ម្ចាស់រថយន្តធន់ធ្ងន់មួយចំនួនត្អួញត្អែរពីតម្លៃនៃការបង់ពន្ធផ្លូវសម្រាប់ឆ្នាំ២០១៦នេះថាមានតម្លៃលើសឆ្នាំមុនទ្វេរដង ដោយថាធ្វើឲ្យប៉ះពាល់ដល់ជីវភាពពួកគាត់។
ក្នុងសេចក្តីប្រកាសស្តីពីការប្រមួលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយាន្តជំនិះសម្រាប់ឆ្នាំ២០១៦ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យដឹងថាក្រសួងសម្រេចប្រមូលពន្ធចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០១៦នេះ។
បើតាមតារាងតម្លៃបង់ពន្ធគឺរថយន្តទេសចរណ៍ និងរថយន្តដឹកអ្នកដំណើរត្រូវបានរក្សាតម្លៃបង់ពន្ធដូចឆ្នាំមុនដដែល។ តែមានការប្រែប្រួលចំពោះរថយន្តដឹកទំនិញ និងរថយន្តសណ្តោង ដែលមានទម្ងន់សរុបដល់៣តោនត្រូវបង់ពន្ធ២០ម៉ឺនរៀល ពី៣តោនដល់១០តោនត្រូវបង់ពន្ធចំនួន៥០ម៉ឺនរៀល ពី១០តោនដល់២០តោនត្រូវបង់១លានរៀល ហើយចាប់ពី២០តោនឡើងត្រូវបង់២លានរៀល ដែលចំនួននេះបើធៀបទៅនឹងឆ្នាំមុនគឺមានតម្លៃទ្វេគុណ។
ម្ចាស់រថយន្តទម្ងន់២០តោនអ្នកស្រី លី គុនម៉េង ឲ្យដឹងថាក្រុមគ្រួសារគាត់មានរថយន្តដឹកទំនិញ២០តោននេះ ៩គ្រឿង ដោយខ្ចីលុយពីធនាគារមកទិញហើយមិនទាន់សងរួចទេ។ អ្នកស្រីថាការតម្លើងថ្លៃពន្ធលើរថយន្តធុនធ្ងន់ធ្វើឲ្យក្រុមម្ចាស់រថយន្តធុនធ្ងន់មិនអាចទទួលយកបាន។
អ្នកស្រីថា៖ “អត់ទាន់ទទួលយកគេថាគេអញ្ចឹងដែរ (ម្ចាស់រថយន្តធន់ធ្ងន់) ដែលគេថាគេនឹងទៅតវ៉ា។ […] ការរកស៊ីអត់បាន! យើងដឹកក៏គ្រប់តោន ហើយដឹកក៏គោរពច្បាប់ហើយអញ្ចឹងយើងដឹកអត់សល់លុយប៉ុន្មាន។ ក្នុង១ឆ្នាំយើងដឹកបានតែ៣ទៅ៤ខែ បើដូចក្រុមហ៊ុនទៅគេចេះតែដឹកគ្រប់ទៅ ដល់យើងមានតែ១ឆ្នាំដឹកបានតែ៤ខែអញ្ចឹងសម្រាក៧ទៅ៨ខែ វាអត់មានអីដឹកមានតែខែស្រូវមានស្រូវដឹក អត់ស្រូវវាអត់មានអីដឹក”។
ម្ចាស់ឡាន២០តោនម្នាក់ទៀត លោក រស់ សិត បានឲ្យវីអូឌីដឹងថា ការតម្លើងថ្លៃបង់ពន្ធផ្លូវនេះ បានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់គាត់ជាខ្លាំង ដោយលោកអះអាងថា លោកមិនទាន់បានបង់លុយដែលលោកជំពាក់ធនាគារដែលលោកខ្ចីមកទិញរថយន្តទាំងនេះ ហើយក្នុង១ឆ្នាំរថយន្តរបស់លោកអាចចេញដឹកជញ្ជូនបានតែ៦ខែ ហើយការដឹកជញ្ជូនទៀតសោតមានការបង់ប្រាក់ដល់នគរបាលចរាចណ៍តាមដងផ្លូវទៀតផង។
លោកថា៖ “ខ្ញុំអត់ទាន់មានលុយបង់ពន្ធទេបង។ កំពុងជំពាក់លុយធនាគារខ្ញុំបង់រំលោះធនាគារដល់អញ្ចឹងវាត្រូវអត់លុយ។ […] ទីមួយសេដ្ឋកិច្ចធ្លាក់ចុះ ហើយឥឡូវយើងដឹកទំងន់បានតែ៣០តោនទាំងសំបកទេឥឡូវ ហើយម្យ៉ាងឥឡូវវាលំបាកទីផ្សារដំឡូងអីវាថោក ដូចនៅវៀតណាមអីដំឡូងស្រស់១គីឡូតែ១៩០ទេ ហើយ១គីឡូគេកាត់១០%ទៀតក្នុង១តោនគេកាត់១០០គីឡូ”។
លោកចង់ឲ្យរដ្ឋាភិបាលរក្សាតម្លៃពន្ធប្រចាំឆ្នាំនៅតម្លៃដូចពីមុនគឺ៧៥ម៉ឺនរៀល។
វីអូឌីមិនអាចទាក់ទងអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារលោក គង់ វិបុល បាននៅឡើយទេ ដោយទូរសព្ទចូលតែគ្មានអ្នកទទួល។
នាយកប្រតិបត្តិសម័ន្ធគណនេយ្យភាពសង្គមលោក សន ជ័យ យល់ថាការតម្លើងពន្ធនេះជាការដើរផ្ទុយពីគោលការណ៍របស់រដ្ឋាភិបាលកាលពីឆ្នាំ២០១២ ដែលសម្រេចឲ្យមានការយកពន្ធទៅតាមឆ្នាំនៃការផលិតរថយន្ត។ លោកបន្ថែមថាការធ្វើបែបនេះវាជាបន្ទុកបន្ថែមទៅលើប្រជាពលរដ្ឋទូទៅ ព្រោះអាចធ្វើឲ្យទំនិញឡើងថ្លៃ។
លោកថា៖ “ព្រោះអីរថយន្តដឹកទំនិញនេះជាអ្នកដែលជួយរួមចំណែកច្រើនដល់សេដ្ឋកិច្ចជាតិ ជាអ្វីមួយដែលគួរឲ្យលើកទឹកចិត្តសម្រាប់ការប្រើប្រាស់ ហើយគួរតែមានការយោគយល់ទម្លាក់តម្លែដែលស្នើឡើងវិញនោះទៅព្រោះអីប្រទេសដែលគេមានសេដ្ឋកិច្ចល្អប្រសើរគេប្រើប្រាស់ការដឹកជញ្ជូនហ្នឹង។ ព្រោះអីបើសិនជាពន្ធឡើងការដឹកជញ្ជូនវាអាចឡើងថ្លៃដែរ ”។
បើតាមអគ្គនាយកដ្ឋានពន្ធដារ ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនក្នុងឆ្នាំ២០១៥ គឺមានទឹកប្រាក់ចំនួន ១២០ពាន់លានរៀលឬប្រហែល៣០លានដុល្លារ៕