ក្រុមសហជីពថាការបិទសហគ្រាសនិងរោងចក្រកាត់ដេរ ដោយសារគេចវេសមិនអនុវត្តតាមច្បាប់

ក្រុមសហជីព ដែលធ្វើការពាក់ព័ន្ធនឹងសហគ្រាស និងរោងចក្រកាត់ដេរ អះអាងថា សហគ្រាសគ្រឹះស្ថាន និងរោងចក្រកាត់ដេរដែលបានបិតទ្វារនាពេលកន្លងមក គឺដោយសារមិនបានអនុវត្តតាមច្បាប់នោះ។

កាលពីថ្ងៃទី១៦ ខែសីហា ម្សិលមិញ រដ្ឋមន្ត្រីក្រសួងការងារលោក អ៊ិត សំហេង បានសរសេរបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក របស់លោកថា មានសហគ្រាសគ្រឹះស្ថាន និងរោងចក្របិទទ្វារលែងតំណើរការចំនួន៨ ដោយលោកថា ការបិតមិនឲ្យដំណើរការនោះ គឺដោយសារគេចវេសមិនអនុវត្តតាមច្បាប់ ដែលធ្វើប៉ះពាល់ដល់ជីវភាពរបស់បងប្អូនកម្មករនិយោជិត។

លោកបញ្ជាក់ថា៖ “ក្រសួងការងារនិងបណ្ដុះបណ្ដាលវជ្ជាជីវៈ បន្តអនុវត្តដោយហ្មឺងម៉ាត់ នូវកំណែទម្រង់ទាំង៥ដើម្បីបង្កើនប្រសិទ្ធភាពការងារផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ”

លោក អ៊ិត សំហេង បានសរសេរបន្តថា  វិស័យការងារខែកក្កដាឆ្នាំ២០១៦  មានសហគ្រាសគ្រឹះស្ថាន សរុបមាន ៦៧៤២ ក្នុងនោះ មានសហគ្រាសគ្រឹះស្ថានដែលទើបបើកថ្មីមានចំនួន៥៧ ក្នុងនោះមានរោងចក្រកាត់ដេរនិងផលិតស្បែកជើង២០ ហើយសម្រាប់រោងចក្រកាត់ដេរនិងផលិតស្បែកជើង១០២៧ ដែលមានកម្មករនិយោជិតកំពុងបម្រើការងារមានចំនួនជាង ១ ១១៨ ១៧៥នាក់។

ទីប្រឹក្សាសហជីពកម្មករ លោក ជា មុន្នី មានប្រសាសន៍ថា សហគ្រានិងរោងចក្រដែលបិទទ្វារ ដោយមិនបានអនុវត្តតាមនោះគឺ គ្រាន់តែបិតមួយរយៈសិន  ហើយមិនយូរមិនឆាប់ពួកគេនឹងបើកវិញ ។   លោកថា សម្រាប់រោងចក្រដែលបិតទ្វារ ដោយមិនបានផ្ដល់ប្រាក់អត្ថប្រយោជន៍ឲ្យកម្មករនោះ មិនមែនមានតែ៨ ដូចការលើកឡើងរបស់លោករដ្ឋមន្ត្រីក្រសួងការងារនោះទេ ។

លោកមានប្រសាសន៍ថា៖ ”រោងចក្របិតទ្វា ហើយកម្មករអត់ទទួលបានសំណងសឹងតែទាំងអស់ អត់មានប្រាក់ខែ អត់មានសំណង អត់មានវិធានការចំពោះអ្នកវិនិយោគទុនក្នុងស្រុកខ្មែរ យើងចាប់គាត់ដើម្បីឲ្យគាត់ទទួលមុខចំពោះមុខច្បាប់កម្ពុជា ខ្ញុំរកមើលទៅដូចមិនឃើញទេ”។

ប្រធានសម្ព័ន្ធសហជីពជាតិ លោក ហ្វា សាលី មានប្រសាសន៍ថា ប្រសិនបើនិយោជគនៅតែប្រវិធីបែនេះ ធ្វើឲ្យប៉ះពាល់ដល់ជីវិតរស់នៅរបស់កម្មករ ដោយពួកគេមិនបានទទួលផលប្រយោជន៍ផ្សេងៗ ពីថៅកែ ។

លោកមានប្រសាសន៍ថា៖”យើងឃើញថាមានក្រុមហ៊ុនមួយចំនួននៅតែមិនមានប្រាក់តំកល់មិនមាននៅក្នុងធនាគារ ដើម្បីទូទាត់ប្រាក់ឈ្នួលជូនកម្មករទេ គឺអ្វីដែលពិបាកជាងគឺកម្មករនៅតែល្ហេមល្ហាម មុខរោងចក្រយំស្រែកតវ៉ា ប្ដឹងផ្ដល់រាប់ខែពួកគាត់ខាតបង់ពេលវេលា ចិញ្ចឹមប្រពន្ធកូន ខាតបង់ការងារមិនបានទៅធ្វើការកន្លែងថ្មីៗ។ អាហ្នឹងវាជាខាត់បងធ្ងន់ធ្ងរសម្រាប់កម្មករ-កម្មាកានី ដែលរាជរដ្ឋាភិបាលមិនសូវបានជាយកចិត្តទុកដាក់ឲ្យបានខ្ពស់ពាក់ព័ន្ធទៅលើកបញ្ហាហ្នឹងទេ”។

ដោយឡែក ប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជា ឬហៅកាត់ថា GMAC  លោក វ៉ាន់ ស៊ូអៀង លើកឡើងថា លោកមិនបានដឹងរឿងនេះ ដោយលោកសុំមិនឆ្លើយលម្អិតពីការបិទសហគ្រាស និងរោងចក្រនៅកម្ពុជា។

ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ មានប្រសាសន៍ថាចាប់ពីខែមករា រហូតដល់ខែសីហា ក្នុងឆ្នាំ២០១៦ នេះ រោងចក្រដែលបិទទ្វារមានជាង២០០ ប៉ុន្តែលោកថាក្នុងនោះមាន១៩២ ក្រុមហ៊ុន គឺមិនបានបិទទ្វារទេ គ្រាន់ជាការផ្លាស់ទីតាំងទៅតាមខេត្ត ដោយមិនបានជម្រះបញ្ជីទៅតាមផ្លូវតុលាការ ដោយនិយោជគទាំងនោះបានឃុកឃិតគ្នាជាមួយមន្ត្រីមួយចំនួន មេធាវី និងរដ្ឋបាលនៅក្នុងរោងចក្រនោះ។

ទោះជាយ៉ាង លោកស្នើឲ្យក្រសួងតាមដានការចំពោះមន្ត្រីមួយចំនួនដែលពាក់ព័ន្ធ ដែលសមគំនិតជាមួយនិយោជគ ដើម្បីកេងប្រវ័ញលុយកម្មករនោះ ដោយត្រូវតែចាត់វិធានទៅតាមនីតិវិធីច្បាប់។

លោកមានប្រសាសន៍ថា៖ ”សូមឲ្យរដ្ឋមន្ត្រីក្រសួងការងារតាមមើលរោងចក្រ៨ ដែលបិតទ្វានេះ បើបិទត្រូវឲ្យជម្រះបញ្ជីនៅតុលាការ ហើយកុំឲ្យវាបើកវិញនៅក្នុងរយៈពេល៥ឆ្នាំ បើសិនជាអញ្ចឹងចាប់វាដាក់គុកទៅព្រោះអាហ្នឹងខុសច្បាប់។ មួយទៀតបើក្រុមហ៊ុនផ្ទេរពីកន្លែងមួយទៅកន្លែងមួយ ឲ្យវាច្បាស់ថាផ្ទេរ បន្ទាប់មកត្រូវសងលុយកម្មករយ៉ាងម៉េច”។

ការបិតរោងចក្រដោយមិនបានផ្ដល់អត្ថប្រយោជន៍ផ្សេងៗ ពីថៅកែក្រុមហ៊ុន បានធ្វើឲ្យពួកគេនាំគ្នាតវ៉ានៅមុខរោងចក្រ បើគ្មានដោះស្រាយមករកអន្តាគមន៍ពីរដ្ឋាភិបាល ប៉ុន្តែការតវ៉ានេះក៏ត្រូវបានសមត្ថកិច្ច រារាំងដោយ ពួកគេអះអាងថា ការតវ៉ានេះ គឺឲ្យនិយោជគអនុវត្តតាមច្បាប់ស្ដីពីការងារ ប៉ុន្តែភាគច្រើននយោជគទាំងអស់នោះមិនបានអនុវត្តឡើយ។

បើតាមព្រឹត្តិបត្រព័ត៌មានរបស់អង្គការអន្តរជាតិខាងការងារចេញផ្សាយកាលពីខែកក្កដាឆ្នាំ២០១៥ ក្រុមកម្មករ បម្រើការក្នុងវិស័យកាត់ដេរមានចំនួន៦សែននាក់ ហើយក្នុងនោះ ៨៦ភាគរយជាស្រី្តវ័យក្មេងនៅក្នុងរោងចក្រចំនួន៦៤០។

ផលិតផលក្នុងវិស័យនេះនាំចេញទៅកាន់ទីផ្សារអឺរុបមានចំនួន៤២ភាគរយ ទៅកាន់ទៅផ្សារអាមេរិកចំនួន៣៤ និង២៤ភាគរយទៀតនាំទៅកាន់ទីផ្សារជប៉ុននិងកាណាដាជាដើម។ ជាមួយគ្នានេះ ទំហំទឹកប្រាក់នៃការនាំចេញផលិតផលវាយណភណ្ឌនៅឆ្នាំ២០១៤ មានចំនួន៥ ៨១៧លានដុល្លារ។ នេះបើតាមទិន្នន័យរបស់អង្គការអន្តរជាតិខាងការងារដដែល។

គួរបញ្ជាក់ដែរថាបច្ចុបន្ន ក្រុមកម្មករក្នុងវិស័យនេះ មានប្រាក់ឈ្នួលគោលអប្បបរមាចំនួន១៤០ដុល្លារ ឡើងពី១២៨ដុល្លារក្នុងឆ្នាំ២០១៥។ ភាគីពាក់ព័ន្ធនឹងរៀបចំការពិភាក្សាដំឡើងប្រាប់ឈ្នួលគោលអប្បបរមានេះបន្តទៀតនៅចុងឆ្នាំ២០១៦នេះ៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ