សង្គមស៊ីវិលធ្វើការផ្នែកដីធ្លីជំរុញឲ្យរដ្ឋាភិបាលពន្លឿនការចុះបញ្ជីដីធ្លីនិងផ្ដល់ប័ណ្ណកម្មសិទ្ធិដល់សហគមន៍ជនជាតិដើមភាគតិចឲ្យបានឆាប់ ដោយអះអាងថាជនជាតិដើមកំពុងប្រឈមនឹងការបាត់បង់កេរដូនតា។
សំណើរនេះបានលើកឡើងក្នុងសិក្ខាសាលាថ្នាក់ជាតិស្ដីពីកម្មសិទ្ធិដីធ្លី ការចុះបញ្ជីដីជាលក្ខណៈប្រព័ន្ធ និងសមូហភាពសហគមន៍ជនជាតិដើមភាគតិច ដែលមានអ្នកចូលរួមជាង១០០នាក់នៅព្រឹកថ្ងៃទី១៩ខែកក្កដានេះ នាខេត្ដសៀមរាប។
នាយកប្រតិបត្ដិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជានិងតំណាងគណៈកម្មការរៀបចំ លោក តឹក វណ្ណារ៉ា មានប្រសាសន៍ថាដីជនជាតិដើមភាគតិចមួយចំនួនរួមមានខេត្ដព្រះវិហារ ខេត្ដរតនៈគីរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្ដកោះកុងជាដើម កំពុងប្រឈមបញ្ហាជាមួយនឹងក្រុមហ៊ុនដែលធ្វើការអភិវឌ្ឍប៉ះពាល់ដល់ដីសហគមន៍ដោយសារការផ្ដល់ដីសម្បទានសេដ្ឋកិច្ច។ លោកបន្ដថាការយឺតយ៉ាវចុះបញ្ជីដីធ្លីនេះ លោកសង្កេតឃើញថាមកពីកង្វះកិច្ចសហការរវាងភាគីពាក់ព័ន្ធនិងបញ្ហាថវិកាសម្រាប់សកម្មភាពចុះបញ្ជីដីធ្លី ហើយពលរដ្ឋជាម្ចាស់អចលនទ្រព្យខ្វះឯកសារបញ្ជាក់ពីភាពស្រប។
លោក តឹក វណ្ណារ៉ា ស្នើឲ្យរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធជួយពន្លឿនដំណើរការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ និងសមូហភាពសហគមន៍ជនជាតិដើមភាគតិចឲ្យបានឆាប់រហ័ស ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ។លោកបន្ដថា៖ “យើងស្នើធ្វើទៅតាមលទ្ធភាពកាន់តែលឿនកាន់តែល្អពីព្រោះយើងសង្កេតឃើញនិន្នាការនៃការអភិវឌ្ឍសេដ្ឋកិច្ចមានន័យថាជាសម្ពាធខ្លាំងទាក់ទងការប្រើប្រាស់ដីធ្លីជនជាតិដើមភាគតិចបើសិនការចុះបញ្ជីនៅមានការយឺតយ៉ាវ ឃើញថាដីជនជាតិដើមភាគតិចវានឹងប្រឈមព្រោះការអភិវឌ្ឍសេដ្ឋកិច្ចក្រុមហ៊ុនអភិវឌ្ឍន៍សេដ្ឋកិច្ចនិងក្រុមហ៊ុនទាំងវាទៅសម្រុកខ្លាំងនឹងដីពួកគាត់“។
អនុរដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សៀក វណ្ណា ថ្លែងតាមរបាយការណ៍ក្នុងពេលបើកសិក្ខាសាលានោះថាគិតត្រឹមដំណាច់ខែមិថុនាឆ្នាំ២០១៦នេះ ការចុះបញ្ជីដីធ្លីសម្រេចបានជាង៤,៦លានក្បាលដី។ លោកថាការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចបានទទួលពាក្យស្នើសុំសរុប៤៥សហគមន៍ ក្នុងការអនុវត្ដផែនការ១០សហគមន៍ក្នុងមួយឆ្នាំនិងឈានសម្រេចឲ្យបាន៥៨សហគមន៍ដល់ឆ្នាំ២០១៨។ លោកបន្ដថា៖ “ខ្ញុំសូមបញ្ជាក់ជូនថាក្រសួងនឹងរួមគ្នាបន្ដពង្រឹងកិច្ចសហការឲ្យកាន់តែជិតស្និតស្អិតរមួតថែមទៀតជាមួយគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីដោះស្រាយជាមួយគ្នារួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍមាតុភូមិរបស់យើង“។
ទោះជាយ៉ាងណាមន្ដ្រីកម្មវិធីសិទ្ធិដីធ្លីនៃសមាគមការពារសិទ្ធិមនុស្សអាដហុកលោក ឡាក់ គី មានប្រសាសន៍ថា តាមការកត់សម្គាល់កន្លងមក ប្រជាពលរដ្ឋជនជាតិដើមភាគតិចកំពុងប្រឈមនឹងការបាត់បង់ដីធ្លី ដោយសាររដ្ឋាភិបាលមិនទាន់កំណត់ព្រំដីឲ្យបានច្បាស់លាស់ ខណៈដែលមានក្រុមហ៊ុនបានទទូលដីសម្បទានសេដ្ឋកិច្ចអភិវឌ្ឍន៍នៅក្បែរនោះ។ លោកបន្ដថាសហគមន៍ជនជាតិដើមភាគតិចគ្មានស្ថិតិដីពួកគាត់ពិតប្រាកដនៅឡើយ ប៉ុន្ដែលោកថាមានជនជាតិដើមភាគតិចជាង១០០សហគមន៍ដែលពួកគាត់ទាមទារឲ្យចុះបញ្ជីដីធ្លីជាសមូហភាពសហគមន៍ដើម្បីសុត្ថិភាពដល់ដីពួកគេ។ លោកបន្ដថា៖ “គោលដៅមួយ យើងចង់ការពារដីធ្លីជនជាតិដើមភាគតិចហ្នឹងកុំឲ្យបាត់បង់ហិនហោចដូចយើងដឹងស្រាប់ហើយពីបរិបទដីធ្លីបច្ចុប្បន្ននេះកំពុងយាយីពីអ្នកខាងក្រៅទៅរឹបអូសពីអ្នកខាងក្រៅទៅរឹបអូសឬបំផ្លាញនូវទ្រព្យសម្បត្ដិជនជាតដើមភាគតិច“។
បើតាមនាយកប្រតិបត្ដិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជាគឺមានសហគមន៍ជាង៥០០នៅកម្ពុជា ដែលស្មើនឹងជនជាតិដើមភាគតិច២៧អំបូរ៕