បរិវេណមួយដែលជាទីស្នាក់អាស្រ័យរបស់ក្រុមមន្ត្រីជាប់កិច្ចសន្យាបរទេសនៅទីក្រុងកាប៊ុលបានរងការវាយប្រហារពីពួកសកម្មប្រយុទ្ធតាលីបង់។
សារព័ត៌មាន BBC បានផ្សាយថាសំឡេងបំផ្ទុះដ៏ខ្លាំងមួយបានបន្លឺឡើងនៅទីក្រុងកាប៊ុលនៅម៉ោងប្រហែល១កន្លះយប់ឈានចូលព្រឹកថ្ងៃចន្ទនេះ។
សេចក្ដីរាយការណ៍នានាបាននិយាយថាការបំផ្ទុះនោះកើតចេញពីរថយន្តផ្ទុះរំសេវមួយនៅបរិវេណ North Gate ហើយពួកតាលីបង់បាននិយាយថាពួកសកម្មប្រយុទ្ធរបស់ពួកគេជាច្រើននាក់បានប្រយុទ្ធនៅក្នុងបរិវេណនោះ។
ប៉ូលិសបានបាញ់ទៅលើពួកវាយប្រហារដោយប៉ូលិសម្នាក់និងពួកបះបោរម្នាក់បានស្លាប់។
ប៉ូលិសម្នាក់ទៀតត្រូវបានគេរាយការណ៍ថាបានរងរបួស។
North Gate គឺជាបរិវេណមានការការពារយ៉ាងរឹងមាំហើយធ្លាប់ទទួលរងការវាយប្រហារពីពួកសកម្មប្រយុទ្ធកាលពី៣ឆ្នាំមុន។
អគ្គិសនីនៅផ្នែកខ្លះនៃទីក្រុងកាលប៊ុលត្រូវបានកាត់ផ្ដាច់មួយរយៈពេលខ្លីបន្ទាប់ពីការបំផ្ទុះនោះ។
កាលពីសប្ដាហ៍មុនជនវាយប្រហារគ្រាប់បែកអត្តឃាត២នាក់ដែលមានទំនាក់ទំនងនឹងក្រុមរដ្ឋអ៊ីស្លាមបានសម្លាប់មនុស្ស៨០នាក់និងបង្កឲ្យមនុស្ស២៣០នាក់ទៀតរងរបួសនៅទីក្រុងកាប៊ុល៕