លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេចដំឡើងតំណែងប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បន្ទាប់ពីដកដំណែងបាន២ថ្ងៃ ជុំវិញរឿងការចាប់រថយន្តសង្រ្គោះបន្ទាន់របស់វិទ្យុ ABC។
ក្នុងអនុក្រឹត្យចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ស្តីពីការតែងតាំងមន្រ្តីរាជការ លោក ហ៊ុន សែន បានតែងតាំងប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោក សុខ សុគន្ធ ទៅជាអគ្គនាយករងបច្ចេកទេសសុខាភិបាលនៃក្រសួងសុខាភិបាល។
ការតែងតាំងជាថ្មីក្រោយពីដកដំណែងនេះ កើតឡើងក្រោយពីមានប្រតិកម្មភ្លាមៗពីអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន ក្រោយពីលោកនាយករដ្ឋមន្រ្តីប្រកាសដកដំណែងប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញលោក សុខ សុគន្ធ ពេលលោកហៅទូរសព្ទចូលដោយផ្ទាល់ទៅកាន់សហការីវិទ្យុ ABC។
អ្នកប្រើប្រាស់ហ្វេសប៊ុកភាគច្រើនប្រតិកម្មនឹងការសម្រេចរបស់លោក ហ៊ុន សែន ថា “ការធ្វើបែបនេះនិងធ្វើឲ្យមន្ត្រីថ្នាក់ក្រោមលែងហ៊ានអនុវត្តច្បាប់“។
កាលពីថ្ងៃទី១១ ខែសីហា ប្រធានមន្ទីរសុខាភិបាលភ្នំពេញបានបញ្ជាឲ្យក្រុមការងារចុះចាប់រថយន្តសង្គ្រោះមួយគ្រឿងរបស់វិទ្យុ ABC របស់លោក អាចារ្យអេ បន្ទាប់ពីបានរកឃើញថារថយន្តនោះត្រូវបានដាក់ឲ្យប្រតិបត្តិការ ដោយពុំមានការចុះបញ្ជីរថយន្តគិលានសង្គ្រោះនិងគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។
នៅថ្ងៃដដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅតាមវិទ្យុ ABC ពីការដកតំណែងប្រធានមន្ទីរសុខាភិបាលភ្នំពេញ លោក សុខ សុគន្ធ នៅពេលលោកទូរសព្ទដោយផ្ទាល់ទៅកាន់សហការីវិទ្យុ ABC។
ក្រោយមកមួយថ្ងៃបន្ទាប់ពីមានការរិះគន់ លោក ហ៊ុន សែន ប្រកាសថាការអនុវត្តច្បាប់របស់លោក សុខ សុគន្ធ មិនខុសនោះឡើយ ប៉ុន្តែលោកថាមានកំហុសខាងនីតិវិធី៕