ក្រុមគ្រួបង្រៀនបម្រើការងារនៅវិទ្យាស្ថានពហុបច្ចេកទេសរបស់រដ្ឋក្នុងខេត្តព្រះសីហនុចោទនាយិការនិងនាយករងនៃវិទ្យាស្ថាននេះថា ដឹកនាំបែបបក្ខពួកនិងគ្រួសារនិយម។
លិខិតចុះថ្ងៃទី១៦ខែមិថុនា២០១៦ដែលវីអូឌីទើបទទួលបានថ្ងៃនេះគឺក្រុមគ្រួបង្រៀនបម្រើការងារនៅវិទ្យាស្ថានពហុបច្ចេកទេសក្នុងខេត្តព្រះសីហនុចំនួន១៦នាក់បានផ្តិតមេដៃផ្ញើទៅរដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវីជ្ជាជីវៈ លោក អ៊ិត សំហេង ឲ្យមានចំណាត់ការលើនាយិការលោកស្រី នាក់ ណារិទ្ធ និងនាយករងលោក ភេង នី ដោយចោទថាដឹកនាំបែបបក្សពួកនិងគ្រួសារនិយម។
គ្រូបង្រៀនផ្នែកឯកទេសសំណង់ស៊ីវិល លោក មុយ ឆេងមឿន ប្រាប់វីអូឌីថានាយិការលោកស្រី នាក់ ណារិទ្ធ និងនាយករងលោក ភេង នី ជាប្តីប្រពន្ធគ្នានិងមានកូនក្មួយធ្វើការងារនៅវិទ្យាស្ថាននេះថែមទៀត។
លោកបញ្ជាក់ថា ការដឹកនាំរបស់ប្តីប្រពន្ធពីរនាក់នោះគឺមិនមានតម្លាភាពទេ តែងតែដាក់សម្ពាធការងារមកលើក្រុមគ្រូបង្រៀនឬមន្រ្តីណាដែលមិនមែនជាបក្សពួករបស់ខ្លួន ដោយធ្វើការរិតត្បិតសេរីភាពការងារ ការបញ្ចេញមតិ លាបពណ៌ រើសអើង ការជេរប្រមាថមកលើបុគ្គលិកជាដើម។ លោកបន្ថែមថា៖ “ផលលំបាក់នោះគឺគាត់ផ្តល់ការងារមិនមានតម្លាភាព គាត់មិនផ្តល់តម្លៃឲ្យបុគ្គលិកសោះ រាល់ការបញ្ចេញមតិយោបល់ហ្អី គឺអត់មានប្រសិទ្ធិភាព គាត់មិនទទួលយកទាំងអស់ គាត់ទទួលយកតែបក្ខពួកនិងក្រុមគ្រួសារគាត់”។
លោក មុយ ឆេងមឿន បន្ថែមថាថ្មីៗនេះនាយិការនិងនាយករងរូបនោះបានតែងតាំងសាច់ញាត្តិឈ្មោះលោក ភី សួស្តី ជាមន្រ្តីទទួលបន្ទុកការិយាល័យគណនេយ្យនិងបានតែងតាំងកូនស្រីបង្កើតឈ្មោះ ឃឹម ច័ន្ទធីតា ជាមន្រ្តីការិយាល័យរដ្ឋបាល។
លោក មុយ ឆេងមឿន បញ្ជាក់ថាកន្លងមកក្រុមគ្រូបង្រៀននោះធ្លាប់ប្តឹងករណីនេះទៅក្រសួងការងារនិងបណ្តុះ បណ្តាលវិជ្ជាជីវៈដែរ ប៉ុន្តែរហូតមកដល់ថ្ងៃនេះលោកអះអាងថាក្រសួងមិនទាន់ចុះដោះស្រាយនៅឡើយទេ។
នាយករងនៃវិទ្យាស្ថានវិទ្យាស្ថានពហុបច្ចេកទេស លោក ភេង នី បានច្រានចោលការចោទប្រកាន់នេះ។ លោកប្រាប់វិអូឌីនៅថ្ងៃពុធនេះដែរថា ការចោទប្រកាន់នោះជាការបំភ្លើសការពិត។
លោកថាក្រុមគ្រូបង្រៀនដែលប្តឹងនាយិការនិងរូបលោកនោះទេជាអ្នកធ្វើខុសបទបញ្ជាផ្ទៃក្នុងរបស់សាលា ដោយលោកអះអាងថាអ្នកទាំងនោះអសកម្មការងារយកម៉ោងការងាររដ្ឋទៅធ្វើការងារផ្ទាល់ខ្លួន ហើយទទួលប្រាក់ខែដូចបុគ្គលិកមកធ្វើធម្មតា។ លោកថានៅពេលខាងវិទ្យាស្ថានរឹតបន្តឹងធ្វើការព្រមានស្តីបន្ទោស បែរជាចោទថា ថ្នាក់ដឹកនាំវិទ្យាស្ថានរិតត្បិតនិងបក្ខពួកនិយមទៅវិញ។
លោកបន្ថែមថា៖ “ពួកគាត់(ក្រុមគ្រូបង្រៀន)មកធ្វើការមួយឆ្នាំអវត្តមានជាង១០០ហ្អី ដល់ពេលយើងអនុវត្តតាមអនុក្រឹត្សរបស់រដ្ឋាភិបាលស្តីពីការគ្រប់គ្រងវត្តមានមន្រ្តីរាជការពួកគាត់មិនសប្បាយចិត្តចោទថាយើងដឹកនាំមិនល្អបក្សនិយម”។
វិអូឌីមិនទាន់អាចសួរអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ជុំវិញករណីនេះបាននៅឡើយទេ ដោយទូរស័ព្ទច្រើនដងតែមិនមានអ្នកទទួល។
គួរបញ្ជាក់ថាវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុនេះមានបង្រៀនជួលជុលម៉ូតូ បណ្តុះផ្សិតផ្នែកកសិកម្ម(ដាំបន្លែ) សំណង់ អគ្គិសនី រថយន្ត និងគ្រឿងអេឡិចត្រូនិចជាដើម ដែលមានបុគ្គលិកបំរើការងារប្រមាណ៥០នាក់៕