គណបក្សសង្រ្គោះជាតិនៅថ្ងៃចន្ទនេះប្រកាសចូលរួមយុទ្ធនាការអាវខ្មៅនៅរៀងរាល់ថ្ងៃចន្ទ នៅទីស្នាក់ការរបស់បក្ស ដើម្បីទាមទារឲ្យដោះលែងមន្ត្រីការពារសិទ្ធិមនុស្ស៤រូប មន្ត្រី គ.ជ.ប មួយរូប និងស្នើឲ្យសមត្ថកិច្ចចាប់ជននៅពីក្រោយការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ។
ក្នុងសន្និសីទសារព័ត៌មាននៅស្នាក់ការគណបក្សសង្គ្រោះជាតិព្រឹកថ្ងៃនេះ តំណាងរាស្ត្រលោក អេង ឆៃអ៊ាង បានថ្លៃងថាចាប់ពីសប្ដាហ៍នេះតទៅគណបក្សសង្រោះជាតិនិងចូលរួមធ្វើយុទ្ធការពាក់អាវខ្មៅដែលធ្វើនៅទីស្នាក់ការកណ្ដាលរបស់បក្សមួយថ្ងៃពេញ។ លោកបន្តថាការចូលរួមយុទ្ធនាការនេះ គឺដើម្បីធ្វើការសម្ដែងមតិជាមួយពលរដ្ឋទាមទារឲ្យដោះស្រាយបញ្ហានិងទម្លាក់ចោលការចោទប្រកាន់មន្ត្រីសិទ្ធិមនុស្ស មន្ត្រី គ.ជ.ប និងទាមទារឲ្យសមត្ថកិច្ចវែកមុខជននៅពីក្រោយខ្មាន់កាំភ្លើងដែលបានបាញ់លោក កែម ឡី ឲ្យបានឆាប់។
លោកមានប្រសាសន៍ថា៖ “កន្លងមកគឺយើងរងចាំមើលដំណើរការរបស់សមត្ថកិច្ចទាក់ទងនឹងការស្វែងរកយុត្តិធម៌ជូនលោក កែម ឡី យើងរងចាំមើល ហើយយើងចាំមើលក្រែងមានដំណោះស្រាយនយោបាយក្នុងការដោះលែងនិងទម្លាក់ចោលការចោទប្រកាន់នោះ ប៉ុន្តែរយៈពេលជិត៣ខែហើយ គឺយើងអត់ទាន់មានឃើញស្អីទេ ដូច្នេះហើយបានជាគណបក្សសង្គ្រោះជាតិបានសម្រេចថា យើងនេះគាំទ្រនៅចលនានេះ ហើយចូលរួមផងដែរ“។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភក្រ មានប្រសាសន៍ថាការសម្ដែងមតិនិងធ្វើពិធី អ្វីផ្សេងៗនោះគឺជាសិទ្ធិរបស់គណបក្សនេះ។ ប៉ុន្តែលោកថាកុំឲ្យតែប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ។ លោកមានប្រសាសន៍ថា៖ “គាត់ធ្វើអីធ្វើទៅនៅស្នាក់ការរបស់គាត់ គាត់ពាក់អាវខ្មៅ ពាក់អាវខៀវ ក៏ដោយ កុំឲ្យតែប៉ះពាល់ទៅដល់អ្វីដែលយើងបាន យើងដឹងទាំងអស់គ្នាហើយ ធ្វើម៉េចកុំឲ្យតែមានទម្លាប់អាក្រក់“។
រៀងរាល់ដើមសប្ដាហ៍គឺថ្ងៃចន្ទ សហគមន៍មានជម្លោះដីធ្លីថ្មគោល បុរីកីឡា និងបឹងកក់បានធ្វើយុទ្ធនាការពាក់អាវខ្មៅនៅសហគមរបស់ពួកគេ ដើម្បីទាមទារឲ្យមានការដោះលែងមន្ត្រីការពារសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប និងទាមទាររកយុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
សហគមន៍ដីធ្លីទាំងអស់នោះតែងតែដើរហែជាក្បួន អ្នកខ្លះកាន់បដាសរសេរឈ្មោះលោក កែម ឡី និងអ្នកជាប់ឃុំ រួមទាំងស្រែកតវ៉ាឲ្យដោះលែងអ្នកទាំងនោះ ប៉ុន្តែជាញឹកញាប់ត្រូវបានអាជ្ញាធរធ្វើការរារាំងនិងចាប់ពួកគេ បញ្ជូនទៅខណ្ឌ ដើម្បីឲ្យពួកគេធ្វើកិច្ចសន្យាឲ្យឈប់ដើរធ្វើយុទ្ធនាការ។ ប៉ុន្តែក្រោយមកប្រជាសហគមន៍ទាំងនោះ នៅតែបន្តធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅដដែលគឺគិតត្រឹមថ្ងៃទី៨ខែសីហានេះគឺជាសប្តាហ៍ទី១៤ហើយ។
មន្ត្រីការពារសិទ្ធិមនុស្សទាំង៤រូបនោះមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វង់ដា និងលោកស្រី លឹម មុន្នី និងមន្ត្រី គ.ជ.ប លោក នី ចរិយា ត្រូវបានតុលាការរាជធានីភ្នំពេញបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ក្រោមការចោទប្រកាន់ថាបានសូកប៉ាន់សាក្សីនិងសមគំនិតសូកប៉ាន់សាក្សីនៅក្នុងសំណុំរឿងចម្រូងចម្រាសរបស់កញ្ញា ខុម ចាន់តារ៉ាទី ដែលត្រូវបានគេចោទថា មានទំនាក់ទំនងស្នេហាជាមួយមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា៕