មន្ត្រីតុលាការរាជធានីភ្នំពេញបានឲ្យដឹងថា មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុកម្នាក់ទៀត ត្រូវបានតុលាការកោះហៅឲ្យចូលបំភ្លឺនៅសប្ដាហ៍ក្រោយ ជុំវិញសំណុំរឿងសូកប៉ាន់សាក្សីដែលពាក់ព័ន្ធនឹងមន្ត្រីការពារសិទ្ធិមនុស្ស៤រូបទៀត ដែលកំពុងជាប់ឃុំ។
លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានប្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធ Telegram នៅព្រឹកថ្ងៃនេះថាចៅក្រមស៊ើបសួរ លោក ធាម ច័ន្ទពិសិដ្ឋ បានកោះហៅអ្នកស្រី ឆន សុគន្ធា ប្រធានផ្នែកស្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុកឲ្យចូលបំភ្លឺនៅព្រឹកថ្ងៃទី២៤ ខែសីហា ជុំវិញសំណុំរឿងសូកប៉ាន់សាក្សី។
អ្នកស្រី ឆន សុគន្ធា គឺជាមន្ត្រីសង្គមស៊ីវិលម្នាក់ទៀត ដែលត្រូវបានតុលាការរាជធានីភ្នំពេញកោះហៅឲ្យចូលបំភ្លឺ បន្ទាប់ពីលោក ប៉ា ងួនទៀង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ត្រូវបានតុលាការកោះហៅឲ្យចូលបំភ្លឺនៅសប្ដាហ៍នេះ ក្នុងសំណុំរឿងដូចគ្នានេះ។
សកម្មជនការពារសិទ្ធិមនុស្ស៤រូបនៃសមាគមអាដហុកមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ាន់ដា និងលោកស្រី លឹម មុន្នី ត្រូវបានតុលាការរាជធានីភ្នំពេញចោទប្រកាន់ពីបទសូកប៉ាន់សាក្សីនិងសម្រេចដាក់ឃុំកាលពីថ្ងៃទី២ ខែឧសភាកន្លងមក ពាក់ព័ន្ធទៅនឹងសំណុំរឿងកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដែលត្រូវបានគេទម្លាយថាមានទំនាក់ទំនងស្នេហាដ៏ចម្រូងចម្រាស់ជាមួយលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ៕












