អាជ្ញាធរ​ទួ​គី​ដណ្ដើម​បាន​ការគ្រប់គ្រង​វិញ ក្រោយ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ដ៏​បង្ហូរឈាម​

ពល​រដ្ឋ​ដែល​ចេញ​ប្រឆាំ​ង​និង​ក្រុម​រដ្ឋ​ប្រហារ(រូបភាពពីសារ​ព័ត៌មាន​Channel News Asia)

ជុំវិញស្ថានការណ៍រដ្ឋប្រហារមិនបានសម្រេចនៅប្រទេសទួគី អាជ្ញាធរប្រទេសនេះ បានដណ្ដើមការគ្រប់គ្រងប្រទេសវិញហើយកាលពីថ្ងៃម្សិលមិញ បន្ទាប់ពីបានបំបែករដ្ឋប្រហាររបស់ពួកយោធា ដែលបានព្យាយាមដណ្ដើមអំណាចពីប្រធានាធិបតី លោក តាយីប អឺដូហ្គេន។

យោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP បានឲ្យដឹងថា មនុស្សជាង ២៥០នាក់ បានស្លាប់នៅក្នុងការប៉ះទង្គិចកាលពីថ្ងៃម្សិលមិញ ហើយមន្ត្រីយោធាជាន់ខ្ពស់ និងចៅក្រមជាច្រើននាក់ ដែលពាក់ព័ន្ធនឹងរដ្ឋប្រហារនេះ ត្រូវបានអាជ្ញាធរចាប់ខ្លួន។

បន្ទាប់ពីប្រឈមមុខនឹងរដ្ឋប្រហារដ៏បង្ហូរឈាមប្រឆាំងនឹងរបបគ្រប់គ្រងរយៈពេល ១៣ឆ្នាំរបស់លោកនោះ លោក អឺដូហ្គេន បានថ្លែងទៅកាន់អ្នកគាំទ្ររាប់ពាន់នាក់នៅគេហដ្ឋានរបស់លោកស្ថិតក្នុងទីក្រុងអ៊ីស្តង់ប៊ុល ក្រោយពីលោកបានជំរុញឲ្យប្រជាជនចេញតវ៉ាកាលពីយប់ថ្ងៃសុក្រកន្លងមក។

អាជ្ញាធរ បានចោទលោក ហ្វេទូឡា ហ្គូឡេន ថាបានរៀបចំផែនការធ្វើរដ្ឋប្រហារនេះ និងចាប់ខ្លួនទាហានដល់ទៅជិត ៣ពាន់នាក់ ជុំវិញការពាក់ព័ន្ធនឹងរដ្ឋប្រហារមិនបានសម្រេចនេះ ខណៈដែលពិភពលោកព្រួយបារម្ភពីការសងសឹក។

នាយករដ្ឋមន្ត្រីទួគី លោក ប៊ីណាលី យីលឌីរីម បានថ្លែងនៅទីក្រុងអង់ការ៉ាថា ស្ថានការណ៍ស្ថិតក្រោមការគ្រប់គ្រងទាំងស្រុងហើយ។ លោកចាត់ទុករដ្ឋប្រហារនេះជា«ឈាមខ្មៅ»នៅក្នុងលទ្ធិប្រជាធិបតេយ្យ ដែលបានបណ្ដាលឲ្យមនុស្ស ១៦១នាក់ ស្លាប់ និងជិត ១៥០០នាក់រងរបួស នៅក្នុងអំពើហិង្សាកាលពីយប់ថ្ងៃសុក្រកន្លងមក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ