លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសៅរ៍នេះ បានសម្រេចដកតំណែងប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោក សុខ សុគន្ធ ពីរថ្ងៃក្រោយពីមន្ត្រីសុខាភិបាលរាជធានីភ្នំពេញ បានចាប់រថយន្តសង្គ្រោះមួយគ្រឿងរបស់វិទ្យុ ABC។
ប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការដកតំណែងប្រធានមន្ទីរសុខាភិបាលរូបនេះ នៅតាមវិទ្យុ ABC នៅព្រឹកថ្ងៃសៅរ៍នេះ នៅពេលលោកទូរស័ព្ទដោយផ្ទាល់ទៅកាន់សហការីនៃវិទ្យុមួយនេះ ដែលជាវិទ្យុរបស់លោក សេង ប៊ុនវេង ហៅ អាចារ្យ អេ។
ថ្លែងតាមវិទ្យុ លោកមានប្រសាសន៍ថា៖ «ខ្ញុំសូមបញ្ជាក់ថា ដើម្បីធ្វើការប៉ះប៉ូវ ខ្ញុំអត់មានជម្រើសណាផ្សេង។ ខ្ញុំបានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាលហើយ ឲ្យដកប្រធានមន្ទីរសុខាភិបាល។ វាមិនមែនជាបញ្ហាឈ្នះចាញ់ទេ ប៉ុន្តែ វាជាបញ្ហាមួយដែលធ្វើឲ្យមានការភាន់ច្រឡំចំពោះនយោបាយរាជរដ្ឋាភិបាល។ ដូច្នេះ ក្នុងឋានៈអ៊ុំជានាយករដ្ឋមន្ត្រីនៃប្រទេសមួយ ត្រូវតែមានការទទួលខុសត្រូវចំពោះកំហុសឆ្គងរបស់មន្ត្រីថ្នាក់ក្រោម»។
ការប្រកាសដកតំណែងប្រធានមន្ទីរសុខាភិបាលរូបនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ ស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយអន្តរាគមន៍ករណីរថយន្តសង្គ្រោះរបស់វិទ្យុ ABC ត្រូវបានសមត្ថកិច្ចរឹបអូស កាលពីព្រឹកថ្ងៃទី១១ ខែសីហាកន្លងមកនេះ។
សារព័ត៌មានក្នុងស្រុកនានា បានចុះផ្សាយថា រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងរបស់វិទ្យុ ABC ត្រូវបានមន្ត្រីសុខាភិបាលឃាត់ទុក និងបានរកឃើញថា រថយន្តនោះ ត្រូវបានដាក់ឲ្យប្រតិបត្តិការដោយពុំមានការចុះបញ្ជីរថយន្តគិលានសង្គ្រោះ និងគ្មានច្បាប់អនុញ្ញាតិពីក្រសួងសុខាភិបាល៕