នាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ប្រកាសចុះធ្វើយុទ្ធនាការក្តាប់ស្ថានការណ៍នៅថ្នាក់ក្រោមជាតិ ខណៈមេបក្សប្រឆាំងលោក សម រង្ស៊ី បន្តនៅក្រៅប្រទេសគេចចេញពីការតាមចាប់របស់តុលាការ និងលោក កឹម សុខា ជាអនុប្រធានបន្តស្នាក់នៅក្នុងស្នាក់ការបក្ស ក្រោយពីមានការប៉ុនប៉ងតាមចាប់ខ្លួន។
ក្នុងកម្មវិធីមួយនៅខេត្តបាត់ដំបងនាថ្ងៃទី២១ខែកក្កដានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្យាយាមរំឭកពីស្នាដៃរបស់លោកថាកាលពីលោកឡើងកាន់អំណាចអំឡុងសង្គ្រាមស៊ីវិល លោកថាពេលនេះខេត្តបាត់ដំបង និងខេត្តមួយចំនួនទៀតបានប្រែក្លាយពីទីលានប្រយុទ្ធទៅជាតំបន់ផ្ទះល្វែងនិងអាគារទំនើបៗគួរឲ្យមោទនភាព។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ដើម្បីបន្តស្នាដៃនេះលោកនឹងចុះតាមដានសកម្មភាពមន្ត្រីក្រោមឱវាទរបស់លោកនៅតាមបណ្តាខេត្តនានា ដែលលោកថាដើម្បីឲ្យយន្តការទាំងនោះឆ្លើយតបនឹងតម្រូវការរបស់ម្ចាស់ឆ្នោត។
លោកថា៖ «ម្សិលមិញខ្ញុំព្រះករុណាខ្ញុំបាននិយាយថា បើសិនជាយើងមានអភិបាលខេត្ត អភិបាលស្រុក មានអភិបាលខណ្ឌ មានអភិបាលក្រុងល្អៗ វាជួយច្រើនណាស់ ហើយមិនចាំបាច់ឈឺក្បាលដល់នាយករដ្ឋមន្ត្រីច្រើនពេកទេ សង្ឃឹមថានៅទូទាំងប្រទេស យើងនឹងមានមន្ត្រីល្អៗដើម្បីនឹងបំរើរាស្ត្រពិតប្រាកដ។ ខ្ញុំព្រះករុណាខ្ញុំនឹងត្រូវធ្វើដំណើរ ដើម្បីពិនិត្យនូវបញ្ហាទាំងឡាយ ទាំងបញ្ហាជឿនលឿន និងបញ្ហាសេសសល់ ដែលត្រូវបន្តដោះស្រាយ ព្រោះវាជាងពាក់កណ្តាលអាណត្តិហើយ អញ្ចឹងត្រូវដើរពិនិត្យ ចាប់ផ្តើមពីខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាម ទៅកំពង់ធំ បន្ទាប់ទៅ ទៅខេត្តនានាជាបន្តទៀត»។
ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានសម្រេចនីរទេសខ្លួនទៅក្រៅប្រទេសម្តងទៀត កាលពីចុងឆ្នាំ២០១៥ ដែលគេគិតថាដើម្បីគេចចេញពីការតាមចាប់ខ្លួនរបស់តុលាការតាមបណ្តឹងចាស់របស់អតីតរដ្ឋមន្ត្រីក្រសួងការបរទេសលោក ហោ ណាំហុង។
ចំណែកអនុប្រធានគណបក្សលោក កឹម សុខា បានបន្តស្នាក់នៅក្នុងស្នាក់ការគណបក្សនៅសង្កាត់ចាក់អង្រែលើ តាំងពីថ្ងៃទី២៦ខែឧសភាឆ្នាំ២០១៦ ក្រោយពីសមត្ថកិច្ចតាមចាប់ខ្លួនលោកមិនបានសម្រេច។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គិមអេង លើកឡើងថារដ្ឋាភិបាលនឹងមិនទទួលបានជោគជ័យដូចការរំពឹងទុកទេ បើយុទ្ធនាការនេះ លោកនាយករដ្ឋមន្ត្រីស្តាប់តែការលើកឡើងពីមន្ត្រីនិងពិនិត្យតែទៅរបាយការណ៍ដែលបានព្រៀងទុក ដោយមិនសហការជាមួយសង្គមស៊ីវិលនោះ។
លោកថា៖ «បើចង់ឲ្យដំណើរការនៅបានល្អប្រសើរ ទាល់តែសម្តេចនាយករដ្ឋមន្ត្រីនោះ ជួបជាមួយនឹងក្រុមអង្គការសង្គមស៊ីវិលនិងប្រជាពលរដ្ឋ ហើយស្នើឲ្យប្រជាពលរដ្ឋហ្នឹងចូលរួមតាមដានជាពិសេសអ្វីដែលជាការអនុវត្តឆ្លើយតបទៅនឹងគោលនយោបាយអភិបាលកិច្ចនិងវិមជ្ឈការនៅថ្នាក់មូលដ្ឋានហ្នឹង ហើយអាចមានប្រព័ន្ធមួយរាយការទៅដល់សម្តេចនាយករដ្ឋមន្ត្រី ហើយសម្តេចនាយករដ្ឋមន្ត្រីអាចមានក្រុមមួយធ្វើការឆ្លើយតបទៅនឹងអនុសាសន៍ទាំងអស់ហ្នឹង ដើម្បីចាត់វិធានការមន្ត្រីថ្នាក់ក្រោមហ្នឹង ដើម្បីកុំឲ្យចេះតែរាយការណ៍អត់គិតនោះ បាទ»។
កន្លងទៅមេបក្សប្រឆាំងទាំងលោក សម រង្ស៊ី និងលោក កឹម សុខា តែចុះពង្រឹងសកម្មជននិងអ្នកគាំទ្រនៅថ្នាក់មូលដ្ឋានតាមបណ្តាខេត្តនានា ដែលគេសង្គេតឃើញថាពេលចុះជួបនោះ មេបក្សបក្សប្រឆាំងទាំងពីរទទួលបានការគាំទ្រច្រើនពីប្រជាជន។
ប៉ុន្តែមួយរយៈចុងក្រោយនេះទាំងលោក សម រង្ស៊ី និងលោក កឹម សុខា មិនមានវត្តមានចុះពង្រឹងសកម្មជនរបស់ខ្លួននៅថ្នាក់មូលដ្ឋានទេ តែសកម្មជនទាំងនោះបែរជាមកជួបមេដឹកនាំរបស់ខ្លួននៅក្នុងស្នាក់ការកណ្តាលរបស់គណបក្សទៅវិញ។
អ្នកវិភាគបាននិយាយថាគណបក្សប្រឆំាងកំពុងប្រឈមរូបភាពនយោបាយចង់បំបែកដៃគូឲ្យរលាយក្បាលម៉ាស៊ីនមុនការបោះឆ្នោតឆ្នាំ២០១៧និង២០១៨ បើទោះបីជាបក្សកាន់អំណាចធ្លាប់អះអាងថាចំណាត់ការនានាជាអំណាចតុលាការក៏ដោយ៕