អាជ្ញាធរថៃបានឲ្យដឹងថា នៅព្រឹកថ្ងៃសុក្រនេះមានការបំផ្ទុះគ្រាប់បែក៤កន្លែងបន្ថែមទៀតនៅក្នុងតំបន់ទេសចរណ៍នៃប្រទេសថៃ បណ្តាលឲ្យចំនួនអ្នកស្លាប់កើនដល់៤នាក់និងអ្នករបួសជាង២០នាក់។
កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ មានការបំផ្ទុះគ្រាប់បែកនៅទីក្រុងហូហ៊ីន បណ្តាលស្លាប់ស្ត្រីជនជាតិថៃម្នាក់ និង ជាង២០នាក់របួសក្នុងនោះមានជនបរទេស៩នាក់។ ដោយឡែកនៅព្រឹកថ្ងៃសុក្រមានការបំផ្ទុះ៤កន្លែងផ្សេងផ្សេងទៀតនាំឲ្យអ្នកស្លាប់កើនដល់៤នាក់។
កន្លែងដែលរងការវាយប្រហារដោយបំផ្ទុះគ្រាប់បែកបន្ថែមនៅព្រឹកនេះទៀតនោះរួមមាននៅទីក្រុងភូកេត នៅ ខេត្តត្រាង នៅប៉ាងហ្គា និងខេត្តសូរ៉ាតថានី។
ជនបរទេសដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរួមមានជនជាតិអាល្លីម៉ង់ អ៊ីតាលី ហូឡង់ និងអូស្ត្រាលី។
មេដឹកនាំយោធាថៃ លោក ប្រាយុទ្ធ ចាន់អូចា បានអំពាវនាវឲ្យប្រជាពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ ហើយបញ្ជាក់ថារហូតដល់រសៀលថ្ងៃសុក្រនេះ មិនទាន់ដឹងថាអ្នកណានៅពីក្រោយការវាយប្រហារនេះនៅឡើយទេ។ ការថា ការវាយប្រហារជាបន្តបន្ទាប់នេះជាចេតនាធ្វើឲ្យប្រទេសជាតិមានចលាចល។
លោក ប្រាយុទ្ធ ចោទជាសំនួរថា ហេតុអ្វីបានជាក្រុមនោះបើកការវាយប្រហារនៅប្រទេសនៅថៃដែលកំពុងមានសន្តិភាព កំពុងមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចនិងទេសចរណ៍។ តើអ្នកឯងជានរណា? ត្រូវស្វែងរកឲ្យឃើញ៕