វិភាគ៖ ខ្វះការលើកតម្កើងអ្នកការពារប្រយោជន៍សង្គមនឹងធ្វើឲ្យមនុស្សអាត្មានិយម

លោកបណ្ឌិត កែម ឡី នៅក្នុងកម្មវិធីមួយរបស់វីអូឌី កាលពីលោកនៅមានជីវិត។

នៅក្នុងសង្គមខ្មែរតាំងពីសម័យដើមរហូតដល់ពេលបច្ចុប្បន្នគឺមានអ្នកដែលហ៊ានលះបង់ពេលវេលា ទ្រព្យសម្បត្តិ ចំណេះដឹង និងអាយុវជីវិតរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីការពារផលប្រយោជន៍ជាតិ។ អ្នកលះបង់ទាំងនោះមានទាំងក្សត្រ អ្នកសិក្សារៀនសូត្រ មេទ័ព និងព្រះសង្ឃជាដើម។

អ្នកទាំងនោះត្រូវបានសង្គមឲ្យតម្លៃដោយចាត់ទុកជាវីរជនមានការសាងរូបសំណាក ការយកឈ្មោះដាក់សម្គាល់ទីតាំងភូមិសាស្ត្រលើអគាររបស់រដ្ឋនិងមហាវិធីសំខាន់ៗជាដើម។

នៅកម្ពុជាមានសាងរូបសំណាករូមមានព្រះបាទជ័យវរ្ម័នទី៧ សម្តេចសង្ឃរាជ ជួន ណាត សម្តេចសីហនុ និងការដាក់ឈ្មោះខេត្តព្រះសីហនុជាដើម។

មិនមែនមានតែសង្គមខ្មែរទេដែលមានការកត់ត្រា ចារឆ្លាក់ឈ្មោះ ឬសាងរូបសំណាកវីរជនសម្រាប់ឲ្យកូនចៅជំនាន់ក្រោយគោរពបូជានោះគឺប្រទេសនានាក៏មានការកត់ត្រានិងសាងរូបវីរជនរបស់ពួកគេដូចគ្នា។ ជាក់ស្តែងមេដឹកនាំបដិវត្តន៍វៀតណាមលោក ហូ ជីមិញ ដែលស្លាប់តាំងពីឆ្នាំ១៩៦៩មកគឺពលរដ្ឋវៀតណាមបានតម្កល់ទុកក្នុងទូរកញ្ចក់រហូតដល់បច្ចុប្បន្ន។

ចំណែកសាកសពរបស់កងទ័ពវៀតណាមដែលចូលវាយរំលំរបបខ្មែរតាំងពីឆ្នាំ១៩៧៩ហើយស្លាប់ ត្រូវកប់ទុកក្នុងដីខ្មែរនោះ ក៏វៀតណាមនៅបន្តកាយយកឆ្អឹងឬអដ្ឋិធាតុកងទ័ពខ្លួនរហូតដល់បច្ចុប្បន្ន ដើម្បីយកទៅប្រទេសកំណើតពួកគេវិញដែរ។

ចុះហេតុអ្វីបានជាជាតិសាសន៍នីមួយៗត្រូវកសាងរូបសំណាកឬត្រូវចងចាំនូវគុណសម្បត្តិវីរបុរសរបស់ពួកគេ?
ការលើកតម្កើងវីរជនឬអ្នកហ៊ានលះបង់គឺជាមោទនភាពរបស់ជាតិសាសន៍មួយ ឧទាហរណ៍ដូចខ្មែរមានមោទនភាពចំពោះដូនតាសម័យអង្គរជាដើម។ ហើយអ្វីដែលសំខាន់ទៀតនោះ គឺការជំរុញលើកទឹកចិត្តឲ្យមនុស្សចេះស្រលាញ់សង្គម ចង់បន្សល់ទុកស្នាដៃល្អៗ និងហ៊ានលះបង់អ្វីគ្រប់យ៉ាងដើម្បីសង្គម។

ទោះយ៉ាងណាមានការលើកឡើងថានៅមួយរយៈកាលចុងក្រោយនេះមិនសូវមានលើកតម្កើងពីវីរភាពចំពោះអ្នកដែលហ៊ានលះបង់ដើម្បីការពារផលប្រយោជន៍សង្គមជាតិឬផលប្រយោជន៍មហាជននោះទេ។

លោក ឈុត វុទ្ធី អ្នកការពារព្រៃឈើត្រូវគេបាញ់សម្លាប់ដោយសារការបំពេញការងារនៅឆ្នាំ២០១២ លោក ជា វិជ្ជា អ្នកការពារសិទ្ធិកម្មករស្លាប់ដោយសារការបំពេញការងារ២០០៤ និងលោក គង់ ប៊ុនឈឿន កវីនិពន្ធស្នាដៃជាច្រើនបន្សល់ទុកឲ្យកូនខ្មែរដែលទើបទទួលមរណភាពកាលពីខែមេសាឆ្នាំ២០១៦នេះ គឺពីស្រទាប់សាធារណជនហាក់សម្តែងការសោកស្តាយតែមួយពេលនៃការស្លាប់នោះក៏រសាយទៅវិញ ហើយមិនមានការគត់ត្រាឬសាងរូបសំណាកណាដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំងនោះទេ។

ដោយសារតែការចាប់អារម្មណ៍របស់មហាជនហាក់ដូចកើតឡើងតែមួយឆាវៗនោះនាំឲ្យអ្នកធ្វើការងារសង្គមមួយចំនួនព្រួយបារម្ភថាវីរជនដែលហ៊ានលះបង់ដើម្បីជាតិទទួលមរណភាពដោយសារជំងឺឬរងការបាញ់សម្លាប់នោះនឹងត្រូវយុវជនភ្លេចតែក្នុងរយៈពេលខ្លីពី១០ទៅ១៥ឆ្នាំតែប៉ុណ្ណោះ។

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក វន់ ពៅ ចូលបម្រើការងារជាអ្នកការពារផលប្រយោជន៍កម្មករកាត់ដេរ ការពារអ្នកលក់ដូរតាមចិញ្ចើញថ្នល់ ទាមទារសិទ្ធិសេរីភាពបញ្ចេញមតិរយៈពេល១៨ឆ្នាំមកនេះមានប្រសាសន៍ថាទាំងសាធារណជនក៏ដូចជារដ្ឋាភិបាលហាក់មិនសូវឲ្យតម្លៃអ្នកហ៊ានលះបង់ដើម្បីផលប្រយោជន៍រួមទេ។ សកម្មជនសង្គមរូបនេះធ្លាប់ត្រូវកម្លាំងសន្តិសុខកម្លាំងសមត្ថកិច្ចវាយឲ្យរងរបួសធ្ងន់ដែលពេលខ្លះរបួសនោះរើឡើងវិញផង ហើយលោកក៏ធ្លាប់ជាប់ពន្ធនាគារផងដែរដោយសារការបំពេញការងារ។

លោក វន់ ពៅ ថ្លែងថាសាធារណជនហាក់ចាប់អារម្មណ៍លើរូបលោកក៏ដូចជាសកម្មជនលះបង់ដើម្បីសង្គមផ្សេងទៀត តែមួយពេលៗ។ លោកថាបើសង្គមមិនឲ្យតម្លៃអ្នកហ៊ានលះបង់នោះ មនុស្សជំនាន់ក្រោយក៏ឈប់លះបង់ក្លាយជាមនុស្សអាត្មានិយម នោះជាតិនឹងមានគ្រោះថ្នាក់។ លោកបន្តាថា៖ “ដោយសារតែមិនមានការឲ្យតម្លៃលើអ្នកលះបង់ដើម្បីសង្គមហ្នឹងហើយ បានជានគរចម្បារមួយត្រូវបានបាត់បង់ ខ្មែរកម្ពុជាក្រោមជាទឹកដីខ្មែរ តែខ្មែរក្លាយជាជនជាតិដើមភាគតិចរស់នៅលើដីខ្លួនឯង ដោយសារខ្មែរយើងហ្នឹង អត់ចេះថែរក្សាការពារអ្នកហ៊ានលះបង់ដើម្បីសង្គម”។

សាស្ត្រាចារ្យនយោបាយលោក សាមិន្ទ ចម្រើនជ័យ មានប្រសាសន៍ថាដោយសារតែហេតុផលនយោបាយឬផលប្រយោជន៍ក្រុម ទើបធ្វើឲ្យសង្គមខ្មែរបច្ចុប្បន្នបែងចែកវីរជនទៅតាមក្រុមផ្សេងៗគ្នាដូចជាក្រុមបក្សកាន់អំណាច សង្គមស៊ីវិល និងអ្នកការពារបរិស្ថានជាដើម។

នឹកដល់អ្នកលះបង់ លោក សាមិន្ទ ចម្រើនជ័យ ក៏នឹកដល់លោក កែម ឡី អ្នកប្តូរជីវិតដើម្បីលាតត្រដាងការពិតក្នុងសង្គម ទើបទទួលរងការបាញ់សម្លាប់នៅពេលថ្មីៗនេះ។ លោកថាមហាជនត្រូវលើកតម្លៃអ្នកវិភាគរូបនេះ ដើម្បីឲ្យយុវជនជំនាន់ក្រោយខិតខំការងារដើម្បីផលប្រយោជនជាតិដែរ។

និស្សិតរៀនផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យខេមរៈ លោក សម្បត្តិ ស៊ីណា មានប្រសាសន៍ថាបើសិនជាមហាជនឲ្យតម្លៃអ្នកដែលហ៊ានលះដើម្បីជាតិនោះ រូបលោកផ្ទាល់ជាយុវជនក៏ដូចជាយុវជនផ្សេងៗទៀតនឹងមិនខ្លាចលះបង់ដើម្បីសង្គមជាតិទេ។ យុវជនរូបនេះស្នើឲ្យមានការឲ្យងារលោក កែម ឡី ជាវីរបុរសរបស់ជាតិ៖ “ឲ្យតម្លៃដោយយើងគួរតែស្នើទៅព្រះមហាក្សត្រឲ្យជួយតម្លៃជាបណ្ឌិតបញ្ញវន្តជាន់ខ្ពស់នៅកម្ពុជា ដើម្បីឲ្យយុវជនជំនាន់ក្រោយក៏ដូចជាបញ្ញាវន្តជំនាន់ក្រោយគាត់លើកទឹកចិត្តខ្លួនឯង”។

ក្រោយហេតុការណ៍បាញ់សម្លាប់លោក កែម ឡី កាលពីថ្ងៃទី១០ខែកក្កដា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គណបក្សនយោបាយផ្សេងៗ មហាជន សហគមន៍អន្តរជាតិបានសម្តែងការសោកស្តាយនិងថ្កោលទោសចំពោះការបាញ់សម្លាប់។ ប៉ុន្តែក្នុងរយៈពេលតម្កល់សពលោក កែម ឡី ១០ថ្ងៃមកនេះធ្វើបុណ្យនៅវត្តចាស់គឺមានតែមហាជនជាតិនិងអន្តរជាតិប៉ុណ្ណោះ ដែលចាត់ទុកលោក កែម ឡី ជាវីរជនហើយដង្ហែផ្កាយកទៅដាក់រាល់ថ្ងៃ ចំណែករដ្ឋាភិបាលហាក់មិនបានខ្នះខ្នែងក្នុងការជួយរៀបចំបុណ្យនេះទេ ប្រហែលជាដូចការលើកឡើងរបស់លោក សាមិន្ទ ចម្រើនជ័យ ហើយគឺលោក កែម ឡី ជាវីរជនរបស់មហាជន តែមិនមែនជាវីរជនរបស់រដ្ឋាភិបាលទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ