លោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ ស្ថាបនិក និងជាប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានស្នើឲ្យក្រសួងសុខាភិបាលកម្ពុជា រៀបចំការប្រឡងត្រួតពិនិត្យទៅលើវេជ្ជបណ្ឌិត ដែលកំពុងប្រកបវិជ្ជាជីវៈនៅតាមបណ្ដាគ្លីនិកឯកជន។
យោងតាមលិខិតចំហរមួយច្បាប់ ដែលត្រូវបានបង្ហោះនៅក្នុងទំព័រហ្វេសប៊ុករបស់គាត់ នៅថ្ងៃអាទិត្យនេះ លោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ បាននិយាយថា៖ «ក្នុងនាមខ្ញុំជាទីប្រឹក្សានៃក្រសួងសុខាភិបាល ខ្ញុំសូមសំណូមពរដល់ក្រសួងសុខាភិបាល គិតគូររៀបចំការប្រឡងត្រួតពិនិត្យចំពោះវេជ្ជបណ្ឌិត ដែលកំពុងប្រកបវិជ្ជាជីវៈនៅគ្លីនិកឯកជន»។
លោកក៏បានស្នើឲ្យក្រសួងបិទគ្លីនិកឯកជនទាំងនោះ ប្រសិនបើវេជ្ជបណ្ឌិតប្រកបវិជ្ជាជីវៈនៅតាមគ្លីនិកឯកជនទាំងនោះ ពុំមានសមត្ថភាពប្រឡងជាប់ការត្រួតពិនិត្យនេះទេ។
លោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ បានអំពាវនាវដូច្នេះ បន្ទាប់ពីមន្ទីរពេទ្យគន្ធបុប្ផា បានរកឃើញថា កុមារចំនួន ៤៤៧នាក់ បានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់លោក នៅក្នុងថ្ងៃសៅរ៍ម្សិលមិញ ក្នុងនោះកុមារចំនួន ១៤៦នាក់ មានជំងឺធ្ងន់ធ្ងរបំផុត។
លោកបញ្ជាក់ថា កុមារទាំងនោះ មានជំងឺគ្រុនឈាម និងជំងឺរលាកខួរក្បាល ហើយពួកគេពុំត្រូវបានគេព្យាបាលឲ្យបានត្រឹមត្រូវនោះឡើយ។
លោកនិយាយថា៖ «នៅយប់ថ្ងៃសៅរ៍ ទី៣០ឆ្លងចូលថ្ងៃអាទិត្យ ទី៣១ ខែកក្កដា មានកុមារឈឺធ្ងន់ធ្ងរបំផុតចំនួន ១៤៦នាក់ មកពីគ្លីនិកឯកជន និងមន្ទីរពេទ្យបង្អែកមួយចំនួន ត្រូវបានគេបញ្ជូនមកកាន់មន្ទីរពេទ្យគន្ធបុប្ផា»។
លោកវេជ្ជបណ្ឌិតរូបនេះ បានបញ្ជាក់បន្ថែមថា មន្ទីរពេទ្យគន្ធបុប្ផា បានចំណាយថវិកាយ៉ាងច្រើនទៅលើការព្យាបាលកុមារទាំងនោះ បន្ទាប់ពីគ្លីនិកទាំងនោះ ពុំបានធ្វើរោគវិនិច្ឆ័យ និងព្យាបាលត្រឹមត្រូវនោះឡើយ ដោយលោកថា គ្លីនិកឯកជនទាំងនោះ ព្យាបាលយូរថ្ងៃពេក ដើម្បីតែប្រាក់ប៉ុណ្ណោះ៕