ភាគីវៀតណាមបានសង់ប៉ុស្តិ៍យាមចំនួនពីរនៅជាប់ព្រំដែនក្នុងតំបន់ហាមឃាត់ ស្ថិតក្នុងស្រុកអូយ៉ាដាវ ខេត្តរតនគិរី នៅក្នុងខែសីហានេះ។ នេះមិនទាន់រំលឹកពីការជីកស្រះក្នុងខេត្តខ្មែរ ដែលវៀតណាមមិនទាន់បានលុបវិញទៅតាមការទាមទាររបស់កម្ពុជានោះទេ។
ចំណែកនៅព្រំដែនខេត្តស្វាយរៀងវិញ កាលពីឆ្នាំ២០១៥ គណបក្សប្រឆាំងនិងពលរដ្ឋខ្មែរអះអាងវៀតណាមសង់ផ្លូវចូលក្នុងព្រំដែនតំបន់ស ហើយពេលនោះតំណាងរាស្ត្របក្សប្រឆាំងនិងពលរដ្ឋខ្មែររាប់រយនាំគ្នាទៅតវ៉ា ហើយមានការប៉ះទង្គិចជាមួយកម្លាំងប្រដាប់អាវុធវៀតណាម។
ការបន្តសកម្មភាពរបស់វៀតណាមដែលមជ្ឈដ្ឋានខ្មែរអ្នកស្នេហាជាតិចាត់ទុកថាជាការឈ្លានពានទឹកដីនោះ គឺកើតឡើងជាបន្តបន្ទាប់ គ្រាន់តែស្ងប់មួយរយៈនៅពេលពលរដ្ឋខ្មែរនាំគ្នាតវ៉ា ហើយនៅពេលពលរដ្ឋខ្មែរកំពុងតែផ្តោតអារម្មណ៍លើករណីលោក កែម ឡី បញ្ហាព្រំដែនវៀតណាមក៏កម្រើកឡើងវិញ។
ហេតុអ្វីវៀតណាមមិនស្តាប់កម្ពុជា ដោយនៅតែសង់សំណង់នៅតាមតំបន់ប្រទាញប្រទង់?
ហេតុផលមួយចំនួនដែលអ្នកវិភាគមើលឃើញពីការកម្រើកឡើងវិញរឿងព្រំដែននេះ ដោយសារកត្តានយោបាយការបរទេសកម្ពុជានិងបញ្ហានយោបាយផ្ទៃក្នុងកម្ពុជា។
បញ្ហាផ្ទៃក្នុងកម្ពុជាគឺតំណាងរាស្ត្រនិងសកម្មជនសរុបជិត២០នាក់ត្រូវរដ្ឋាភិបាលចាប់ដាក់ពន្ធនាគារក្នុងបទចោទផ្សេៗគ្នា ប៉ុន្តែមួយចំនួនពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយវៀតណាម។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី និយាយថាទំនងជាប្រជាប្រទេសជិតខាងមើលឃើញថា អ្នកនយោបាយខ្មែរងាយនឹងបាចទឹកដាក់គ្នា បង្កឲ្យមានជម្លោះផ្ទៃក្នុងពីបញ្ហាព្រំដែននេះ លោកថាទើបប្រទេសជិតខាងបង្កើតឲ្យមានព្រឹត្តិការណ៍តាមព្រំដែននេះឡើងវិញ។
លោកថា៖ «រឿងបញ្ហាព្រំដែននេះ ខ្ញុំគិតថាវាជាភ្លើងមួយដែលវៀតណាមអាចនឹងយកមកប្រើដើម្បីដុត ឲ្យទំនាស់ស្ថានការណ៍នយោបាយផ្ទៃក្នុង ជាពិសេសអ្នកដឹកនាំខ្មែរ ដែលចូលចិត្តលាបពណ៌គ្នាហ្នឹង ងាយស្ទុះទៅឈ្លោះគ្នាឬខ្មែរយើងហៅថា ខាំគ្នា គឺងាយស្រួល”។
លោកបន្តទៀតថា៖ “នយោបាយហ្នឹង គឺជានយោបាយបង្កើតនូវទំនាស់ផ្ទៃក្នុងដោយសារតែអ្នកនយោបាយខ្មែរមិនសូវជាមានសមត្ថភាពធ្វើការជាមួយគ្នា។ បើយើងនិយាយពីការបែកបាក់វាមានភាពធំធេង។ អ្វីដែលកើតឡើងនេះ យើងឃើញថាវាធំធេងណាស់ អញ្ចឹងបញ្ហាព្រំដែននេះ មិនមែនខ្មែរអ្នកបង្កើតមុនទេ គឺវៀតណាមអ្នកបង្កើតមុន បានជាយើងកើតការសង្ស័យមួយថា ហេតុអីបានជានៅពេលដែលយើងមានភាពតានតឹងនៅក្នុងស្រុក វាតែងតែមានការឈ្លៀតឱកាសពីវៀតណាមនៅខាងក្រៅ“។
បញ្ហាព្រំដែនអ្នកវិភាគយល់ថាជាសន្លឹកបៀរចុងក្រោយដែលគណបក្សកាន់អំណាចយកមកប្រើ ដើម្បីស្តាប្រជាប្រិយភាពឡើងវិញ។ នេះជាការវិភាគរបស់លោក សូ ចន្ថា សាស្ត្រាចារ្យផ្នែកនយោបាយ។
លោកវិភាគថា៖ “វាអាចជាសេណារីយោមួយដែលបក្សកាន់អំណាចប្រើប្រាស់ជាសន្លឹកបៀរចុងក្រោយ ពីព្រោះមកទល់ពេលនេះយើងឃើញហើយ បក្សបានប្រើយុទ្ធសាស្ត្រច្រើនមែនទែន រហូតដល់មេបក្សចុះទៅដល់មូលដ្ឋានឃោសនាមុនពេលដែលរយៈពេលឃោសនាចាប់ផ្តើមទៅទៀត។ ខ្ញុំគិតថានេះជាសេណារីយោថ្មីមួយដែលអាចទាក់ទាញសំលេងឆ្នោត”។
ទោះជាយ៉ាងណាសាស្ត្រាចារ្យនយោបាយរូបនេះយល់ថាការប្រើប្រាស់បញ្ហាព្រំដែន ដើម្បីទាក់ទាញការគាំទ្រឡើងវិញ គឺមិនមានផលចំណេញដល់ជាតិនោះទេ បើខ្មែរមិនឯកភាពផ្ទៃក្នុង។
លោកមានប្រសាសន៍ថា៖ “បើសិនជាការពិតខ្ញុំគិតថា នយោបាយបែបនេះមិនធ្វើឲ្យកម្ពុជាចំណេញទេ ផ្ទុយទៅវិញធ្វើឲ្យកម្ពុជាខាតបង់ទៅវិញ ពីព្រោះប្រទេសអាចការពារបូរណភាពទឹកដីបានលុះត្រាតែប្រទេសនោះឯកភាពផ្ទៃក្នុង។ ចឹងកម្ពុជាដូចគ្នាដែរ…”។
ការកម្រើកឡើងវិញពីបញ្ហាព្រំដែននេះក៏ជាផ្នែកមួយពាក់ព័ន្ធនឹងនយោបាយការបរទេសកម្ពុជាផងដែរ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងថាការដែលវៀតណាមផ្តើមបង្កើនកំដៅតាមព្រំដែនឡើងវិញ លោកថាមកពីរដ្ឋាភិបាលកម្ពុជាពេលនេះកំពុងងាកទៅរកមហាអំណាចចិន ដែលចិនជាគូជម្លោះរបស់វៀតណាមក្នុងបញ្ហាសមុទ្រចិនខាងត្បូង។
លោក ឯម សុវណ្ណារ៉ា វិភាគថាករណីព្រំដែននេះ វៀតណាមចង់បង្ហា្ញញថាកម្ពុជាមិនអាចងាកទៅចិនដោយបំភ្លេចបង្កើនទំនាក់ទំនងល្អជាមួយប្រទេសជិតខាងមួយនេះបានទេ។
បើតាមលោក ឯម សុវណ្ណារ៉ា កម្ពុជាត្រូវពង្រឹកយន្តការការពារបូរណភាពទឹកដី ទាំងធនធានមនុស្ស ទាំងកម្លាំងប្រដាប់អាវុធ ដែលលោកថាដើម្បីកុំឲ្យប្រទេសជិតខាងមើលឃើញថាកម្ពុជាងាយរំលោភបំពានបាន។
លោកថា៖ «ទស្សនខ្ញុំផ្ទាល់ គឺកម្ពុជាត្រូវពង្រឹងខ្លួនឯង ដែលអាចការពារបូរណភាពទឹកដីបាន។ ពង្រឹងខ្លូនឯងទាំងវិស័យកម្លាំង ទាំងវិស័យបញ្ញា។ បើយើងនិយាយពីកម្លាំង គឺយើងគិតពីស្ថានភាពស្ថេរភាពតាមព្រំដែនយើងហ្នឹង មានសន្តិសុខ មានខាងយោធា កងកម្លាំងប្រដាប់អាវុធ។ ខាងនគរបាលគឺយើងត្រូវមានប៉ូលីសព្រំដែន ហើយនិងយោធាធ្វើការឲ្យស៊ីសង្វាក់គ្នា។ បច្ចុប្បន្ននេះ យើងប្រើនគរបាលព្រំដែន យើងអត់ប្រើយោធាកាន់កាប់ដូចប្រទេសគេទេ។ អញ្ចឹងទេករណីហ្នឹង ត្រូវឲ្យច្បាស់ ហើយសហការគ្នាឲ្យរឹងមាំ ហើយមានការផ្គត់ផ្គង់នៅតាមមូលដ្ឋាននិងនៅតាមភូមិសាស្ត្រជាក់ស្តែង»។
កាលពីឆ្នាំ២០០៨ គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតធ្លូកទឹកធ្លូកដីរហូតដល់៩០អាសនៈក្នុងចំណោមអសនៈសរុប១២៣។ កាលណោះគណបក្សកាន់អំណាចត្រូវបានគេមើលឃើញថា ហ៊ានបញ្ចេញសាច់ដុំដោយប្រើកម្លាំងទ័ពតតាំងជាមួយយោធាថៃដែលចូលមកកាន់កាប់តំបន់ប្រាសាទព្រះវិហារ។
ប៉ុន្តែបើក្រឡេកមើលបញ្ហាព្រំដែនជាមួយវៀតណាមវិញ អ្នកវិភាគមិនទាន់ឃើញគណបក្សប្រជាជនកម្ពុជាដែលតែងតែរំលឹកគុណវៀតណាមនោះ ហ៊ានបញ្ចេញសាច់ដុំដាក់នោះទេ បើទោះជាវៀតណាមបានជីកស្រះនិងសង់ប៉ុស្តិ៍ចូលក្នុងតំបន់ប្រទាញប្រទង់ក៏ដោយ គឺរដ្ឋាភិបាលកម្ពុជាបានត្រឹមធ្វើកំណត់ទូតតវ៉ា។
មកដល់ពេលនេះកំណត់ទូតតវ៉ាជាច្រើន រដ្ឋាភិបាលអះអាងថាបានដាក់ទៅកាន់រដ្ឋាភិបាលវៀតណាម ប៉ុន្តែវៀតណាមនៅតែបន្តមហិចតារបស់ខ្លួន៕