គ្រាប់បែកបង្កៃតាមម៉ូតូមួយគ្រឿងបានផ្ទុះឡើងនៅមុខហាងលក់សម្លៀកបំពាក់មួយនៅក្នុងខេត្តណារ៉ាធីវ៉ាត់ កាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញ។ នោះគឺជាអ្វីដែលតម្រួតថៃជឿថាជាការប៉ុនប៉ងបង្កចលាចលនៅចំថ្ងៃបោះឆ្នោតប្រជាមតិ។
កាសែត The Nation របស់ថៃបានផ្សាយថាការបំផ្ទុះនោះបានបង្កការខូចខាតទៅដល់ទ្រព្យសម្បត្តិនិងយានយន្តមួយចំនួន ប៉ុន្តែពុំមាននរណាម្នាក់រងរបួសនោះឡើយ។
សាក្សីបានប្រាប់តម្រួតថាបុរសវ័យក្មេងម្នាក់បានចតម៉ូតូរបស់គេនៅមុខហាងកម្ពស់២ជាន់មួយនៅម៉ោងប្រហែល៤កន្លះព្រឹក ហើយក៏បានដើរចេញទៅ។
៣០នាទីក្រោយមកគ្រាប់បែកបានផ្ទុះឡើង ដោយបង្កការខូចខាតដល់ហាងលក់សម្លៀកបំពាក់នោះ ផ្ទះចំនួន៥ខ្នង និងយានយន្ត៥គ្រឿង។
តម្រួតថៃជឿថាគ្រាប់បែកដាក់ក្នុងបំពង់ស៊ីឡាំងទម្ងន់២០គីឡូក្រាមត្រូវបានចុចបំផ្ទុះពីចម្ងាយ។
ស្របពេលនោះដែរ អាជ្ញាធរអគ្គិសនីខេត្តណារ៉ាធីវ៉ាត់ បានប្រញាប់ប្រញាល់ជួសជុលបង្គោលភ្លើង១៩ដើមឡើងវិញ នៅក្នុងស្រុកចំនួន៩នៅខេត្តនេះ ដែលរងការខូចខាតដោយសារការបំផ្ទុះគ្រាប់បែកតូចកាលពីយប់ថ្ងៃសៅរ៍សប្ដាហ៍មុន ដែលបណ្ដាលឲ្យដាច់ភ្លើងអគ្គិសនី៕