យោធាកូរ៉េខាងត្បូងបាននិយាយថាកូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីលបាលីស្ទីក៣ដើមនៅព្រឹកថ្ងៃអង្គារនេះ ពោលគឺត្រឹមតែជាងមួយសប្ដាហ៍ក្រោយពីប្រទេសមួយនេះបានប្រកាសព្រមានសងសឹកចំពោះផែនការដាក់ពង្រាយខែលប្រឆាំងមីស៊ីលរបស់អាមេរិកនៅកូរ៉េខាងត្បូង។
ទីភ្នាក់ងារព័ត៌មាន AFP បានដកស្រង់សម្ដីអគ្គមេបញ្ជាការយោធាកូរ៉េខាងត្បូងដែលបានថ្លែងក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា គ្រាប់មីស៊ីលទាំងនោះត្រូវបានកូរ៉េខាងជើងបាញ់នៅព្រឹកថ្ងៃអង្គារនេះចេញពីភាគខាងកើតនៃទីក្រុងហ្វាងជូនិងហោះបានចម្ងាយប្រហែល៥០០ទៅ៦០០គីឡូម៉ែត្រចូលទៅសមុទ្រជប៉ុន។
ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថាចម្ងាយដែលគ្រាប់មីស៊ីលទាំងនោះអាចហោះបាននោះគឺវាអាចទៅដល់គ្រប់ផ្នែកនៃទឹកដីកូរ៉េខាងត្បូង ហើយយោធាកូរ៉េខាងត្បូងកំពុងតែតាមដានពីដំណើរវិវត្តន៍នៅកូរ៉េខាងជើង។
ភាពតានតឹងនៅឧបទ្វីបកូរ៉េបានកើនឡើងខ្ពស់ចាប់តាំងពីពេលក្រុងព្យុងយ៉ាងបានសាកល្បងគ្រាប់បែកនុយក្លេអ៊ែរលើកទី៤កាលពីខែមករាកន្លងមកនិងការបាញ់គ្រាប់មីស៊ីលជាបន្តបន្ទាប់ដែលក្រុមអ្នកវិភាគនិយាយថាកូរ៉េខាងជើងនឹងមានសមត្ថភាពវាយប្រហារទៅដល់ទឹកដីអាមេរិក។
កូរ៉េខាងជើងកាលពីសប្ដាហ៍មុនបានគំរាមវាយប្រហារសងសឹកវិញ បន្ទាប់ពីក្រុងវ៉ាស៊ីងតោននិងក្រុងសេអ៊ូល បានប្រកាសថា ពួកគេនឹងដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីលរបស់អាមេរិក ដើម្បីទប់ទល់ទៅនឹងការគំរាមកំហែងកាន់តែខ្លាំងពីសំណាក់ក្រុងព្យុងយ៉ាង៕












