លោក ស ខេង​ លើកឡើងពីចំណុចគ្រោះថ្នាក់នៃការមិនផ្ទេរអំណាច​ឲ្យថ្នាក់ក្រោម​

រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ លោក ស ខេង

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជំរុញឲ្យមានការផ្ទេរអំណាចឲ្យមន្ត្រីថ្នាក់ក្រោមជាតិ ដើម្បីធានាប្រសិទ្ធិភាពការងារ ដោយលោកចាត់ទុកថាផ្ទេរអំណាចជាការអនុវត្តកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ។

នៅក្នុងកិច្ចប្រជុំលើកទី១២របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) កាលពីថ្ងៃទី១១ ខែសីហា លោក ស ខេង ថ្លែងប្រាប់មន្ត្រីថា មិនត្រូវបន្តអូសបន្លាយពេលវេលាក្នុងការផ្ទេរមុខងារទៀតទេ។ នេះបើតាមហ្វេសប៊ុក គ.ជ.អ.ប។

លោក ស ខេង ចាត់ទុកការផ្ទេរអំណាចនិងមុខងារជាចំណុចស្លាប់របស់វិមជ្ឈការនិងវិសហមជ្ឈការ៖ «ការផ្ទេរមុខងារនិងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិគឺជាកត្តាស្លាប់រស់នៃកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ព្រោះថាបើគ្មានការផ្ទេរមុខងារនិងសិទ្ធិអំណាចជាក់លាក់ទៅអោយរដ្ឋបាលថ្នាក់ក្រោមជាតិទេ នោះពុំចាំបាច់រៀបចំនិងអនុវត្តកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការនោះឡើយ»

វិមជ្ឈការមានន័យថារាជរដ្ឋាភិបាលប្រគល់អំណាចការទទួលខុសត្រូវទៅក្រុមប្រឹក្សានៅថ្នាក់ក្រោមជាតិ។ ចំណែកឯ វិសហមជ្ឈការមានន័យថារាជរដ្ឋាភិបាលឬក្រសួងស្ថាប័នធ្វើប្រតិភូកម្ម មុខងារ សិទ្ធិអំណាច និងធនធានទៅអង្គភាពក្រោមបង្គាប់ឬទៅក្រុមប្រឹក្សាប្រភេទណាមួយ ដើម្បីអនុវត្តមុខងារនេះក្នុងនាមរាជរដ្ឋាភិបាល ក្រសួងឬស្ថាប័ននោះ។

ពេលរុះរើគណៈរដ្ឋមន្ត្រីនៅអាណត្តិទី៥នេះ លោកនាយករដ្ឋមន្ត្រីបានស្តីបន្ទោសដល់មន្ត្រីមួយចំនួនដែលក្តោបក្តាប់អំណាច បក្ខពួកនិយម និងគ្រួសារនិយមនៅតាមក្រសួងស្ថាប័ន នាំឲ្យប៉ះពាល់ដល់ដំណើរការការងារ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ