្រោមសម្ពាធពីមជ្ឈដ្ឋានណាមួយ។

លោកមេធាវី សុក សំអឿន មានប្រសាសន៍ថាការខ្វែងគំនិតគ្នារវាងគណបក្សប្រឆាំងជាមួយនឹងក្រសួងយុត្តិធម៌ និងតុលាការលើមាត្រា៨០នៃរដ្ឋធម្មនុញ្ញនេះ ទំនងជាភាគីពាក់ព័ន្ធបកស្រាយផ្សេងគ្នាលើ “បទល្មើសជាក់ស្តែង”។ លោកបន្តថាចំពោះឃ្លានៃបទល្មើសជាក់ស្តែងនេះ លោកថាលោកពិនិត្យឃើញពិតជាមានចំណុចដែលអាចឲ្យមានការបកស្រាយបានច្រើនយ៉ាង។ លោកបន្តថាការបកស្រាយទាំងសងខាងអាចត្រឹមត្រូវទាំងពីរ តែថាបើតាមរដ្ឋធម្មនុញ្ញ បើមានការបកស្រាយពីរបែបនេះ តុលាការត្រូវយកការបកស្រាយណាដែលផ្តល់ផលប្រយោជន៍ដល់ជនជាប់ចោទ។

លោកបន្ថែមថា៖ តុលាការគេត្រូវយកអាណាដែលមានផលប្រយោជន៍ដល់ជនជាប់ចោទ បើសិនបញ្ហានោះមានលក្ខណៈផ្លូវច្បាប់ដូចគ្នា ហើយបើមានការបកស្រាយពីរ គឺតុលាការត្រូវយកការបកស្រាយដែលមានផលប្រយោជន៍ដល់ជនជាប់ចោទ…ដូច្នេះវាបញ្ហាការកែរទម្រង់ ការពង្រឹងប្រព័ន្ធតុលាការយើងបន្តទៀត ដូច្នេះយើងថាមួយណាខុសក៏អត់បានទេ វាត្រូវដូចគ្នា ក៏ប៉ុន្តែជាគោលការណ៍មួយទៀតយើងត្រូវយកគោលការណ៍កណ្តាលមួយទៀតឬមតិសង្ស័យត្រូវផ្តល់ផលប្រយោជន៍ដល់ជនជាប់ចោទ

ក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី១៤ខែកក្កដានេះ ក្រុមសមាជិកសភាបក្សសង្រ្គោះជាតិយល់ថាការសម្រេចរបស់តុលាការជាការរំលោភសិទ្ធិសេរីភាពរបស់អ្នកតំណាងរាស្រ្តនិងជាការរំលោភម្តងទៀតលើមាត្រា៨០នៃរដ្ឋធម្មនុញ្ញនៃកម្ពុជា។ តំណាងរាស្រ្តចាត់ទុកចំណាត់ការលើលោក កឹម សុខា ជារឿងនយោបាយ។

គួរបញ្ជាក់ថាលោក កឹម សុខា បានកំពុងស្នាក់នៅក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិនៅចាក់អង្រែលើជាងមួយខែមកហើយ បន្ទាប់ពីមានការប៉ុនប៉ងចាប់ខ្លួនលោកមិនបានសម្រេចកាលពីថ្ងៃទី២៦ ខែឧសភា ពីសំណាក់អាជ្ញាធរនិងក្រោយពីលោកបដិសេធមិនចូលខ្លួនតាមដីកាកោះចំនួនពីរលើក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ