គ្រោះ​ថ្នាក់​រថយន្ត​ក្រុង​នៅ​តៃវ៉ាន់​សម្លាប់​​ភ្ញៀវ​ទេសចរ​ចិន​​២៤​នាក់

(រូបភាពពី Reuters)

អាជ្ញាធរតៃវ៉ាន់បាននិយាយថារថយន្តក្រុងទេសចរណ៍តៃវ៉ាន់មួយគ្រឿងដឹកអ្នកដំណើរមកពីប្រទេសចិនបានបើកទៅបុកនឹងបង្កាន់ដៃនៅតាមផ្លូវធំមួយទៅកាន់ព្រលានយន្តហោះនៅថ្ងៃអង្គារនេះ ហើយបានផ្ទុះឆេះដោយបានសម្លាប់មនុស្ស២៦នាក់ជិះនៅលើរថយន្តនោះ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានដកស្រង់សម្ដីអាជ្ញាធរតៃវ៉ាន់ដែលបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា រថយន្តក្រុងនោះដឹកភ្ញៀវទេសចរ២៤នាក់ដែលធ្វើដំណើរទេសចរណ៍រយៈពេល៨ថ្ងៃនៅកោះតៃវ៉ាន់។ អ្នកបើកបររថយន្តនិងមគ្គុទេសន៍ទេសចរណ៍ម្នាក់មកពីតៃវ៉ាន់ក៏បានស្លាប់នៅក្នុងគ្រោះថ្នាក់នោះផងដែរ។

អាជ្ញាធរតៃវ៉ាន់បានបញ្ជាក់ថាភ្លើងបានឆាបឆេះយ៉ាងលឿន បណ្ដាលឲ្យមនុស្សទាំង២៦នាក់ស្លាប់ទាំងអស់។ អ្នកដំណើរទាំងនោះកំពុងធ្វើដំណើរទៅព្រលានយន្តហោះតាវយន់ ទីក្រុងតៃប៉ិ ដើម្បីធ្វើដំណើរត្រឡប់ទៅចិនដីគោកវិញ។

តៃវ៉ាន់គឺជាកន្លែងទេសចរណ៍ដ៏ល្បីសម្រាប់ភ្ញៀវទេសចរចិនដីគោកដែលផ្ដល់នូវប្រភពចំណូលទេសចរណ៍ដ៏ធំសម្រាប់ដែនដីកោះមួយនេះ។ គ្រោះថ្នាក់ចរាចរណ៍នៅតៃវ៉ាន់ដែលពាក់ព័ន្ធនឹងភ្ញៀវទេសចរចិនដីគោកគឺជាបញ្ហាកម្រកើតមាន។

ចិនតែងតែចាត់ទុកកោះតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន ហើយជាច្រើនឆ្នាំមកហើយ ការធ្វើដំណើរទៅមករវាងដែនដីទាំងពីរនេះត្រូវបានរឹតបន្តឹង ប៉ុន្តែការផ្លាស់ប្ដូរភ្ញៀវទេសចរនឹងគ្នាត្រូវបានគេពង្រីកអស់រយៈពេលជាង២ទសវត្សរ៍មកហើយ ដោយជនជាតិចិនដីគោកជាច្រើនបានធ្វើដំណើរទៅទស្សនាដែនដីកោះប្រកាន់របបលទ្ធិប្រជាធិបតេយ្យមួយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ