ព័ត៌មានថ្មីបំផុត ផ្សាយដោយសារព័ត៌មាន BBC របស់អង់គ្លេស ដែលបានដកស្រង់សម្ដីមន្ត្រីប៉ូលិសទួគី បានឲ្យដឹងថា អ្នករៀបចំផែនការរដ្ឋប្រហារចំនួន ១៦នាក់ ត្រូវបានគេសម្លាប់នៅក្នុងការប៉ះទង្គិចគ្នា នៅឯទីបញ្ជាការទាហានប៉ារ៉ា ហើយមនុស្ស ២៥០នាក់ទៀត ត្រូវបានគេចាប់ខ្លួន។
ចំណែកសារព័ត៌មាន CNN របស់អាមេរិក បានរាយការណ៍ថា មេបញ្ជាការកងទ័ពទួគី លោក Hulusi Akar ត្រូវបានកម្លាំងសន្តិសុខជួយសង្គ្រោះបានហើយ នៅឯមូលដ្ឋានកងទ័ពអាកាស នៅភាគពាយព្យរដ្ឋធានីអង់ការ៉ា របស់ទួគី។
នៅពេលនេះ ច្បាប់ហាមគោចរ ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ បើទោះបីជា រដ្ឋាភិបាលអះអាងថា ស្ថានភាពស្ថិតក្រោមការគ្រប់គ្រងហើយ។
ទោះជាយ៉ាងណា ក្រុមអ្នកតាមដានយល់ថា ប្រទេសទួគីកំពុងតែអស្ថិរភាពកាន់តែខ្លាំង បន្ទាប់ពីក្រុមយោធាបានប៉ុនប៉ងធ្វើរដ្ឋប្រហារមិនបានជោគជ័យ កាលពីយប់មិញ។
បណ្ឌាសារព័ត៌មានធំៗជុំវិញពិភពលោក នៅថ្ងៃនេះ កំពុងតែតាមដានលើស្ថានការណ៍វិវត្តនៅក្នុងប្រទេសទួគី៕