គណបក្សប្រជាជនកម្ពុជាបានកំណត់ទិសដៅរបស់ខ្លួនថានឹងបន្តធ្វើឲ្យក្បាលម៉ាស៊ីនគណបក្សប្រឆាំងចុះខ្សោយ តាមរយៈជំរុញនីតិវិធីរបស់តុលាការទៅលើមន្រ្តីបក្សសង្រ្គោះជាតិ។
របាយការណ៍កម្រាស់១៦ទំព័រស្តីពីការកំណត់ទិសដៅភារកិច្ចសម្រាប់ឆមាសទី២ឆ្នាំ២០១៦ គណបក្សប្រជាជនកម្ពុជាដែលកំពុងគ្រប់គ្រងអំណាចបានលើកឡើងថាបក្សប្រឆាំងពេលនេះកំពុងមានវិបត្តិក្បាលម៉ាស៊ីនដឹកនាំ និងប្រឈមបញ្ហាផ្ទៃក្នុងជាច្រើន។
បក្សកាន់អំណាចឲ្យដឹងតាមរបាយការណ៍នោះទៀតថាទិសដៅនិងភារកិច្ចរបស់ខ្លួនគឺបន្តឲ្យបក្សប្រឆាំងកាន់តែចុះខ្សោយតាមរយៈបន្តនូវយុទ្ធសាស្ត្រលើកទឹកចិត្តឲ្យគណបក្សនយោបាយដទៃទៀតចូលរួមការបោះឆ្នោតឲ្យបានច្រើននិងជំរុញអនុវត្តនីតិវិធីរបស់តុលាការរាល់សកម្មភាពដែលគណបក្សនោះថាល្មើសច្បាប់របស់ថ្នាក់ដឹកនាំមន្ត្រីនិងសកម្មជនរបស់គណបក្សប្រឆាំង។
កន្លងទៅទាំងមជ្ឈជាតិនិងអន្តរជាតិមួយចំនួនបានចាត់ទុកថាវិធានការចាប់ខ្លួន មន្ត្រីសង្គមស៊ីវិល ចាប់ខ្លួនមន្ត្រី គ.ជ.ប មន្ត្រីបក្សប្រឆាំង និងការយាយីដល់មេបក្សប្រឆាំងលោក សម រង្ស៊ី និងលោក កឹម សុខា ពួកគេថាតុលាការជាឧបករណ៍នយោបាយរបស់បក្សកាន់ណាចក្នុងបំណងចង់រំលាយបក្សប្រឆាំងមុនការបោះឆ្នោតឆ្នាំ២០១៧និង២០១៨មកដល់បន្តគ្រប់គ្រងអំណាចបន្តទៀត។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានការពារខ្លឹមសារនៃរបាយការណ៍របស់គណបក្សខ្លួនថាមិនបានជ្រៀតជ្រែកដល់ប្រព័ន្ធយុត្តិធម៌ទេ។
លោកថា៖ «ក្នុងពេលប្រជុំគឺមានឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចូលរួម។ អញ្ចឹងទេ រដ្ឋមន្ត្រីយុត្តិធម៌គាត់មានភារកិច្ចស្នូលគាត់ មិនខុសច្បាប់ទេ ជំរុញឲ្យតុលាការអនុវត្តច្បាប់ត្រឹមត្រូវ ពុំមានបង្គាប់បញ្ជាឲ្យតុលាការឲ្យទៅកាត់ទោសអ្នកនេះ កាត់ទោសអ្នកនោះ ឲ្យជាប់ប៉ុន្មានៗឯណា អាហ្នឹងមិនជ្រែតជ្រែកចូលយុត្តាតិការរបស់តុលាការទេ អានេះវាជាឆន្ទានុសិទ្ធិរបស់តុលាការ»។
របាយការណ៍បញ្ជាក់ដែរថាគណបក្សប្រជាជនកម្ពុជានិងបន្តពង្រឹងឧបករណ៍អំណាចរបស់រដ្ឋជាពិសេសកងកម្លាំងប្រដាប់អាវុធនិងស្ថាប័នតុលាការដែលបក្សនោះថា ដើម្បីធានាការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាល និងការពារសេចក្តីសុខរបស់ប្រជាជន។
អ្នកនាំពាក្យគណបក្សប្រសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់ប្រាប់អ្នកគាំទ្រនិងអ្នកសារព័ត៌មាននៅព្រឹកនេះថាគណបក្សប្រឆាំងមួយនេះនៅតែរឹងមាំប្រកាន់គោលការណ៍មិនយកខ្មែរណាជាសត្រូវ ការពាររដ្ឋធម្មនុញ្ញ និងមិនទទួលខុសត្រូវទៅលើក្រុមណាមួយដែលធ្វើសកម្មភាពខុសច្បាប់នោះទេ។
លោកថា៖ «គោលដៅរបស់គណបក្សសង្គ្រោះជាតិបញ្ជាក់ជាថ្មីម្តងហើយម្តងទៀត គឺគោលដៅរបស់យើងគឺឆ្ពោះទៅរកការបោះឆ្នោតនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន»។
សកម្មជនរបស់បក្សប្រឆាំងជិត២០នាក់កំពុងជាប់ពន្ធនាគារក្នុងនោះរួមទាំងតំណាងរាស្ត្រពីររូបផងដែរ។ ចំណែកប្រធានគណបក្សលោក សម រង្ស៊ី កំពុងនីរទេស លោក កឹម សុខា កំពុងបន្តស្នាក់នៅក្នុងស្នាក់ការបក្ស បន្ទាប់ពីកម្លាំងរដ្ឋាភិបាលឆ្មក់ចាំមិនបានសម្រេចកាលពីថ្ងៃទី២៦ខែឧសភា។
បញ្ហានយោបាយនៅកម្ពុជានេះធ្វើឲ្យប្រទេសជាម្ចាស់ជំនួយមានសហភាពអឺរុបនិងសហរដ្ឋអាមេរិកផង គំរាមផ្តាច់ជំនួយដល់កម្ពុជា ដោយបារម្ភថានយោបាយនៅតែមានភាពផុយស្រួលប៉ះដល់ដំណើរការបោះឆ្នោតនាពេលខាងមុខ។
គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ គណបក្សទាំងពីរមិនទាន់បានមូលមតិគ្នាវិលទៅរកតុចរចាស្វែងរកដំណោះស្រាយនៅឡើយទេ បើទោះជាគណបក្សប្រឆាំងអះអាងថាខ្លួនបានទាក់ទងសុំចរចាច្រើនដងក៏ដោយ៕












