បក្សប្រឆាំង​ថា នឹង​បន្ត​ទាមទារ​ឲ្យ ​គ​.​ជ​.​ប​ ពិចារណា​សំណើ​របស់​ខ្លួន​ឡើងវិញ​

គណបក្សប្រឆាំងកាលពីថ្ងៃសៅរ៍ម្សិលមិញ បានសម្ដែងការសោកស្ដាយចំពោះការបដិសេធសំណើរបស់ខ្លួនពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ដោយថា គណបក្សនឹងបន្តទាមទារទៅ គ.ជ.ប ឲ្យពិចារណាឡើងវិញលើសំណើនេះ។

គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី ០២ ខែសីហា បានផ្ញើលិខិតមួយច្បាប់ទៅ គ.ជ.ប ឲ្យរៀបចំការចុះបញ្ជីឈ្មោះបោះឆ្នោតនៅចំថ្ងៃឈប់សម្រាកភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃ នាពេលខាងមុខ ដោយគណបក្សថា ជាការផ្ដល់ឱកាសឲ្យពលករចំណាកស្រុក និងកម្មករកម្មការិនី អាចចុះឈ្មោះបោះឆ្នោតបាន អំឡុងពេលពួកគេវិលត្រឡប់ទៅលេងស្រុកកំណើត។

ប៉ុន្តែប្រធាន គ.ជ.ប លោក ស៊ិក ប៊ុកហុក បានថ្លែងនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី០៥ ខែសីហាថា គ.ជ.ប ការស្នើសុំឲ្យមានការរៀបចំចុះឈ្មោះបោះឆ្នោតនៅថ្ងៃភ្ជុំបិណ្ឌ អាចប៉ះពាល់ដល់ឯករាជ្យភាពរបស់ គ.ជ.ប ប្រសិនបើគណបក្សផ្សេងទៀតជំទាស់។

លោកថ្លែងបន្តថា វាក៏អាចប៉ះពាល់ដល់សិទ្ធិមន្ត្រីរាជការដែលត្រូវឈប់សម្រាកនៅថ្ងៃបុណ្យជាតិផងដែរ ហើយ គ.ជ.ប មិនអាចធ្វើអ្វីលើសពីច្បាប់កំណត់នោះឡើយ។

នៅក្នុងសន្និសីទព័ត៌មានទៅកាន់អ្នកគាំទ្រនិងអ្នកកាសែតកាលពីថ្ងៃសៅរ៍ម្សិលមិញ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក គឹម សួរភិរិទ្ធិ បានថ្លែងថា៖ «គណបក្សបានសម្ដែងនូវការសោកស្ដាយ ដោយសារថ្មីៗនេះ យើងបានធ្វើសំណើមួយទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប៉ុន្តែ គ.ជ.ប បានបដិសេធ»។

លោកថ្លែងបន្តថា៖ «យើងមានការសោកស្ដាយ ហើយយើងនៅតែមានបំណងចង់ឲ្យ គ.ជ.ប ពិចារណាឡើងវិញនូវលទ្ធភាពចុះឈ្មោះអ្នកបោះឆ្នោតនៅថ្ងៃភ្ជុំបិណ្ឌ។ យើងនៅតែទាមទារ យើងនៅតែលើកសំណើនេះបន្តទៀត ថ្វីត្បិតតែបច្ចុប្បន្ននេះ គ.ជ.ប បានបដិសេធហើយក៏ដោយ»។

គ.ជ.ប គ្រោងនឹងចាប់ផ្ដើមចុះឈ្មោះបោះឆ្នោតថ្មីនៅទូទាំងប្រទេសចាប់ពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា។

បើតាមរបាយការណ៍របស់ គ.ជ.ប បានឲ្យដឹងថា ប្រជាពលរដ្ឋកម្ពុជាគ្រប់អាយុបោះឆ្នោតមានចំនួនជាង៩លាន ៦សែននាក់ ក្នុងនោះប្រជាជនជិត២លាននាក់ពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ