មន្រ្តីតុលាការថាកំពុងស៊ើបអង្កេតករណីឧកញ៉ាពីររូបកាប់បំផ្លាញដីព្រៃឈើ

មន្រ្តីតុលាការខេត្តក្រចេះអះអាងថាស្ថាប័ននេះកំពុងធ្វើការស៊ើបអង្កេតលើកឧកញ៉ាពីររូបដែលពលរដ្ឋនិងមន្ត្រីសង្គមស៊ីវិលបានប្ដឹងទាក់ទងនឹងការកាប់បំផ្លាញដីព្រៃឈើ។

កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ ប្រជាពលរដ្ឋនិងមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុកបានប្តឹងឧកញ៉ាពីររូបគឺមានឧកញ៉ា ប៊ុត ប៊ុនអេង និង លឹម ប៊ុនណា ហៅខ្នា ទៅសាលាដំបូងខេត្តក្រចេះ ពីបទកាប់បំផ្លាញព្រៃឈើទំហំ៣២១០ហិកតា នៅតំបន់ព្រៃស្រោង ស្ថិតនៅឃុំឫស្សីស្រស់ ស្រុកព្រែកប្រសព្វ។

តំណាងអយ្យការសាលាដំបូងខេត្តក្រចេះ លោក ហាក់ ហ៊ាន់ មានប្រសាសន៍ប្រាប់វីអូឌីថា ជំហានដំបូងគឺកោះហៅម្ចាស់បណ្តឹងមកសាកសួរ ដែលលោកថានៅព្រឹកមិញនេះក៏មានមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ ចូលការពារបណ្តឹងនោះ។ លោកបន្តថា លោកក៏នឹងកោះហៅពលរដ្ឋជាច្រើននាក់និងមន្ត្រីសុរិយោដីសាកសួរបន្ថែមចំពោះករណីនេះ។

លោកមានប្រសាសន៍ថា៖ “ខ្ញុំនឹងកោះហៅ ប៉ុន្តែយើងអត់ទាន់កោះហៅ យើងហៅប្រជាពលរដ្ឋសិន ដែលគេហៅថា ដើម្បីមានមូលដ្ឋាន ដែលពាក់ព័ន្ធជាមួយបណ្ដឹងហ្នឹងសិន ហើយចាំយើងទាក់ទងសាក្សីជំនាញពាក់ព័ន្ធទីកន្លែងសំណុំរឿងហ្នឹង

លោក ហាក់ ហ៊ាន់ អះអាងថាលោកក៏បានកោះហៅឧកញ៉ា ប៊ុត ប៊ុនអេង និងឧកញ៉ា លឹម ប៊ុនណា ប៉ុន្តែអ្នកទាំងពីរឲ្យមេធាវីចូលមកជំនួស។

មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុកលោក ប៉ែន ប៊ុណ្ណារ៍ ដែលចូលការពារបណ្តឹងនោះឲ្យដឹងថា តុលាការមិនបានសួរលោកច្រើនទេ គ្រាន់តែសួរលោកពីមូលហេតុនៃការចូលរួមដាក់ពាក្យបណ្ដឹងនេះជាមួយពលរដ្ឋតែប៉ុណ្ណោះ។ លោកអះអាងបន្តថា សព្វថ្ងៃនេះព្រៃស្រោងដែលមានទំហំ៣២១០ហិកតា ត្រូវបានឧកញ៉ាពីររូបនេះ ឈូសឆាយអស់។ លោកមានប្រសាសន៍ថា៖ “ខ្ញុំបានទៅឃើញទិដ្ឋភាពជាក់ស្ដែងនៃតំបន់ព្រៃហ្នឹង កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ផ្ទាល់ជាមួយនឹងតំណាងសហគមន៍ដែលគាត់ស្គាល់ទីតាំងនោះច្បាស់។ ហើយយើងឃើញថា ព្រៃទាំងអស់នោះត្រូវបានឈូសឆាយអស់ហើយ ហើយនៅក្បែរនឹងមានផ្ទះ ភូមិគ្រឹះធំមួយដែលសងពីឈើប្រណិតសុទ្ធ ហើយមកដល់ពេលនេះសងមិនទាន់រួចទេ។ យើងសាកសួរទៅ គឺជាភូមិគ្រឹះលោកឧកញ៉ា លឹម ប៊ុនណា

នៅក្នុងពាក្យបណ្ដឹងរបស់ពលរដ្ឋនិងមន្ត្រីសង្គមស៊ីវិលបានឲ្យដឹងថាតំបន់ព្រៃស្រោង ស្ថិតនៅឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ មានទំហំ៣២១០ហិកតា ត្រូវបានឧកញ៉ាលោក ប៊ុត ប៊ុនអេង និងលោក លឹម ប៊ុនណា បានឈូសឆាយអស់ហើយសព្វថ្ងៃនេះ លោក លឹម ប៊ុនណា កំពុងសាងសងផ្ទះធ្វើពីឈើប្រណិត។

វីអូឌីមិនអាចស្វែងរកការទាក់ទងឧកញ៉ាទាំងពីរនេះបាននៅឡើយទេ។

គួរបញ្ជាក់ថាកាលពីថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីបានព្រមានដល់មន្ត្រីពាក់ព័ន្ធឲ្យបង្រ្កាបការដឹកឈើទៅប្រទេសវៀតណាម ដោយលោក ហ៊ុន សែន បានលើកចំឈ្មោះឧកញ៉ាពីររូបគឺលោក លឹម ប៊ុនណា ហៅខ្នានិងឧកញ៉ា សឹង សំអុល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ