តុលាការ​កំពូល​ហ្វីលីពីន​ដោះ​លែង​អតីត​ប្រធានាធិបតី​លោក​ស្រី អារីយ៉ូ

(រូបភាពពី Reuters)

តុលាការកំពូលប្រទេសហ្វលីពីននៅថ្ងៃអង្គារនេះបានសម្រេចទម្លាក់ចោលសំណុំរឿងប្រឆាំងនឹងអតីតប្រធានាធិបតីហ្វីលីពីនដ៏មានឥទ្ធិពលលោកស្រី ក្លូរៀ  ម៉ាកាប៉ាហ្កាល់ អារីយ៉ូ និងបញ្ជាឲ្យដោះលែងលោកស្រីភ្លាមៗ បន្ទាប់ពីស្ថិតក្រោមការឃុំខ្លួននៅមន្ទីរពេទ្យអស់រយៈពេល៥ឆ្នាំមកនោះ។

លោកស្រី អារីយ៉ូ អាយុ៦៩ឆ្នាំគឺជាមេដឹកនាំប្រទេសហ្វីលីពីនចាប់ពីឆ្នាំ២០០១ដល់ឆ្នាំ២០១០ ប៉ុន្តែរដ្ឋការរបស់លោកស្រីបានធ្លាក់ទៅក្រោមអំពើពុករលួយនិងការកេងប្រវ័ញ្ចយកប្រយោជន៍។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានដកស្រង់សម្ដីអ្នកនាំពាក្យតុលាការកំពូល លោក Theodore Te ដែលបានថ្លែងក្នុងសន្និសីទចាក់ផ្សាយតាមទូរទស្សន៍ថាក្រុមចៅក្រម១១រូបទល់នឹង៤រូបបានសម្រេចទម្លាក់ចោលករណីនេះដោយសារខ្វះខាតភស្តុងតាង។

លោកស្រី អារីយ៉ូ កាលពីដំបូងឡើយត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនក្រោមការចោទប្រកាន់ថាក្លែងបន្លំការបោះឆ្នោត ប៉ុន្តែនៅពេលក្រោយមកទៀត លោកស្រីត្រូវបានតុលាការចោទប្រកាន់ពីបទលួចថវិកាជាតិ៣៦៦លានប៉េសូឬ៧.៨២លានដុល្លារអាមេរិកនៅក្នុងមូលនីធិឆ្នោតជាតិ។

បើទោះបីជាប់ឃុំនិងជាប់បណ្ដឹងតាមផ្លូវច្បាប់ក្ដី លោកស្រី អារីយ៉ូ នៅតែជាបុគ្គលមានឥទ្ធិពលនៅក្នុងនយោបាយហ្វីលីពីន។ លោកស្រីបានជាប់ឆ្នោតជាសមាជិសភាជាថ្មីទៀតកាលពីខែឧសភាកន្លងមកនៅក្នុងរយៈពេល ៣អាណត្តិជាប់គ្នា។ ប៉ុន្តែលោកស្រីមិនដែលបានចូលរួមប្រជុំសភានោះឡើយ។

សេចក្ដីសម្រេចរបស់តុលាការនេះទទួលបានការស្វាគមន៍ពីប្រធានាធិបតីថ្មី លោក Rodrigo Duterte ដែលបាននិយាយថាលោកនឹងព្យាយាមដោះលែងលោកស្រី។

ទោះជាយ៉ាងណាលោកស្រី អារីយ៉ូ នៅតែប្រឈមមុខនឹងការស៊ើបអង្កេតនៅក្នុងករណីចោទប្រកាន់ថាលោកស្រីបានទទួលសំណូកជុំវិញកិច្ចព្រមព្រៀងផ្គត់ផ្គង់សេវាអ៊ិនធឺណិតតម្លៃ៣២៩លានដុល្លារជាមួយក្រុមហ៊ុនចិន ZTE Corp កាលពីឆ្នាំ២០០៧ ប៉ុន្តែលោកស្រីបានបដិសេធទៅនឹងការចោទប្រកាន់ទាំងអស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ