ប្រមុខ​​ទ័ព​អាកាស​ទួគី​បដិសេធថាមិន​ជាប់​ពាក់​ព័ន្ធ​នឹង​រដ្ឋ​ប្រហារ

អាជ្ញាធរទួគីបាននិយាយថាប្រទេសនេះបានបណ្ដេញមន្ត្រីជិត៩ពាន់នាក់ចេញពីតំណែងនៅក្នុងប្រតិបត្តិការបង្ក្រាបរបស់ខ្លួនប្រឆាំងនឹងក្រុមអ្នកដែលត្រូវគេសង្ស័យថាជាអ្នករៀបចំផែនការរដ្ឋប្រហារ ខណៈដែលអតីតមេបញ្ជាការកងទ័ពអាកាសបានបដិសេធថាមិនបានរៀបចំផែនការធ្វើរដ្ឋប្រហារកាលពីចុងសប្ដាហ៍កន្លងមកនោះទេ។

ខណៈដែលក្រុមសម្ព័ន្ធមិត្តលោកខាងលិចបានបង្ហាញក្ដីបារម្ភថាក្រុងអង់ការ៉ាអាចដាក់ឲ្យអនុវត្តទោសប្រហារជីវិតឡើងវិញ ដើម្បីឆ្លើយតបទៅនឹងរដ្ឋប្រហារដ៏បង្ហូរឈាមកាលពីថ្ងៃសុក្រសប្ដាហ៍មុននោះ ឧត្ដមសេនីយ៍ Akin Ozturk បានបង្ហាញខ្លួននៅក្នុងតុលាការទាំងមានសភាពឈឺចាប់លើរាងកាយ។

ទីភ្នាក់ងារព័ត៌មានរដ្ឋទួគី Anadolu បានដកស្រង់សម្ដីរបស់លោកឧត្ដមសេនីយ៍រូបនេះ ហើយត្រូវបានទីភ្នាក់ងារព័ត៌មាន AFP ចុះផ្សាយបន្ត។ លោក Akin Ozturk បានប្រាប់ទៅរដ្ឋអាជ្ញាថាលោកមិនមែនបុគ្គលដែលរៀបចំផែនការឬដឹកនាំរដ្ឋប្រហារនោះទេ ហើយលោកក៏មិនបានដឹងថានរណារៀបចំនិងដឹកនាំរដ្ឋប្រហារនេះដែរ។

ប្រធានាធិបតីទួគី លោក តាយីប អឺដូហ្គេន បានប្ដេជ្ញាបោសសម្អាតមេរោគនៃរដ្ឋប្រហារនេះដែលប៉ុនប៉ងដណ្ដើមអំណាវពីលោកនិងបណ្ដាលឲ្យមនុស្សជាង៣០០នាក់ស្លាប់។

ប៉ុន្តែសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ បានព្រមានខ្លាំងៗអំពីការសងសឹកធ្វើឡើងដោយប្រធានាធិបតីទួគី ខណៈដែលអាជ្ញាធរប្រទេសនេះបានចាប់ខ្លួនមនុស្សជាច្រើនដែលត្រូវបានសង្ស័យថាជាអ្នករៀបចំផែនការធ្វើរដ្ឋប្រហារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ