ប្រធានាធិបតីបារាំងប្រកាសរឹតបន្តឹងសន្តិសុខផ្ទៃក្នុងប្រទេសនិងបង្កើនការវាយប្រហារលើពួកក្រុមភេរវកម្មជាពួ ករដ្ឋឥស្លាមដែលកំពុងធ្វើសកម្មភាពនៅក្នុងប្រទេស៊ីរីនិងអ៊ីរ៉ាក់។
ការប្រកាសរបស់លោក Francois Hollande ធ្វើឡើងនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីមានករណីបុរសម្នាក់បើករថយន្តដឹកទំនិញសម្រុកចូលក្នុងហ្វូងមនុស្សកំពុងរីករាយក្នុងពីធីអុជកាំជ្រួចកាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ ហើយបណ្តាលឲ្យមនុស្សប្រមាណ៨០នាក់ស្លាប់។ លោកថ្លែងថាសកម្មភាពនេះគឺបង្កឡើងដោយពួកក្រុមភេរវកម្មពិតប្រាកដ។
បើសិនជាមានការបញ្ជាក់ថាហេតុការណ៍នេះបង្កឡើងដោយពួកក្រុមភេរវកម្មមែន គឺក្នុងរយៈ១៨ខែនេះ ប្រទេសបារាំងជួបការវាយប្រហារចំនួន៣លើកហើយដែលធ្វើឲ្យសាធារណជនរងការវាយប្រហារពីក្រុមភេរវករ។
នៅពេលដែលមិនទាន់មានការក្រុមណាមួយចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារនេះ លោក Hollande បានប្រកាសប្តេជ្ញាក្នុងការពង្រឹងសន្តិសុខផ្ទៃក្នុងនិងបង្កើនការវាយប្រហារពួករដ្ឋឥស្លាមនៅក្នុងប្រទេសស៊ីរីនិងអ៊ីរ៉ាក់។
លោក Hollande បញ្ជាក់ថានេះមិនមែនជាការសងសឹកទេ តែជាបេសកកម្មក្នុងការប្រឆាំងពួកភេរវកម្ម ហើយបង្កើនសកម្មភាពវាយប្រហារដែលលោកសំដៅលើពួកក្រុមរដ្ឋឥស្លាម។
ក្នុងហេតុការណ៍បើករថយន្តបុកហ្វូងមនុស្សនេះ លោក Hollande បញ្ជាក់ថាមានកុមារជាច្រើនស្លាប់ ហើយលោកថាពួកក្រុមភេរវកម្មមិនអាចប្រកែកបានទេ៕