បទយកការណ៍៖ បន្លែគ្មានជាតិគីមីកំពុងមានតម្រូវការខ្ពស់

ដំណាំគ្មានជាតិគីមី

បុរសវ័យជាងឆ្នាំ៥០ឆ្នាំរៀបរាប់ពីប្រភេទដំណាំបន្លែនិងរបៀបដាំដុះដោយមិនប្រើសារធាតុគីមី ប្រាប់ទៅលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សជិត២០០នាក់ ដែលបានចុះកម្មសិក្សាស្រាវជ្រាវពីប្រភេទបន្លែនៅកសិដ្ឋានមួយកន្លែងកាលពីចុងខែកក្កដាកន្លងទៅ។

នេះជាសម្តី លោក អៀង សុធារ៉ា ដែលបច្ចុប្បន្នជាម្ចាស់កសិដ្ឋានបន្លែធម្មជាតិ ឬ Eco Agri Farm ដែលមានទីតាំងនៅភូមិសារ៉ាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានចម្ងាយជាង១០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ លោក សុធារ៉ា បានបង្កើតកសិដ្ឋានបន្ថែធម្មជាតិតាំងពីឆ្នាំ២០១៤ ពោលគឺមានរយៈពេលប្រមាណជាង២ឆ្នាំមកហើយ។

លោកបានបង្កើតកសិដ្ឋានមួយ ដាំបន្លែស្ទើរគ្រប់មុខតាមបច្ចេកទេស ដោយមិនប្រើប្រាស់ថ្នាំឬជីគីមីទេ។

ដំណាំគ្មានជាតិគីមី
ដំណាំគ្មានជាតិគីមី

សំឡឹងមើលទៅលើផ្ទៃដីជាង២០ហិកតា យើងឃើញមានបន្លែនិងផ្លែឈើជាច្រើនប្រភេទដែលគេដាំវាជាជួរៗ ខ្លះធ្វើជាទ្រើង ដើម្បីឲ្យវាឡើងដែលកម្ពស់ប្រមាណ១ម៉ែត្រកន្លះ បន្លែទាំងនោះមានដូចជាននោង ត្រសក់ ត្រឡាច ម្រះ ឃ្លោក ក្រូចទ្រើង សណ្ដែក និងពពាយ។ សម្រាប់បន្លែដែលមិនធ្វើទ្រើងវិញ គឺលើកជារងដូចជា ត្រប់  ប៉េងប៉ោះ ល្ហុង ចំពោះផ្លែឈើមានដូចជា ចេក ខ្នុរ ក្រូច ម្នាស់ ពោតជាដើម។

លោក អៀង សុធារ៉ា មានប្រសាសន៍ថា ការដាំបន្លែដោយប្រើជាតិគីមីធ្វើឲ្យខូចដី ប៉ះពាល់សុខភាពទាំងអ្នកដាំ ទាំងអ្នកប្រើប្រាស់ ហើយម្យ៉ាងអាចធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន ដោយការសាយភាយជាតិពុលនេះតាមខ្យល់។

លោកមានប្រសាសន៍ថា៖ “ការប្រើប្រាស់គីមីលើសលុប វាធ្វើឲ្យខូចដីផង ខូចធម្មជាតិ ខូចបរិស្ថានសុខភាពសត្វផងនិងសុខភាពមនុស្សផង បានយើងចាប់ផ្ដើមឡើងគឺប្ដេជ្ញាចិត្ត មិនប្រើប្រាស់សារធាតុគីមីទេ ប្រើប្រាស់ជីធម្មជាតិជាមួយថ្នាំសម្លាប់សត្វល្អិតក៏បែបធម្មជាតិដែរ

បច្ចុប្បន្នប្រជាពលរដ្ឋភាគច្រើនតែងយល់ថា ការដាំបែបសេរីរាង្គឬបន្លែធម្មជាតិមានលក្ខណៈពិបាកស្មុកស្មាញ មានការលំបាកច្រើន ហើយមិនទទួលបានផលច្រើនដូចដំណាំដែលប្រើជីគីមីនិងថ្នាំគីមី ដូចនេះទើបធ្វើពួកគាត់មិនដាំបន្លែបែបធម្មជាតិនេះ ហើយក៏នាំគ្នាទៅទិញថ្នាំនិងជីគីមីយកមកប្រើ។

លោក អៀង សុធារ៉ា ពន្យល់ថាការដាំបន្លែធម្មជាតិមិនមានការលំបាកទេ គ្រាន់ពលរដ្ឋភាគច្រើនពួកគេមិនបានធ្លាប់ប្រើនិងធ្វើ ទើបគិតថាលំបាក។ ប៉ុន្តែលោកថា បើកសិករជួបការលំបាកក្នុងការដាំនោះ អាចទាក់ទងមកក្រុមហ៊ុនរបស់លោកបាន ដែលមាននៅតាមខេត្តនីមួយៗ ដើម្បីជួយផ្ដល់ផ្នែកបច្ចេកទេសដោយមិនយកប្រាក់ឡើយ។

លោកមានប្រសាសន៍៖ អ្នកអត់ហានធ្វើច្រើនចេះតែគិតថា ធ្វើអញ្ចឹងទៅមិនបានហូបទេ គេនៅជិតៗហ្នឹង គេបាញ់ថ្នាំ គេនៅជិតៗហ្នឹងគេដាក់ជីគីមីបានហូប យើងធ្វើអញ្ចឹងមិនបានទេ  អញ្ចឹងកុំឲ្យគេគិតអញ្ចឹង ឲ្យគាត់ផ្លាស់ប្ដូរបន្តិចៗម្ដងទៅ បើមានបញ្ហាឲ្យទាក់ទងក្រុមហ៊ុនពូ។ រីឯក្រុមហ៊ុនទី៣ គឺក្រុមហ៊ុនឥន្ទ្រីបៃតង ដែលពូប្រាប់នោះ ថ្ងៃមុនមានក្រុមហ៊ុនឥន្ត្រីបៃតង ក្រុមហ៊ុនស្រុកខ្មែរសហករសរីរាង្គខែ្មរ ហើយអាលូវមានបុគ្គលិកប្រចាំការ អាលូវហ្នឹងមាននៅទូទាំងប្រទេស អញ្ចឹងគ្រប់តែកន្លែងទៀត អាចផ្ដល់យោបល់បាន បុគ្គលិកពូអាចផ្ដល់យោបល់បានតាមតំបន់នីមួយៗ នៅបាត់ដំបង មាននៅកំពងចាម មាននៅក្រចេះ មាននៅតាកែវ កំពតអីគ្រប់កន្លែងអាលូវហ្នឹង

ប្រជាពលរដ្ឋខ្មែរជាង៨០%ជាកសិករប្រកបរបរកសិកម្ម។ អ្នកជំនាញខាងកសិកម្មបានបង្ហាញរបាយការណ៍សិក្សាជាបន្តបន្ទាប់ថា បញ្ហាប្រឈមរបស់កសិករបច្ចុប្បន្នគឺខ្វះចំណេះដឹង ជំនាញខាងកសិកម្ម និងកសិផលផលិតមកមិនមានទីផ្សារលក់ឬលក់បានតម្លៃថោក មិនរួចការចំណាយ។ បញ្ហានេះនាំឲ្យកសិករមួយចំនួនសម្រេចចិត្តបោះបង់ចោលមុខរបរដែលបន្សល់ទុកពីដូនតាខ្លួននេះ ហើយធ្វើចំណាកស្រុកស្វែងរកការងារធ្វើទាំងប្រថុយប្រ ថានទៅវិញ។

លោក អៀង សុធារ៉ា បច្ចុប្បន្នលោកក៏មានក្រុមហ៊ុនទិញបន្លែនិងផលិតកសិកម្មទៀតពីកសិករ ដើម្បីចែកចាយបន្តនៅក្នុងស្រុកនិងនាំចេញទៅលក់នៅក្រៅប្រទេស។ ប៉ុន្តែកសិផលដែលក្រុមហ៊ុនរបស់លោកទិញ គឺទិញយក តែកសិផលដែលមិនប្រើប្រាស់សារធាតុគីមី។ លោកបន្តថា៖ «យើងធ្វើផែនការមួយធ្វើជាការងារមួយដែលក្នុងពេលឆាប់ៗនោះ យើងបង្កើតជាសាលាកសិករ មានន័យថាភូមិហ្នឹង គាត់ចង់ដាំប៉េងប៉ោះ គាត់មករៀនតែដាំប៉េងប៉ោះ ធ្វើតែជីកំប៉ុសទៅ ថែយ៉ាងម៉េច ទៅដល់ផ្ទះវិញដាំ គាត់ដាំតែប៉េងប៉ោះម៉ាភូមិទៅ ពូទិញយកទាំងអស់មកវិញ ហើយភូមិមួយទៀតចង់ដាំត្រសក់វិញ មករៀនដាំតែត្រសក់ទៅ មានផែនការរៀនសូត្រប៉ុន្មានថ្ងៃៗ ទៅវិញដាំតែត្រសក់ទៅ យើងទិញយកទាំងអស់»

ដំណាំគ្មានជាតិគីមី
ដំណាំគ្មានជាតិគីមី

បើទោះជាត្រូវនាំសិស្ស និស្សិត និងអ្នកស្រាវជ្រាវផ្សេងទៀត ដើរមើលកសិដ្ឋានរបស់ខ្លួនចាប់តាំងពីព្រឹករហូតដល់ដល់រសៀល ក្រោមកម្កៅថ្ងៃហូរញើសស្ទើរពេញខ្លួនក៏ដោយ បុរសម្ចាស់កសិដ្ឋានវ័យជាង៥០ឆ្នាំរូបនេះនៅតែញញឹមព្យាយាមពន្យល់ពីផលប្រយោជន៍នៃការដាំដុះនិងការបរិភោគអាហារដែលមិនមានសារធាតុគីមី ធ្វើឲ្យអ្នកចូលរួមស្តាប់ស្ទើរភ្លឹកម្តងៗ។

ដោយដៃម្ខាងលូកបេះស្លឹកម្រះនិងម្ខាងទៀតធ្វើកាយវិការរៀបរាប់ប្រាប់ពីលក្ខណៈខុសគ្នា ចំពោះបន្លែដាំដោយប្រើសារធាតុគីមីនិងបន្លែដាំដោយធម្មជាតិ លោក អៀង សុធារ៉ា អតីតគ្រូពេទ្យរូបនេះមានប្រសាសន៍ថា៖ ម្រះយើងដាំដាក់ជីគីមីវិញ ហូបហើយគឺនូវតែអត់ធុំក្លិន។ (ម្រះ) នេះអត់ទេ គ្រាន់តែដើរមក (ជិត) ធុំក្លិនម្រះតែម្ដង

នាយកវិទ្យាល័យជំពូវ័ន្ត លោក លឹម ចាន់ថា ដែលបានដឹកនាំសិស្សានុសិស្សចុះកម្មសិក្សានៅកសិដ្ឋាននេះ លើកឡើងថា លោកចង់ឲ្យសិស្សទាំងអស់ក្នុងវិទ្យាល័យរបស់លោកឲ្យយល់ដឹងការដាំបន្លែដោយមិនប្រើជាតិគីមី និងយល់ពីផលប៉ះពាល់ការដាំបន្លែដែលប្រើជីនិងថ្នាំគីមី។ លោកបន្តថា កន្លងមកពួកគេរៀនបានតែទ្រីស្ដីពីការបង្រៀនរបស់លោកគ្រូអ្នកគ្រូ ប៉ុន្តែសម្រាប់ការអនុវត្តគឺមិនទាន់មាន ហើយសិស្សខ្លះមិនស្គាល់សូម្បីតែឈ្មោះបន្លែដែលញុំរាល់ថ្ងៃឡើយ។

លោកមានប្រសាសន៍ថា៖ “ពេលដែលយើងប្រាប់អត់បានឃើញ វាអត់ដូចយើងបានឃើញច្បាស់ទេ ចឹងបានជាយើងចង់ឲ្យវាទៅមើលឃើញទិដ្ឋភាព នូវរបៀបគេដាំអីចឹងទៅណាស់ ឃើញច្បាស់កាលណា ខ្ញុំទៅយកមកប្រាប់វាគឺមិនដូចវាបានឃើញផ្ទាល់ភ្នែកទេ ដូចសុភាសិតខ្មែរថា លឺគេប្រាប់ មិនដូចបានឃើញផ្ទាល់ទេ ចឹងបានជាយើងចង់ឲ្យវាឃើញផ្ទាល់តែម្ដង កុំឲ្យតែវាលឺតែគេថាចំការៗមិនដឹង គេដាំម៉េចអីម៉េចកាលណាវាទៅផ្ទាល់ វាមើលឃើញទៅ វាមានគំនិត ហើយវាឆ្ងល់ វាអាចសួរទៅអ្នកបច្ចេកទេសគេនៅកន្លែងនោះ

យុវតីដែលបានចុះទៅដល់កសិដ្ឋាននេះ កញ្ញា វ៉ាន់ ម៉ីលី ថ្លែងថានាងមានការចាប់អារម្មណ៍ចំពោះដំណើរទស្សនកិច្ចនេះ ព្រោះនាងមិនដែលបានចុះមកមើលផ្ទាល់ពីការដាំបន្លែមិនប្រើជីនិងថ្នាំគីមីរបៀបនេះទេ។ កញ្ញាបញ្ជាក់ថា គាត់ធ្លាប់លឺពលរដ្ឋនិងអ្នកដែលនៅជិតៗផ្ទះបារម្ភពីសុខភាព ដោយសារបន្លែបច្ចុប្បន្នគឺប្រើសារធាតុគីមីច្រើន ហើយកញ្ញាផ្ទាល់ក៏កំពុងបារម្ភបញ្ហានេះដូចគ្នាដែរ។

កញ្ញាមានប្រសាសន៍ថា៖ “ប្រសិនជាយើងញុំរបស់ហ្នឹង ជៀសវាងកុំប្រើជាតិគីមីវាល្អជាង យើងគួរតែមកការប្រើ (បន្លែ) អត់មានជាតិគីមីទៀត ព្រោះអីអាលូវជាតិគីមីវាមានច្រើនសឹងពេញប្រទេសហើយ ហើយក៏មានជម្ងឺក៏ច្រើន អត្រាមនុស្សស្លាប់ដោយសារជាតិគីមីក៏ច្រើនដែរ អញ្ចឹងកសិករទាំងអស់គួរតែចាប់យកការដាំដុះដោយមិនប្រើជាតិគីមីវិញ

អ្នកគ្រប់គ្រងកម្មវិធីប្រតិបត្តិការមូលដ្ឋានផ្នែកកសិកម្មនៅអង្គការសេដាកលោក គាម មករាឌី លោកសម្ដែងការ គាំទ្រនៅពេលមានកសិដ្ឋានដាំបន្លែសរីរាង្គនេះ ហើយថាការដាំមិនប្រើសារធាតុគីមីអាចជួយកាត់បន្ថយហានិភ័យទាក់ទង់នឹងគ្រោះថ្នាក់នៃសារធាតុគីមីមាននៅក្នុងបន្លែ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពពេលបរិភោគ។ លោកមានប្រសាសន៍ថា៖ “ការផលិតនៅក្នុងស្រុក៥០%នៃបន្លែដែលដាក់លក់នៅលើទីផ្សារហ្នឹង គឺបានផលិតដោយកសិកខែ្មរ ទន្ទឹមហ្នឹងមានបន្លែខ្លះជាបន្លែដែលផលិតតាមគោលការណ៍ធម្មជាតិដោយមិនប្រើប្រាស់សារធាតុគីមីនិងបន្លែខ្លះទៀតប្រើ់ប្រាស់សារធាតុគីមី។ អញ្ចឹងបើតាមការប៉ានប្រមាណទៅ បន្លែដែលផលិតមិនប្រើប្រាស់សារធាតុគីមីនេះគឺមានតែ១០%ទេ

លោក គាម មករាឌី បន្តថាសព្វថ្ងៃកម្ពុជានាំបន្លែពីប្រទេសជិតខាងពី៣០០ទៅ៥០០តោនក្នុងមួយថ្ងៃ ហើយបន្លែទាំងនោះភាពច្រើនគឺប្រើប្រាស់គីមី។ លោកស្នើឲ្យរដ្ឋាភិបាលធ្វើការទប់ស្ដាត់និងពិនិត្យឲ្យបានត្រឹមត្រូវមុននឹងនាំបន្លែចូលនិងធ្វើការផ្សព្វផ្សាយទៅកសិករពីផលប៉ះពាល់ការប្រើជីនិងថ្នាំគីមី ដើម្បីឲ្យពួកគេឈប់ប្រើបន្តទៀត។

លោក អៀង សុធារ៉ា មានប្រសាសន៍ថា ដើម្បីឈប់ដាំបន្លែដោយប្រើជាតិគីមី លោកស្នើឲ្យមានការចូលរួមគ្រប់ភាគីទាំងអស់ជួយផ្សព្វផ្សាយពីផលប៉ះពាល់និងគ្រោះថ្នាក់ពេលហូបបន្លែគីមីនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ