លិខិតមិត្តអ្នកអាន៖ យុទ្ធសាស្ត្រ​ទប់​ទល់​នឹង​ឃាតកម្ម​នយោបាយ​៖ ហេតុ​អ្វី​ពល​រដ្ឋ​ត្រូវ​ធ្វើយុទ្ធនាការ​ដោយ​យក​លោក​ កែម​ ឡី​ ធ្វើ​ជា​បុគ្គល​និមិត្តរូប​? (ភាគបញ្ចប់)

លោកបណ្ឌិត កែម ឡី នៅក្នុងកម្មវិធីមួយរបស់វីអូឌី កាលពីលោកនៅមានជីវិត។

ង. ស្វែងយល់ពីបំណងរបស់អ្នកបញ្ជាឃាតកនិងរចនាតាក់ទិចប្រឆាំងនឹងបំណងទាំងនោះ

ដើម្បីដឹងពីគោលបំណងនៃអ្នកបញ្ជាឃាតក គេត្រូវឈ្វេងយល់ពីសារជាតិនៃឃាតកម្ម បើជាឃាតកម្មនយោបាយ គោលបំណងត្រូវតែមានលក្ខណៈនយោបាយនិងអាចប្រឆាំងបានតាមតាក់ទិចនយោបាយ។ សម្លាប់នៅទីសាធារណៈដែលជនរងគ្រោះឧស្សាហ៍ទៅ គឺចង់ឱ្យសាធារណជនឃើញ ឃើញដើម្បីឱ្យពួកគេទទួលបានសារគំរាមសម្លុត និងបង្ហាញថាអ្នកបញ្ជាឃាតកមានអំណាចគ្រប់គ្រាន់អាចតាមដានសកម្មភាពជនរងគ្រោះ ដឹងថាគាត់និយាយអ្វីខ្លះ ធ្វើអ្វីខ្លះ បង្កប់សារថា គេអាចឃ្លាំមើលនិងសម្លាប់អ្នកដទៃទៀតដូចគ្នា បើគេចង់ និងបើអ្នកនោះឯងធ្វើសកម្មភាពដូចជនរងគ្រោះ ហើយអ្នកបញ្ជានោះមិនខ្លាចជាប់ទោសទេក៏មិនខ្លាចប្រព័ន្ធយុត្តិធម៌ដែរ។ មិនសំខាន់ត្រង់គោលបំណងរបស់អ្នកបញ្ជាមានច្រើនជាងនេះ ឬសម្រេចតាមបំណងគេបានកម្រិតណានោះទេ សំខាន់គឺគេត្រូវតែប្រឆាំងកុំឲ្យគោលបំណងណាមួយរបស់អ្នកបញ្ជាបានជោគជ័យ កាន់តែច្រើនកាន់តែល្អ យ៉ាងហោចណាស់ ក៏ត្រូវកាត់បន្ថយឥទ្ធិពលអាក្រក់កើតចេញពីការប៉ុនប៉ងរបស់ពួកគេដែរ។

ការសិក្សាទ្រង់ទ្រាយធំអំពីឃាតកម្មលើមេដឹកនាំក្រុមភេរវនិយមចំនួន ២៩៨ ករណី ពីឆ្នាំ១៩៤៥-២០០៤ លោកស្រី Jenna Jordan នៅក្នុងអត្ថបទ «When Heads Roll: Assessing the Effectiveness of Leadership Decapitation» បានរកឃើញ ឃាតកម្មលើមេដឹកនាំភេវរកម្មមានប្រសិទ្ធភាពតែ ១៧% ប៉ុណ្ណោះដែលនាំទៅរកការដួលរំលំនៃក្រុមទាំងនោះ។ ទោះបីឋិតនៅក្នុងបរិបទភេរវកម្ម គេអាចទាញសេចក្តីសន្និដ្ឋានចេញពីការសិក្សានេះបាន យកមកអនុវត្តលើករណីឃាតកម្មលើសកម្មជននិងអង្គការឬក្រុមដែលសកម្មជននោះដឹកនាំ ព្រោះការសិក្សានេះបង្ហាញពីទំនាក់ទំនងរវាងជីវិតមេដឹកនាំនិងលទ្ធភាពរស់របស់អង្គការដែលបុគ្គលនោះដឹកនាំ។ គេមិនចាំបាច់រកភស្តុតាងឯណាឆ្ងាយទេ ដូចការលើកឡើងរបស់លោក ប៉ា ងួនទៀង មរណភាពរបស់លោក ជា វិជ្ជា និង ឈុត វុទ្ធី មិនបានបញ្ចប់សកម្មភាពរបស់អ្នកដើរពួកគេទាំងពីរនោះទេ សហជីពឯករាជ្យ អង្គការការពារបរិស្ថាន បានកើតឡើងក្រោយមក ទោះគេនៅតែទទួលស្គាល់ថាពិបាករកមនុស្សដូចពួកគេទាំងពីរក៏ដោយ។ ដូចគ្នាដែរ ក្រោយឃាតកម្មលើលោក កែម ឡី គោលដៅរបស់អ្នកបញ្ជាឃាតកខាងលើស្ទើរតែទាំងអស់គឺមិនបានសម្រេចទេ។ ចង់បំភ័យមហាជន បែរជាជំរុញឲ្យពួកគេចូលរួមដង្ហែសពរហូតដល់ទៅប្រមាណ ២លាននាក់, បើខ្លាច ពួកគេមិនចូលរួមទេ ទោះមានអ្នកនៅតែខ្លាច ចំនួនមនុស្សច្រើនផ្តល់សុវត្ថិភាពដល់អ្នកចូលរួមម្នាក់ទាំងមូល នេះនៅមិនរាប់អ្នកមិនបានចូលរួមនៅទីក្រុង អ្នកនៅខេត្តដទៃភាគច្រើនដែលមិនបានចូលរួម អ្នកចូលរួមបុណ្យសពមុនពេលដង្ហែ តែមិនបានមកដង្ហែផង។ ចង់បញ្ចប់សកម្មភាពរបស់លោកបែរជាជំរុញឲ្យអ្នកធ្លាប់មានទំនាក់ទំនងនឹងលោកបេ្តជ្ញាដើរតាមគំរូរបស់លោក បន្តសកម្មភាពរបស់លោកដែលមិនទាន់បានបញ្ចប់។ មិនចង់ឲ្យប្រជាពលរដ្ឋ ពិសេសយុវជន ខ្វល់ខ្វាយពីបញ្ហាប្រទេសជាតិ បែរជាទាក់ទាញឲ្យពួកគេកាន់តែចាប់អារម្មណ៍។ ចង់ឲ្យពួកគេឈប់រិះគន់ ក្រោយឃាតកម្ម ពួកគេរិះគន់រិះតែខ្លាំងឡើង។ បានសេចក្តីថា ឃាតកម្មលើលោក កែម ឡី មានប្រសិទ្ធភាពតិចជាងឆ្ងាយពី ១៧% នោះទៅទៀត ដែលសម្រេចតាមបំណងអ្នកបញ្ជាឃាតក។

ហេតុអ្វីសម្លាប់លោក កែម ឡី មិនអាចធ្វើឲ្យគំរូរបស់លោក ស្លាប់? លោក Clifford Bob និង លោកស្រី Sharon Erickson Nepstad នៅក្នុងអត្ថបទ «Kill a Leader, Murder a Movement: Leadership and Assassination in Social Movements» បានព្យាយាមស្វែងរកកត្តាដែលឃាតកម្មលើមេដឹកនាំចលនាសង្គមមិនអាចពិឃាតចលនានោះ ហើយកំណត់បានបួនកត្តា៖ ១. ពួកគេដឹកនាំតាមររៀបជាអ្នករៀបចំចាត់ចែងជាជាងដឹកមុខបញ្ជាប្រាប់មុន (Administrative rather than Prophetic), ២. ចលនាមានមនោគមវិជ្ជាយកអ្នកពលីធ្វើជាបុគ្គលនិមិត្តរូប (Martyrdom Ideology), ៣. អ្នកដឹកនាំមានអត្តសញ្ញាណរួមជាមួយក្រុម, និង ៤. ចលនាមានសាមគ្គីភាពឯកភាពគ្នាមុនការបង្ក្រាបឬឃាតកម្មលើមេដឹកនាំ។ លោក កែម ឡី ស៊ីគ្នាទាំងស្រុងនឹងកត្តាទាំងបួននេះ គឺលោកដឹកនាំតាមរបៀបតម្រែតម្រង់យុវជនឬអ្នកក្រោមបង្គាប់ មិនមើលរំលងគំនិតរបស់អ្នកដទៃឬសហការី ត្រៀមបណ្តុះបណ្តាលអ្នកស្នង, ក្រោយមរណភាពរបស់លោក ពួកគេយកលោកធ្វើជាគំរូបន្តបេសកកម្ម ព្រះតេជគុណ ប៊ុត ប៊ុនតិញ បង្កើតពាក្យ «អ្នកកែមឡីនិយម» ដើម្បីបង្កើតអត្តសញ្ញាណក្រុមដើរតាមគំរូលោក, លោកមិនព្យាយាមធ្វើខ្លួនឲ្យដាច់ដោយឡែកពីអ្នកដទៃ ឬក្រុម រួមសុខទុក្ខជាមួយពួកគេ ស្នាក់នៅជាមួយក្រុមការងារតាមភូមិអ្នកស្រុក, ក្រុមរបស់លោកមានសាមគ្គីភាពរឹងមាំស្រាប់់មុនពេលលោកចាកចេញទៅ។ កត្តាទាំងអស់នេះហើយ ទើបមត៌ករបស់លោក កែម ឡី មិនបានស្លាប់ទៅតាមលោកទេ មានតែកាន់តែត្រូវបានពង្រស់ទៅវិញ បំណងដែលអ្នកបញ្ជាឃាតកចង់បានទេទើបស្លាប់ទៅតាមលោក។

ទោះបីមានសកម្មភាពជាច្រើនរបស់អ្នកកែមឡីនិយមបានវាយបកនឹងគោលបំណងរបស់អ្នកបញ្ជាឃាតកជាច្រើនហើយក៏ដោយ គេនៅតែត្រូវការតាក់ទិចបន្ថែមទៀត ដើម្បីជម្នះឥទ្ធិពលដែលសេសសល់។ ពិតមែនតែគោលបំណងបំភ័យមិនមានប្រសិទ្ធភាពច្រើន តែវានៅតែបង្កផលប៉ះពាល់លើផ្លូវចិត្តមនុស្សមួយចំនួន តិចឬច្រើន ពិសេសអ្នកមានកេរ្តិ៍ឈ្មោះស្រាប់។ ជាក់ស្តែង លោក អ៊ូ វីរៈ ដែលរងបណ្តឹងបរិហារកេរ្តិ៍ពីគណបក្សកាន់អំណាច មិនបាននិយាយដល់គ្រួសារនាយករដ្ឋមន្ត្រីទាល់តែសោះ នៅក្នុងវេទិកាអាស៊ីសេរី ដោយសារមិនចង់ចោទផ្តេសផ្តាសនិងមិនទាន់មានការស៊ើបអង្កេតច្បាស់លាស់ (លោកសង្ស័យលើនាយករដ្ឋមន្ត្រីនិងគ្រួសារ តែលោកមិនហ៊ាននិយាយ?)។ លោកក៏ទទួលស្គាល់ដែរថា «ទោះបីគាត់ [មហាជន] និយាយថាគាត់មិនបាក់ស្បាតមិនខ្លាចគាត់អីក៏ដោយ ប៉ុន្តែក្នុងចិត្តរបស់គាត់ក៏មានប៉ះពាល់អារម្មណ៍ផងដែរ» ហើយលោកខ្លួនឯងជួយបំពេញឧទាហរណ៍នេះ ដោយត្រូវបានអ្នកស្តាប់សរសេរសួរថា ចង់ឲ្យលោកធ្វើកិច្ចការជាតិជំនួសលោក កែម ឡី តែលោកបដិសេធហើយថា «ខ្ញុំនៅតែជា អ៊ូ វីរៈ ដដែល មិនអាចជំនួសបង កែម ឡី បានទេ» ព្រោះសំណួរនេះ ចង់មិនចង់ បង្កប់អត្ថន័យថា បើលោកជា  កែម ឡី លោកអាចមានលទ្ធផលដូច កែម ឡី។ ពិតណាស់ យើងជឿថា លោកមានសមត្ថភាពគ្រប់គ្រាន់និងកេរ្តិ៍ឈ្មោះប្រហាក់ប្រហែលនឹងលោក កែម ឡី អាចបន្តការងាររបស់លោកបាន តែវាបញ្ហាឆន្ទៈ និងស្ថានភាពមិនអំណោយផល។ បន្ទាប់ពីឃាតកម្ម សារព័ត៌មានឯករាជ្យនានាមិនបានបន្តកិច្ចពិភាក្សាឬបទសម្ភាសអំពីរបាយការណ៍ Global Witness ទៀតទេ ព្រោះទំនងជាមិនចង់ដាក់ឲ្យសម្ភាសអំពីរឿងនេះមានលទ្ធផលដូចលោក កែម ឡី ឬមិនមានអ្នកណាហ៊ានបន្ទាប់លោក កែម ឡី ទៅបាត់។ បើគោលបំណងរបស់អ្នកបញ្ជាឃាតកពិតជាចង់បញ្ចប់ការអធិប្បាយបន្តទៀតអំពីរបាយការណ៍នេះ ដាច់ខាត គេត្រូវវាយបកវិញ ដោយប្រើតាក់ទិចប្រយោលមួយចំនួន គឺថា គេមិនចាំបាច់អធិប្បាយទេ គ្រាន់តែដកស្រង់បកប្រែទាំងស្រុង មិនបញ្ចេញបញ្ចូល ម្តងមួយផ្នែកៗ ចេញរបាយការណ៍មកផ្សាយ រហូតដល់ចប់ ព្រោះប្រជាជនភាគច្រើនមិនអានរបាយការណ៍ទាំងស្រុងទេ ចូលចិត្តស្តាប់ជាង ហើយរបាយការណ៍ទាំងមូលក៏ជាភាសាអង្លេស មានតែបទសង្ខេបខាងដើមប៉ុណ្ណោះដែលត្រូវបានបកប្រែជាភាសាខ្មែរ។ គេមិនត្រូវបំភ្លេចរបាយការណ៍នេះងាយៗទេ ព្រោះវាជាចុងហេតុនៃឃាតកម្មរបស់លោក កែម ឡី ហើយជាអ្វីដែលអ្នកបញ្ជាឃាតកចង់បាន បើបណ្តោយឲ្យពួកគេសម្រេចគោលដៅមួយនេះ ពួកគេនឹងឡើងចាង ជួយបញ្ជាក់ប្រាប់ពួកគេវិញថា យ៉ាងណាស់ហោច ឃាតកម្មលើលោកអាចបំបិទមាត់អ្នករិះគន់ដែលយករបាយការណ៍នោះធ្វើជាមូលដ្ឋានដែរ។ ធ្វើនេះ មិនមែនព្រោះចង់ឲ្យមានមនុស្សស្លាប់ ឬក៏គ្មានភ័យខ្លាចនោះទេ គឺដើម្បីប្រឆាំងនឹងបំណងរបស់អ្នកបញ្ជាឃាតក បើឲ្យពួកគេសម្រេចបំណងនេះ ពួកគេនឹងបន្តប្រើតាក់ទិចឃាតកម្មបន្តទៀត ភ័យខ្លាចមិនត្រឹមតែកាត់បន្ថយហានិភ័យមិនបានទេ រឹតតែបង្កើនហានិភ័យនិងជំរុញឱ្យពួកគេកាន់តែបំភ័យបន្តទៀត។ ភ័យខ្លាចក្នុងស្ថានភាពរងការគំរាមកំហែងគឺជារឿងធម្មតា ប៉ុន្តែបើភ័យខ្លាចហើយមិនអាចសង្គ្រោះខ្លួនឯងបាន សុខចិត្តស្លាប់ជាអ្នកក្លាហានប្រសើរជាងរស់លាក់ខ្លួនក្នុងស្នូក។ លោក Mark Twain អ្នកនិពន្ធអាមេរិកាំងអះអាងថា «សេចក្តីក្លាហានមិនមែនគ្មានវត្តមាននៃការភ័យខ្លាចនោះទេ តែគឺជាការត្រួតត្រាការភ័យខ្លាច ការគ្រប់គ្រងការភ័យខ្លាច។» បើអ្នកបញ្ជាឃាតកមិនចង់ឲ្យនរណាម្នាក់និយាយដល់នាយករដ្ឋមន្ត្រីនិងគ្រួសារ គេត្រូវតែហ៊ាននិយាយត្រង់ៗ ចំៗ ដូចលោក កែម ឡី តែត្រូវធ្វើឡើងជាក្រុម តាមរយៈសេចក្តីថ្លែងការណ៍ ស្វែងរកស្នាមមេដៃ ពណ៌អាវខ្មៅតំណាងការយល់ស្របឲ្យមានការស៊ើបលើគ្រួសារអ្នកមានអំណាចរូបនេះ ប៉ុន្តែមិនមែនពាក់ខ្មៅតែមួយថ្ងៃចន្ទនោះទេ ត្រូវបង្កើនចំនួនថ្ងៃពាក់ម្តងមួយថ្ងៃៗ ដើម្បីបង្កើនសម្ពាធនិងបង្កើនភាពសកម្មនៃយុទ្ធនាការ បើនៅតែមួយសប្តាហ៍ធ្វើតែមួយថ្ងៃទៀត នឹងបង្អន់ការរីកចម្រើននៃយុទ្ធនាការ មិនយូរទេ អ្នកចូលរួមនឹងធុញទ្រាន់ព្រោះមិនឃើញប្រសិទ្ធភាពអ្វីចេញពីការពាក់ខ្មៅ។ ធ្វើសកម្មភាពជាក្រុមនាំឲ្យបែកមុខសញ្ញាច្រើន គេពិបាកចាត់វិធានការលើ ត្បិតក្រុមផ្សេងៗគ្នាច្រើនពេកអនុវត្តព្រមគ្នា ពិសេសកងសន្តិសុខថ្នាក់ក្រោមអាចធុញទ្រាន់លែងចង់គោរពបញ្ជា ដកហូតប្រភពអំណាចចម្បងរបស់រដ្ឋមួយនេះ។ ទាមទារការស៊ើបអង្កេតដោយអព្យាក្រឹតនិងបង្កើតគណៈកម្មការឯករាជ្យពីបក្សនយោបាយ ដាក់មុខសញ្ញាចំៗ លើលោកនាយករដ្ឋមន្ត្រីនិងគ្រួសារតែម្តង ថាតើពាក់ព័ន្ធឬអត់ ដើម្បីធ្វើឲ្យសមត្ថកិច្ចពិបាករកលេសបង្វែរ ចង់ស៊ើបអង្កេតក៏ពិបាក មិនស៊ើបអង្កេតក៏ពិបាក នឹងជួយបំពេញភស្តុតាងបន្ថែមថា សមត្ថកិច្ចមិនឯករាជ្យ នាយករដ្ឋមន្ត្រីនិងគ្រួសារ មាសមិនសុទ្ធ។ សមត្ថកិច្ចនឹងមិនអាចធ្វើតាមការទារទាមទេ ទោះធ្វើ ក៏ធ្វើដោយក្រលេសខេសដែរ ដូច្នេះអ្នកដឹកនាំយុទ្ធនាការត្រូវតែដឹងជាមុនថា មិនសំខាន់ត្រង់សម្រេចគោលដៅនេះឬក៏អត់ទេ សំខាន់ត្រង់គោលដៅនេះមានការគាំទ្រពីអ្នកចូលរួមនិងមហាជន កំណត់គោលដៅនេះ ដើម្បីបង្រួមពួកគេឲ្យមានគោលដៅតែមួយ ហើយបង្រួមសកម្មភាពប្រជាជនពីស្រទាប់សង្គមខុសៗគ្នាឲ្យមានឯកភាព ដូចពេលចូលរួមបុណ្យសពនិងដង្ហែសព ជាលទ្ធផល គេនឹងអាចប្រើតាក់ទិចដែលមានឥទ្ធិពលជាងត្រឹមតែថ្លែងការណ៍ឬពាក់ខ្មៅ បន្ទាប់ពីប្រមូលអ្នកចូលរួមបាន ៥សែននាក់ ឬ ៣,៥%នៃប្រជាជនខ្មែរសរុប។

 ច. ចាប់ផ្តើមរៀបចំរចនាសម្ពន្ធដឹកនាំ ត្រៀមធ្វើចលនា រចនាផែនការយុទ្ធសាស្ត្រ

 ទោះបីមានភាពខ្វះខ្ចោះដោយសារកំពុងស្ថិតក្នុងមរណទុក្ខ ក្នុងហានិភ័យ ការតាមដាន គ្មានពេលគ្រប់គ្រាន់ មមាញឹក ប្រថុចញ៉ុច, គណៈកម្មការបុណ្យសពដែលមានព្រះតេជគុណ ប៊ុត ប៊ុនតិញ, លោក ប៉ា ងួនទៀង, អ៊ី សារ៉ុម, មឿន តុលា និង គុជ លី បានរៀបចំពិធីបុណ្យបានល្អ៖ មានការពិភាក្សាសម្រេចជាឯកច្ឆន្ទ, ចេះស្តាប់មហាជន, មានជំហររឹងមាំប្រឈមនឹងអាជ្ញាធរ មានផែនការសកម្មភាព ចែងកាលវិភាគ កំណត់ពេលវលាធ្វើសកម្មភាពច្បាស់លាស់, បែងចែកពលកម្មសម្រាប់ក្រុមការងារតាមតួនាទី, តាក់តែងក្រមសីលធម៌សម្រាប់អ្នកចូលរួម, ចេះរៀបចំបែងចែកក្រុមដង្ហែជា ១១ជួរ ធ្វើឲ្យពួកគេមានសណ្តាប់ធ្នាប់, មានមគ្គុទ្ទេសន៍ច្បាស់លាស់ កំណត់ផែនទីធ្វើដំណើរ, ប្រាប់អ្នកចូលរួមពីអ្វីដែលពួកគេគួរធ្វើនិងមិនគួរតាមលទ្ធភាព, យល់ពីអ្នកចូលរួមមានប្រភេទផ្សេងៗគ្នា, រៀបចំទំនុកបម្រុងផ្នែកសុខាភិបាលនិងចំណីអាហារ ។ល។ ទាំងអស់នេះគឺជាធាតុផ្សំមិនគួរមើលរំលងជំរុញឲ្យយុទ្ធនាការមានប្រសិទ្ធភាពដូចគ្នា។ ចម្លែកតែត្រង់ថា ពេលធ្វើយុទ្ធនាការ គេមិនបានគិតឲ្យគ្រប់ជ្រុងជ្រោយអ៊ីចឹងសោះ ឧ. យុទ្ធនាការឈុតខ្មៅមានលោក ប៉ា ងួនទៀង និង អ៊ី សារ៉ុម ជាពីរនាក់ក្នុងចំណោមថ្នាក់ដឹកនាំជាច្រើនទៀត មិនបានដាក់ផែនការមានលាយលក្សណ៍អក្សរដូចខាងលើសោះ ទំនងជាពួកគេមានបទពិសោធរៀបចំបុណ្យសពជាងដឹកនាំយុទ្ធនាការ ឬពួកគេមិនដឹងច្បាស់ពីវិធីធ្វើឲ្យយុទ្ធនាការមានប្រសិទ្ធភាព ទើបរាល់សប្តាហ៍ ឃើញតែសកម្មជនដីធ្លីស្រ្តីដើរតួប៉ុណ្ណោះ សកម្មភាពនោះក៏ដដែលៗគួរឲ្យ នឿយណាយ ឯការធ្វើសកម្មភាពនៅនឹងស្ថាប័នរបស់សង្គមស៊ីវិលមិនទទួលបានការចាប់អារម្មណ៍សោះ។ យុទ្ធនាការឈុតខ្មៅត្រូវតែបង្កើនប្រជាប្រិយភាពឡើងវិញឲ្យដូចថ្ងៃចាប់ផ្តើមដំបូង ហើយកំណត់គោលដៅថ្មីដែលមានគាំទ្រជាងមុន គឺទាក់ទងនឹងលោក កែម ឡី ហើយមានលក្ខណៈច្បាស់លាស់ ថាចង់បានអ្វី ឧ. ចង់ឲ្យបង្ហាញភស្តុតាងជាសាធារណៈ, ចង់បានការបើកចំហការស៊ើបអង្កេត, ចង់ឲ្យមានអ្នកចូលរួមពីខាងសង្គមស៊ីវិលដែលមានជំនាញស៊ើបបទឧក្រិដ្ឋឬអ្នកជំនាញអន្តរជាតិ, ទាមទារឲ្យស៊ើបលើក្រុមដែលតាមដានលោក កែម ឡី និងអ្នកតាមដានសកម្មជននិងសកម្មសង្ឃដទៃទៀត, ចង់ឲ្យស៊ើបអង្កេតស៊ីជម្រៅលើគ្រួសារនាយករដ្ឋមន្ត្រី ។ល។ គោលដៅតូចៗនេះនឹងមិនបានសម្រេចឡើយ អ្នកដឹកនាំយុទ្ធនាការចង់ប្រកាសជាសាធារណៈជាមុនក៏បានអំពីភាពមិនអាចទៅរួចនេះ ដើម្បីប្រាប់អ្នកចូលរួមថា រដ្ឋអំណាចនឹងចៀសមិនផុតពីការចោទថាពាក់ព័ន្ធឬការពារអ្នកបញ្ជាឃាតកនោះទេ បើពួកគេមិនធ្វើតាមការទាមទារ ពោលគឺ គោលដៅតូចៗលាក់គោលដៅធំមួយ ធ្វើឲ្យប្រជាជនក្លាហានហ៊ានចោទប្រកាន់រដ្ឋអំណាច ព្រោះរដ្ឋអំណាចចង់ឲ្យប្រជាជនខ្លាចពួកគេ មិនហ៊ានចោទពួកគេជាសាធារណៈ ការសម្ងាត់បង្កប់និងបង្កការភ័យខ្លាច ភាពក្លាហាននិងបើកចំហជាកត្តាចម្បងសម្រាប់ជោគជ័យនៃយុទ្ធនាការ។ យុទ្ធនាការឈុតខ្មៅត្រូវរៀនសូត្រពីរបៀបដែលគណៈកម្មការបុណ្យសពរៀបចំពិធីបុណ្យ ច្នៃមកអនុវត្តនៅក្នុងយុទ្ធនាការ ហើយរៀនប្រើតាក់ទិចប្រមូលផ្តុំអ្នកចូលរួមឲ្យមានប្រសិទ្ធភាពជាជាងត្រឹមតែពាក់ខ្មៅ គេមិនមែនអាចសម្រេចគោលដៅនៃយុទ្ធនាការដោយសារតែសម្តែងមតិឬពាក់ខ្មៅនោះទេ ពោលគឺសម្រេចដោយសារការដាក់សម្ពាធសេដ្ឋកិច្ចនិងនយោបាយពីអ្នកចូលរួមយុទ្ធនាការ។ ឧ. បែងចែកសកម្មជនជាក្រុមតូចៗធ្វើដំណើរទៅទីតាំងច្រើនក្នុងពេលតែមួយ ទៅពន្យល់ប្រជាជនដល់កន្លែង មូលហេតុដែលត្រូវចូលរួម ប្រាប់វិធីការពារសន្តិសុខផ្ទាល់ខ្លួន ទប់ទល់អាជ្ញាធរ ក្រុមសីលធម៌ វិន័យអហិង្សា ថតទុកផ្សព្វផ្សាយរាល់សកម្មភាពរបស់អាជ្ញាធរ ពិសេសគឺអត្តសញ្ញាណឬមុខរបស់ពួកគេ ធ្វើឲ្យពួកគេអាម៉ាស ។ល។ ក្រោយប្រមូលអ្នកចូលរួមគ្រប់គ្រាន់ (៣,៥%) ត្រូវប្រើតាក់ទិចដែលធ្វើឲ្យស្ថាប័នរដ្ឋគាំង នៅក្នុងថេរវេលាមានកំណត់ណាមួយ មើលតាមស្ថានការណ៍ ដូចជា រោងចក្រ កូដកម្មដោយកម្មករ, ស្ថាប័នសាធារណៈ កូដកម្មដោយមន្ត្រីរាជការ, សាលារៀនមិនទៅរៀនដោយសិស្សនិស្សិតនិងគ្រូបង្រៀន, វត្ត កូដកម្មចាកចេញដោយព្រះសង្ឃ, ស្ថាប័នបោះឆ្នោត ពហិការការចុះឈ្មោះឬមិនទៅបោះឆ្នោត, អាជីវករកុំលក់ទំនិញឲ្យកងសន្តិសុខឬយោធា, អ្នកសារព័ត៌មានឯករាជ្យរាយការណ៍លំអិតពីសកម្មភាពអាជ្ញាធរនិងអ្នកចូលរួមយុទ្ធនាការ…ស្ថាប័នរដ្ឋទាំងអស់ទ្រឹងមិនដំណើរការ បើមិនធ្វើតាមយុទ្ធនាការ ជាសម្ពាធដែលពួកគេពិបាកមើលរំលង ហើយពួកគេនឹងព្យាយាមបង្ក្រាប បើបង្ក្រាបមិនឈ្នះ នឹងសម្របសម្រួល សុំចរចា បោកថ្នាក់ដឹកនាំយុទ្ធនាការឲ្យបញ្ឈប់សកម្មភាព ជាថ្នូរនឹងការធ្វើតាមសន្យា រួចពួកគេនឹងក្បតសន្យា ហើយរកវិធីកម្ទេចយុទ្ធនាការទាំងមូល។ តាក់ទិចទាំងអស់នេះទាមទារផែនការយុទ្ធសាស្ត្រ ក្រុមការងារចុះដឹកនាំដល់មូលដ្ឋាន ពិសេសគណៈកម្មការដឹកនាំយុទ្ធនាការចម្រុះរឹងមាំ ឈ្លាសវៃ មានចក្ខុវិស័យវែងឆ្ងាយមួយ ពិសេសគឺមិនពឹងផ្អែកលើមេដឹកនាំតែម្នាក់ តស៊ូជម្នះរាល់ការបង្ក្រាបមិនចុះចាញ់ឬចរចា។

ខ្លឹមសារទាំងអម្បាលម៉ានជាទីប្រឹក្សាបណ្តោះអាសន្នប៉ុណ្ណោះ គំនិតលំអិតដទៃទៀតមិនអាចយកមករៀបរាប់អស់ត្រឹមអត្ថបទប៉ុន្មានទំព័រហ្នឹងទេ។ គេមិនអាចសម្ងំ ចេះតែដេកចាំឲ្យគេចោទ លាបពណ៌ ចាប់ដាក់គុក សម្លាប់ បណ្តេញចេញពីប្រទេសងាយៗ រហូតអ៊ីចឹងឡើយ បើខ្ចីពាក្យរបស់លោក Martin Luther King, Jr. «សេរីភាពពុំដែលអ្នកជិះជាន់គេប្រគល់ឲ្យដោយស្មគ្រចិត្តនោះទេ លុះតែអ្នកត្រូវគេជិះជាន់នោះទាមទារទើបបាន។» បច្ចុប្បន្ន ព្រះតេជគុណ ប៊ុត ប៊ុនតិញ កំពុងរងការគំរាមកំហែងតាមដានពីអាជ្ញាធរ ពោលគឺ ព្រះអង្គកំពុងត្រូវគេកំណត់ជាបេក្ខជនវត្តព្រះពុទ្ធបន្ទាប់លោក កែម ឡី ហើយ។ លោក អ៊ូ វីរៈ កំពុងរងបណ្តឹងតុលាការពីគណបក្សកាន់អំណាច បើលោកលេចធ្លោពេក គេនឹងប្រលេះលោកចោលដូចគ្នា។ លោក រ៉ុង ឈុន សមាជិកគ.ជ.ប.ពីគណបក្សប្រឆាំងកំពុងរងបណ្តឹងតុលាការដូចគ្នា ហើយលោកក៏ជាឆ្អឹងទទឹងកនៅក្នុងស្ថាប័នបោះឆ្នោតដែលប្រុងដកចេញឬកម្ទេចបើចាំបាច់ ដើម្បីបង្វិលលទ្ធផលឆ្នោត។ លោក កឹម សុខា កំពុងសម្ងំក្នុងទីស្នាក់ការបក្ស ដែលគេចាត់ទុកជាឆ្អឹងទទឹងក ប្រុងកម្ទេចចោលតាំងពីមានសារគំរាមតាមហ្វេសប៊ុកឆ្នាំ២០១៣មកម្ល៉េះ។ គេមិនគួរចាំដល់ខ្មែរក្រហមសម្លាប់បញ្ញវន្តអស់ ទើបចោទប្រកាន់កាត់ទោសពួកគេជាក្រោយនោះឡើយ។ តើត្រូវរង់ចាំដល់បាត់បង់អ្នកក្លាហានប៉ុន្មាននាក់ទៀតទើបភ្ញាក់ខ្លួនថា នៅក្នុងស្ថានភាពពោរពេញដោយអំពើហិង្សានិងឃាតកម្មនយោបាយ មិនមានអ្វីត្រូវនិយាយពីប្រជាធិបតេយ្យឬសិទ្ធិសេរីភាពនោះទេ!

ដោយ ទេព រ៉ានិត

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ