ពួក​ឧទ្ទាម​ភូមា​ព្រមាន​ថា ការ​ប្រយុទ្ធ​គ្នា​នឹង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ចរចា​សន្តិភាព

ក្រុមមេដឹកនាំបះបោរ បានព្រមាននៅថ្ងៃនេះថា ការបន្តប្រយុទ្ធ នឹងធ្វើឲ្យអន្តរាយដល់ការជំរុញរបស់លោកស្រី អ៊ុងសាន ស៊ូជី ឲ្យមានសន្តិភាពនៅក្នុងប្រទេសភូមា ខណៈដែលពួកគេបានស្វាគមន៍ដោយប្រុងប្រយ័ត្នចំពោះកិច្ចចរចារបស់រដ្ឋាភិបាលស៊ីវិលថ្មីរបស់លោកស្រី ស៊ូជី។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។

ទីភ្នាក់ងារព័ត៌មាននេះ បានរាយការណ៍ថា លោកស្រី ស៊ូជី បានបង្កើតគោលនយោបាយសន្តិភាពសម្រាប់រដ្ឋាភិបាលរបស់លោកស្រី ដែលបានឡើងដឹកនាំប្រទេសកាលពីខែមីនាកន្លងមក បន្ទាប់ពីក្រុមយោធាបានគ្រប់គ្រងប្រទេសនេះអស់ជាច្រើនទសវត្សរ៍មកហើយនោះ។

ជយលាភីពានរង្វាន់ណូប៊ែលសន្តិភាពរូបនេះ បានត្រួសត្រាយផ្លូវសម្រាប់បទឈប់បាញ់មួយ ជាមួយពួកឧទ្ទាមជនជាតិភាគតិចមួយចំនួន ដែលបានតស៊ូប្រយុទ្ធនឹងកងទ័ពជាតិភូមាអស់ជាច្រើនទសវត្សរ៍មកហើយនោះ។

កាលពីថ្ងៃអាទិត្យម្សិលមិញ លោកស្រី ស៊ូជី បានរៀបចំការចរចាជាមួយក្រុមមេដឹកនាំបះបោរ ដើម្បីជំរុញឲ្យក្រុមឧទ្ទាមសេសសល់មួយចំនួនទៀត ចុះហត្ថលេខាលើបទឈប់បាញ់ មុននឹងមានសន្និសីទសន្តិភាពគ្រោងធ្វើឡើងនៅចុងខែសីហាខាងមុខនេះ។

ប៉ុន្តែ ខណៈដែលពួកឧទ្ធាមនិយាយថា កិច្ចពិភាក្សាមានលក្ខណៈវិជ្ជមាននោះ ពួកគេបានព្រមានថា ការរីកចម្រើនទៅមុខ អាចសម្រេចបានតិចតួចប៉ុណ្ណោះ ដោយសារតែការប្រយុទ្ធគ្នានៅបន្តកើតមាននៅតាមតំបន់មួយចំនួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ