សកម្មជនដីធ្លីនៅបុរីកីឡា៤នាក់ ដែលចូលរួមក្នុងយុទ្ធនាការអាវខ្មៅ ទាមទារឲ្យ ដោះលែងមន្រ្តី សិទ្ធិមនុស្សអាដហុក៤រូប និង អគ្គលេខាធិការងគ.ជ.ប នៅថ្ងៃចន្ទនេះ ត្រូវបានសមត្ថកិច្ចឃាត់។
អ្នកទាំង៤ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះរួមមាន អ្នកស្រី ស ស៊ន តំណាង ពលរដ្ឋ បុរីកីឡា អ្នកស្រី ភោគ សុភីន អ្នកស្រី ណាត ស្រីណាក់ និង លោកនូ សាត។
មន្ត្រីជាន់ខ្ពស់អង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា រហូតដល់ម៉ោង១២ថ្ងៃត្រង់ អ្នក៤នោះ ស្ថិតក្នុងអធិការដ្ឋាននគរបាលខណ្ឌ៧មករានៅឡើយ។
គួរបញ្ជាក់ថា យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ សហគមន៍ដីធ្លី និង មន្ត្រីសង្គមស៊ីវិលធ្វើឡើង ដើម្បី សុំដោះលែងមន្រ្តីសិទ្ធិមនុស្ស អាដហុក លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និង អ្នកស្រី លឹម មុន្នី និងមន្រ្តី គ.ជ.ប លោក នី ចរិយា ដែលរងការចោទ ពីបទសូក ប៉ាន់ សាក្សីនិងសមគំនិត ក្នុងអំពើសូកប៉ាន់សាក្សីទាក់ទងសំណុំរឿងលោក កឹម សុខា៕