ពលរដ្ឋ​អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ទីតាំង​ផ្សេង​ពី​អាសយ​ដ្ឋាន​ក្នុង​អត្តសញ្ញាណប័ណ្ណ

គ.ជ.ប

ប្រជាពលរដ្ឋដែលស្នាក់នៅផ្សេងពីអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណ អាចចុះឈ្មោះបោះឆ្នោតនៅកន្លែងដែលខ្លួនកំពុងសា្នក់នៅដោយគ្រាន់តែភ្ជាប់នឹងឯកសារមួយចំនួន។ នេះជាការបញ្ជាក់របស់ គ.ជ.ប។

ការចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នឹងចាប់ផ្តើមពីថ្ងៃទី១ខែកញ្ញា។ ប្រជាពលរដ្ឋខ្មែរដែលមានអាយុគ្រប់១៨ឆ្នាំឡើងទៅគិតដល់ថ្ងៃបោះឆ្នោត មានអត្តសញ្ញាណប័ណ្ណសញ្ជតិខ្មែរប្រភេទថ្មីឬចាស់ដែលមានអាសយដ្ឋានដូចគ្នានឹងលំនៅឋានឬទីសំណាក់ដែលសាមីខ្លួនសុំចូលឈ្មោះគឺអាចសុំចុះឈ្មោះបោះឆ្នោតបាន។ ចំពោះករណីដែលមានអត្តសញ្ញាណប័ណ្ណខុសពីអាសយដ្ឋានស្នាក់នៅ ប្រជាពលរដ្ឋត្រូវភ្ជាប់ជាមួយនឹងឯកសារច្បាប់ដើមមួយចំនួនដើម្បីចុះឈ្មោះបោះឆ្នោតបាន។

ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី១៨ ខែកក្កដា របស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ឲ្យដឹងថាប្រជាពលរដ្ឋដែលមានទីស្នាក់នៅផ្សេងពីអត្តសញ្ញាណប័ណ្ណ ត្រូវភ្ជាប់នឹងសៀវភៅស្នាក់នៅឬសៀវភៅគ្រួសារច្បាប់ដើមឬសាក្សីម្នាក់ផងករណីមិនមានច្បាប់ដើម។

សេចក្តីជូនដំណឹងបន្ថែមថា៖ ប្រសិនបើពលរដ្ឋមានអត្តសញ្ញាណប័ណ្ណខ្មែរហើយ តែអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណផ្សេងពីលំនៅស្ថាន ឬផ្សេងពីទីដែលសាមីខ្លួនសុំចុះឈ្មោះ ត្រូវនាំមកជាមួយនូវសៀវភៅស្នាក់នៅច្បាប់ដើម ឬសៀវភៅគ្រួសារច្បាប់ដើមដែលមានបញ្ជាក់ការស្នាក់នៅក្នុងឃុំ សង្កាត់នោះ។ …ករណីដែលគ្មានសៀវភៅស្នាក់នៅច្បាប់ដើមឬ សៀវភៅគ្រួសារច្បាប់ដើម អ្នកសុំចុះឈ្មោះត្រូវនាំសាក្សីមួយរូបដែលមានសិទ្ធបោះឆ្នោតក្នុងឃុំឬសង្កាត់ ដើម្បីសុំលិខិតបញ្ជាក់ទីលំនៅ”។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ឲ្យដឹងថាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអាចចុះឈ្មោះបោះឆ្នោតនៅឃុំ-សង្កាត់ដែលខ្លួនកំពុងរស់នៅឬធ្វើការដោយមានការបញ្ជាក់ត្រឹមត្រូវពីអាជ្ញាធរឃុំ-សង្កាត់។

លោកមានប្រសាសន៍ថា៖អត់មានលំនៅផ្ទាល់ខ្លួនក៏អាចចុះឈ្មោះបានដែរសំខាន់គឺសុំលិខិតទីលំនៅហ្នឹង ទាល់តែជាក់ស្តែងដែរ ឧទាហរណ៍ថាអាជ្ញាធរឃុំគេដឹងថាយើងជួល រស់នៅផ្ទះហ្នឹងអត់ មិនមែនចេះតែបង្កើតឯកសារដើម្បីឲ្យតែបានចុះឈ្មោះនោះទេ

ចំពោះប្រជាពលរដ្ឋខ្មែរដែលគ្មានអត្តសញ្ញាណប័ណ្ណត្រូវទៅបង្ហាញខ្លួនដោយផ្ទាល់ចំពោះមុខអាជ្ញាធរឃុំ-សង្កាត់ ដើម្បីសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការចុះឈ្មោះបោះឆ្នោត។

បើតាម គ.ជ.ប អ្នកមានសិទ្ធិបោះឆ្នោតសម្រាប់អាណត្តិទី៦អាចឡើងដល់ជាង១០លាននាក់។ បញ្ជីឈ្មោះបោះឆ្នោតនិងកំណែទម្រង់ គ.ជ.ប ត្រូវបានជួយគាំទ្រដោយសហភាពអឺរ៉ុបនិងប្រទេសជប៉ុនតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីចុះឈ្មោះការបោះឆ្នោត។

គួររបញ្ជាក់ថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានកំណត់រយៈពេល៣ខែសម្រាប់ចុះឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ចាប់ផ្តើមពីថ្ងៃទី១ខែកញ្ញាដល់ថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៦ ហើយការបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ