អាមេរិកនិយាយថាខ្លួនបានបញ្ជូនជនជាប់ឃុំនៅពន្ធនាគារហ្គង់តាណាម៉ូ១៥នាក់ទៅប្រទេសអារ៉ាប់រួម ដែលនេះគឺជាការបញ្ជូនក្នុងចំនួនដ៏ច្រើនក្នុងពេលតែមួយនៅអំឡុងរដ្ឋបាលលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា។
សារព័ត៌មាន BBC របស់អង់គ្លេសបានដកស្រង់សម្ដីមន្ទីរបញ្ចកោណអាមេរិកដែលបាននិយាយថា ការបញ្ជូនជនជាតិយ៉េមែន១២នាក់និងជនជាតិអាហ្វហ្កានីស្ថាន៣នាក់ បានធ្វើឲ្យចំនួនអ្នកទោសនៅពន្ធនាគារនោះនៅសល់ត្រឹម៦១នាក់ នៅឯមូលដ្ឋានយោធាអាមេរិកនៅគុយបា។
BBC បានផ្សាយថាអ្នកទោសនៅទីនោះភាគច្រើនត្រូវបានដាក់ឃុំដោយគ្មានការវិនិច្ឆ័យទោសឬចោទប្រកាន់អស់រយៈពេលជាង១ទសវត្សរ៍មកហើយ។
យោងតាម BBC លោកប្រធានាធិបតី អូបាម៉ា មានបំណងបិទពន្ធនាគារនោះ មុននឹងលោកចាកចេញពីតំណែង។
សេតវិមានក៏ចង់បញ្ជូនអ្នកទោសនៅសេសសល់ទៅសហរដ្ឋអាមេរិកផងដែរ ប៉ុន្តែសភាអាមេរិកជំទាស់។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃម្សិលមិញ មន្ទីរបញ្ចកោណបាននិយាយថាសហរដ្ឋអាមេរិកអរគុណចំពោះរដ្ឋាភិបាលអារ៉ាប់រួម សម្រាប់ទង្វើមនុស្សធម៌របស់ខ្លួននិងឆន្ទៈគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិក ក្នុងការបិទមណ្ឌលឃុំឃាំងហ្គង់តាណាម៉ូ។
កាលពីខែមេសាកន្លងមក អ្នកទោសជនជាតិយ៉ែមែន៩នាក់ត្រូវបានបញ្ជូនទៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
មណ្ឌលឃុំឃាំងហ្គង់តាណាម៉ូស្ថិតនៅក្នុងមូលដ្ឋានយោធាជើងទឹកអាមេរិកនៅភាគអាគ្នេយ៍នៃប្រទេសគុយបា។
អតីតប្រធានាធិបតីអាមេរិកលោក George W Bush បានបើកមណ្ឌលឃុំឃាំងនេះ ដើម្បីឃុំខ្លួនជនសង្ស័យជាភេរវជនបរទេស បន្ទាប់ពីការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១១ ទៅលើអាមេរិក។
មណ្ឌលឃុំឃាំងដែលចំណាយប្រាក់៤៤៥លានដុល្លារក្នុងមួយឆ្នាំនោះ បានខ្លួនអ្នកទោសជាង៧០០នាក់នៅពេលមួយនោះ។
កាលពីខែកុម្ភៈកន្លងមក សេតវិមានបានបង្ហាញផែនការបិទមណ្ឌលឃុំឃាំងនេះ៕