មន្ត្រីសិទ្ធិមនុស្ស​ថាអ្នកដឹកឈើមួយចំនួនរងរបួសពេលប៉ះទង្គិចនឹងកម្លាំងសមត្ថកិច្ច

មន្ត្រីសិទ្ធិមនុស្សឲ្យដឹងថាយ៉ាងតិចមនុស្ស៣នាក់របួសធ្ងន់និងមួយចំនួនទៀតរបួសស្រាល ដោយសារប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ចដែលតាមចាប់រថយន្តដឹកឈើជន្លង់ម្រេចនៅខេត្តក្រចេះកាលពីយប់ថ្ងៃទី២ខែសីហា។

មន្ត្រីស៊ើបអង្កេតដីធ្លីនិងសិទ្ធិមនុស្សនៅសមាគមអាដហុកប្រចំាខេត្តក្រចេះលោក ឌិន ខន្នី បានប្រាប់VODនៅថ្ងៃព្រហស្បតិ៍នេះថារថយន្តដឹកឈើ២គ្រឿងក្នុងចំណោម១១គ្រឿងត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើនិងអាវុធហត្ថក្រុងស្ទាក់ចាប់យកទៅរក្សាទុកនៅក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកាលពីម៉ោងជិត១០យប់ថ្ងៃទី២ខែសីហា។ លោកថានៅគ្រានោះមានការប្រតាយប្រតបគ្នាជាមួយអ្នកដឹកឈើនិងកម្លាំងសមត្ថកិច្ច បណ្តាលឲ្យអ្នកដឹកឈើមួយចំនួនរងរបួសស្រាល ប៉ុន្តែ៣នាក់ទៀតរបួសធ្ងន់ចាប់ហ្វ្រំាងរថយន្តមិនទាន់ក៏បុកគ្នាបន្តបន្ទាប់៖ “អ្នកដែលរបួសធ្ងន់ៗ បើតាមខ្ញុំសួរថាមិនមែនដោយសារអាជ្ញាធរវាយទេ គឺដោយសារឡានប៉េអឹម គាត់បានបើកទៅកាក់មុខគៀកពេក ដ៏ពេលចឹងពួកគាត់ចាប់ហ្វ្រំាងអត់ទាន់ទេ ហើយដល់ពេលចាប់ហ្វ្រំាងមិនទាន់គឺមានន័យថាវាបុកគ្នាតៗគ្នាទៅបើតាមជនរងគ្រោះនិយាយ ចំណែកអ្នកដែលត្រូវបានប៉ូលីសកងរាជធាវុធហត្ថវាយ គាត់របួសស្រាលៗដែរ ហើយគាត់ត្រឡប់ទៅផ្ទះវិញហើយ ហើយយើងអត់ទាន់បានជួបទេអ្នកដែលរបួសស្រាលៗដែលត្រូវបានផ្ទុះហិង្សាជាមួយគ្នាហ្នឹង

លោក ឌិន ខន្នី ឲ្យដឹងទៀតថា ក្រោយពីកម្លាំងសមត្ថកិច្ចរឹបអូសរថយន្តដឹកឈើជន្លង់ម្រេចនោះ អ្នកដឹកឈើប្រមាណជិត១០០នាក់ កាលពីថ្ងៃពុធម្សិលមិញបាននាំគ្នាសម្រុកចូលបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីរំដោះរថយន្តដឹកឈើ២គ្រឿងដែលកម្លាំងសមត្ថកិច្ចរឹបអូសនោះយកទៅផ្ទះវិញ។

ព្រូឡានដឹកឈើជន្លង់ម្រេចលោក មាស ណែត ដែលរងរបួសទ្រូងនិងមុខ កំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះបានប្រាប់VODនៅថ្ងៃនេះថា គាត់រងរបួសដោយសារមន្រ្តីកងរាជអាវុធហត្ថខេត្តបើករថយន្តស្ទះផ្លូវមិនឲ្យពួកគេ។ លោកបន្តថា៖ខ្ញុំនៅឡានកណ្តាល ឡានខាងមុខគេថាប៉ូលីសកាក់ផ្លូវ ឡានមុខឈប់ទៅ ឡានក្រោយទៅ ឡានខ្ញុំទៅបុកគាត់ពីក្រោយ បុកហ្នឹងមុខខ្ទប់ទៅនឹងឡាន ឈមហូរពេញមុខមិនដឹងជាខាងណា ខាងណី ដូចជាឈូឆភ្លាមតែម្តង

បើតាមព្រូឡាន ឈើជន្លង់ម្រេចដែលប្រជាពលរដ្ឋដឹកយកទៅលក់នៅក្នុងស្រុកនោះមានចំនួន១១រថយន្ត ក្នុងមួយរថយន្តមានឈើចាប់ពី១០០ទៅ១៣០ដើម។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោក អេង ហ៊ី មានប្រសាសន៍ថា អ្នកដឹកឈើជន្លង់ម្រេចនោះធ្វើឡើងដោយខុសច្បាប់។ យ៉ាងណាក៏ដោយ លោក អេង ហ៊ី បានបដិសេធថាសមត្ថកិច្ចមិនបានបង្ករបួសលើអ្នកដឹកឈើនោះទេ ដោយលោកថាអ្នកបើករថយន្តដឹកឈើនោះជាអ្នកបើកបុកគ្នាដោយខ្លួនឯង។ លោកបន្ថែមថា៖ឡានរបស់គាត់គឺគាត់ទម្លាក់បិទផ្លូវ ដើម្បីកុំឲ្យសមត្ថកិច្ច ដូចថាមានការអន្តរាគមន៍អីស្រួល ពេលបិទផ្លូវគឺពួកគាត់ខ្លួនឯង គឺបើកលឿនៗពេក ពេលបិទផ្លូវទៅ ពេលចាប់ហ្វ្រំាងបុកតគ្នាធ្វើឲ្យរបួស

ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តលោក ហាក់ ហ៊ាន មានប្រសាសន៍ថា ប្រជាពលរដ្ឋដែលទៅរំដោះរថយន្តដឹកឈើគឺការខុសច្បាប់។ ប៉ុន្តែលោកថាមិនទាន់សម្រេចចោទប្រកាន់ឬមិនចោទប្រកាន់លើពលរដ្ឋទំាងនោះទេ។ លោកបន្តថា៖ “ខ្ញុំក៏បានរាយការណ៍ទៅថ្នាក់លើ ដើម្បីសុំអនុសាសន៍ពីថ្នាក់លើ ចំាមើលថ្នាក់លើគាត់សម្រេច គាត់ចង្អុលបង្ហាញ ហើយណែនំាឲ្យម៉េច ពីព្រោះនេះគឺជាបញ្ហារវាងប្រជាពលរដ្ឋ ជាមួយនឹងសមត្ថកិច្ច ហើយយើងធ្វើការដើម្បីការពារប្រយោជន៍ប្រជាពលរដ្ឋ នៅពេលដែលប្រជាពលរដ្ឋគាត់មកយកវត្ថុតាង យកអី ហើយដ៏ថ្នាក់លើបញ្ជាឲ្យសម្រួល ឬក៏ចាត់ការយ៉ាងម៉េច ចំាមើលការចង្អុលបង្ហាញពីថ្នាក់លើ បើអត់ទេ យើងចាត់ការតាមនីតិវិធីច្បាប់

លោក ហាក់ ហ៊ាន បញ្ជាក់ថាតាមច្បាប់ព្រហ្មទណ្ឌ បទល្មើសធ្វើឲ្យខូចខាតដោយចេតនាអាចជាប់ពន្ធនាគារ២ទៅ៥ឆ្នាំ និងការលួចផ្លាស់ប្តូរទីកន្លែងវត្ថុតាងបទល្មើសអាចប្រឈមនឹងទោសពី១ទៅ៣ឆ្នាំ។

យ៉ាងណាក៏ដោយមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សប្រចាំខេត្តក្រចេះយល់ថាសមត្ថកិច្ចបង្រ្កាបបទល្មើសព្រៃឈើមានស្តង់ដារពីរ ដោយថាហ៊ានចាប់តែប្រជាពលរដ្ឋរកស៊ីដឹកឈើជន្លង់ម្រេច ប៉ុន្តែឈ្មួញឈើដែលមានសែស្រលាយអ្នកមានអំណាច សមត្ថកិច្ចមើលមិនសូវឃើញទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ