Fresh News ថា នាយករដ្ឋមន្ត្រី​សម្រេច​ប្ដឹង​ប្រឆាំង​សមាជិក​ព្រឹទ្ធសភា​បក្សប្រឆាំង​មួយ​រូប​ទៀត​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពីពេល​កន្លង​មក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចដាក់ពាក្យប្ដឹងប្រឆាំងនឹងសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី លោកស្រី ថាក់ ឡានី ដែលបានលើកឡើងថា លោកនាយករដ្ឋមន្ត្រីមានជាប់ពាក់ព័ន្ធនឹងឃាតកម្មលើអ្នកស្រាវជ្រាវសង្គម និងជាអ្នកវិភាគនយោបាយ លោកបណ្ឌិត កែម ឡី។

នៅក្នុងឃ្លីបវីដេអូមួយបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី បានថ្លែងនៅក្នុងវេទិកាតូចមួយជាមួយប្រជាពលរដ្ឋ ដោយពុំបានបញ្ជាក់ពីទីតាំង និងពេលវេលាច្បាស់លាស់នោះឡើយ។

សមាជិកព្រឹទ្ធសភារូបនេះ បានថ្លែងថា៖ «ឥឡូវហ្នឹង ហ៊ុន សែន មិនដឹងគិតយ៉ាងម៉េចទៀតទេ។ នៅមិននៅ ចុះឡើងៗ ទៅបាញ់លោក កែម ឡី អ្នកវិភាគនយោបាយ ដែលគាត់លើកឡើងពីទិដ្ឋភាព ហ៊ុន សែន ពុករលួយ កូនចៅពុករលួយ សល់លុយប៉ុន្មានលាននៅទីណា។ ឯកសារ Global Witness មានទាំងអស់»។

វេបសាយ Fresh News ដែលបានអះអាងថា បានសម្ភាសជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ បានផ្សាយថា លោកនាយករដ្ឋមន្ត្រី បានសម្រេចប្ដឹងប្រឆាំងនឹងសមាជិកព្រឹទ្ធសភារូបនេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានដកស្រង់សម្ដីដោយ Fresh News ថា៖ «ពាក្យបណ្ដឹងនឹងធ្វើឡើងនៅពេលឆាប់ៗនេះ ហើយសម្រាប់សមាជិកព្រឹទ្ធសភារូបនេះ មិនពិបាកនោះទេ សម្រាប់ការប្ដឹង និងបោះឆ្នោតអភ័យឯកសិទ្ធិ ដោយហេតុថា សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា មានសំឡេងលើសពី ២ភាគ៣»។

ទោះជាយ៉ាងណា វីអូឌីមិនទាន់អាចស្វែងរកការបកស្រាយពីសមាជិកព្រឹទ្ធសភា លោកស្រី ថាក់ ឡានី បាននៅឡើយទេនៅថ្ងៃសៅរ៍នេះ។

លោកបណ្ឌិត កែម ឡី ដែលជាអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាពនោះ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ កាលពីថ្ងៃទី១០ ខែកក្កដា នៅក្នុងម៉ាតម្ដុំស្តុបបូកគោក ក្នុងរាជធានីភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ