សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការជំនុំជម្រះសំណុំរឿងមួយផ្សេងទៀត ទៅលើអតីតមន្ត្រីសមាគមអាដហុក និងបច្ចុប្បន្នជាអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា ទាក់ទងនឹងបណ្តឹងបរិហារបង្កាច់កេរ្តិ៍ បរិហារកេរ្តិ៍ជាសាធារណៈ ដែលប្តឹងដោយមន្ត្រីតុលាការខេត្តសៀមរាបពីររូប។
លោក នី ចរិយា ដែលបច្ចុប្បន្នកំពុងជាប់ឃុំបណ្តោះអាសន្ននៅពន្ធនាគារស្នងការក្រុងភ្នំពេញពាក់ព័ន្ធនឹងបទចោទសមគំនិតសូកប៉ាន់សាក្សីនោះ នឹងត្រូវចៅក្រមជំនុំជម្រះ លោក ឃី ឆៃ បើកសវនាការជំនុំជម្រះលើសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈ ប្តឹងបរិហារបង្កាច់កេរ្តិ៍ និងផ្សព្វផ្សាយ និងធ្វើអត្ថាធិប្បាយដើម្បីដាក់សម្ពាធលើយុត្ថាធិការ នៅព្រឹកថ្ងៃចន្ទស្អែក។ នេះបើតាមអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាន់ណា ប្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធតេឡេក្រាម។
ទោះយ៉ាងណា លោក នី ចរិយា ធ្លាប់បានច្រានចោលការចោទប្រកាន់របស់ចៅក្រុមស៊ើបសួរ និងព្រះរាជអាជ្ញារងរបស់តុលាការខេត្តសៀមរាប ដែលប្តឹងរូបលោកនោះ នៅពេលដែលលោកចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញនាថ្ងៃ១៣ ខែកក្កដា ឆ្នាំ២០១៥ ដោយថា ជាការចោទប្រកាន់គ្មានភស្តុតាងច្បាស់លាស់ និងគ្មានធាតុផ្សំផ្លូវច្បាប់៕