មន្ត្រីសង្គមស៊ីវិលលើកឡើងថា នគរបាលយាមតុលាការអនុវត្តតួនាទីមានភាពលម្អៀងរវាងមន្ត្រីសង្គមស៊ីវិលនិងមន្ត្រីបក្សកាន់អំណាច ខណៈមន្ត្រីសង្គមស៊ីវិលធ្វើបទសម្ភាសន៍ទៅកាន់អ្នកសារព័ត៌មាននៅក្បែរប៉ុស្តិ៍យាមច្រកចូលតុលាការត្រូវបាននរគបាលហាមឃាត់ តែមន្ត្រីបក្សកាន់អំណាចផ្តល់បទសម្ភាសន៍ដោយសេរី។
លោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ជាស្ថាប័នគ្រប់គ្រងវិទ្យុ VOD ត្រូវបាននគរបាលរុញច្រានចេញពីក្បែរប៉ុស្តិ៍យាមនៅច្រកចូលតុលាការ មិនឲ្យធ្វើបទសម្ភាសន៍ទៅកាន់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ ដោយឡែក អ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន អាចឈរធ្វើបទសម្ភាសន៍ទៅកាន់អ្នកសារព័ត៌មាននៅមុខច្រកចូលដោយសេរី និងមាននគរបាលយាមតុលាការជួយសម្រួលសុវត្ថិភាពទៀតផង។ នេះបើយោងតាមវីឌីអូឃ្លីបដែល VOD ថតបានអំឡុងពេលលោក សុខ ឥសាន ចូលទៅតុលាការកាលពីថ្ងៃទី២៨ ខែមេសា ដើម្បីស្តាប់ចម្លើយពាក់ព័ន្ធនឹងបណ្តឹងបរិហាកេរ្តិ៍របស់គណបក្សកាន់អំណាច ដែលបានប្តឹងលោក អ៊ូ វីរៈ កាលពីចុងខែមេសាកន្លងទៅ។
មុនពេលចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ អ្នកសារព័ត៌មានស្កាត់សួរលោក ប៉ា ងួនទៀង នៅក្បែរប៉ុស្តិ៍នគរបាលជិតច្រកចូលតុលាការទាក់ទងនឹងសំណុំរឿងដែលគេចោទថា លោក កឹម សុខា មានស្នេហាលួចលាក់ ដែលតុលាការកោះហៅក្នុងនាមលោកជាសាក្សី។ តែទើបនិយាយបានបន្តិចមាននគរបាលម្នាក់ពាក់ស័ក្តិ៤ ដែលគេស្គាល់ឈ្មោះថា លោក សុខរិទ្ធិ ជាអនុប្រធានសន្តិសុខតុលាការ បានរុញច្រានរូបលោកចេញពីកន្លែងប៉ុស្តិ៍យាមច្រកចូលតុលាការប្រហែលជិត១០ម៉ែត្រ ដោយថាមិនឲ្យធ្វើបទសម្ភាសន៍នៅកន្លែងនោះទេ៖ “អត់មានមកថតសម្ភាសន៍មុខប៉ុស្តិ៍យាមខ្ញុំទេ កន្លែងវាលអញ្ជើញ វាលមានផ្លាកល្អរបស់គេផង បងឯងចង់សម្ភាសន៍ សម្ភាសន៍នេះ“។

លោក ប៉ា ងួនទៀង ហៅឥរិយាបថនគរបាលរូបនោះថា ខ្វះសីលធម៌វិជ្ជាជីវៈក្នុងការបំពេញការងារ ដែលអាចធ្វើឲ្យប៉ះពាល់ដល់មុខមាត់កងកម្លាំងផ្សេងៗទៀតរបស់ជាតិ៖ “ខ្ញុំថាអត់សីលធម៌ គាត់គ្រាន់តែនិយាយគ្នាបាន យើងខ្មែរដូចគ្នា យើងនិយាយគ្នាបាន យើងចំាបាច់ដល់ថ្នាក់ច្រាន របៀបធ្វើការអត់សីលធម៌ អត់វិជ្ជាជីវៈ តាមពិតនីតិវិធីនៃការដោះស្រាយមិនមែនទាល់តែហិង្សាបានយើងដោះស្រាលចេញទេ“។
អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្ស អង្គការលីកាដូលោក អំ សំអាត យល់ថាបើសិនជាបៀបធៀបករណីលោក ប៉ា ងួនទៀង ជាមួយលោក សុខ ឥសាន នគរបាលរូបនោះអនុវត្តតួនាទីលម្អៀងទៅមន្ត្រីបក្សកាន់អំណាច ហើយរំលោភសិទ្ធិមន្ត្រីសង្គមស៊ីវិល។ លោកបន្តថា៖ “តាមផ្លូវច្បាប់វាអត់ត្រូវរុញច្រានគាត់ចេញនោះទេ មិនឲ្យឈរត្រូវប្រាប់ស្រួលបួល ហើយស្នើសុំឲ្យទៅកន្លែងណាស្រួលបួល មិនមែនប្រើប្រាស់អំពើហិង្សាឬក៏ការរុញច្រាន វាជាការរំលោភសិទ្ធិរបស់គេ ហើយបើកន្លែងហ្នឹងនរណាមិនអាចសម្ភាសន៍បាន វាទាល់តែស្មើភាពគ្នា អ្នកណាក៏មិនអាចសម្ភាសន៍បាន ហើយបើសិនជាមួយសម្ភាសន៍បាន ហើយមួយនោះឲ្យចេញវាទៅជាការរើសអើង ការអនុវត្តវាអត់ស្មើភាពគ្នាទេ”។
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សលោក មឿន តុលា ហៅទង្វើរបស់នគរបាលយាមនៅប៉ុស្តិ៍ក្បែរច្រកចូលតុលាការអនុវត្តនោះថា ធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ជំនឿលើស្ថាប័ននេះ ដោយលោកថាតុលាការកម្ពុជាសព្វថ្ងៃទទួលរងឥទ្ធិពលពីរ គឺពុករលួយនិងឥទ្ធិពលនយោបាយ។ លោកបន្ថែមថា៖ “ព្រឹត្តិការណ៍ព្រឹកមិញនេះទៀត វាកាន់តែសបញ្ជាក់បន្ថែមទៀតថា ជំនឿជឿជាក់របស់ប្រជាពលរដ្ឋគឺថាមិនសូវជាជឿជាក់ទៅលើប្រព័ន្ធតុលាការទេ ហើយចំណុចមួយដែលជាភស្តុតាងជាក់ស្តែង យើងឃើញត្រង់ហ្នឹងហើយដែលធ្វើឲ្យប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីភាគច្រើនតែលើករូបថតនាយករដ្ឋមន្ត្រីឬមួយក៏ទៅដល់ផ្ទះលោកនាយករដ្ឋមន្ត្រី ។ល។ ដោយសារបាត់បង់ជំនឿលើប្រព័ន្ធតុលាការ“។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក លី សុផាណា ប្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធតេលេក្រាម (Telegram) នៅថ្ងៃនេះថា លោកបដិសេធថាមន្ត្រីនគរបាលយាមនៅតុលាការមិនបានរុញច្រានលោក ប៉ា ងួនទៀង ដោយលោកថា មន្ត្រីនគរបាលគ្រាន់តែធ្វើការងារជួយសម្រួលនិងរៀបចំសណ្តាប់ធ្នាប់តែប៉ុណ្ណោះ។ លោកបន្តថា៖ “យើងសូមបដិសេធទាំងស្រុងចំពោះការចោទប្រកាន់របស់លោក ប៉ា ងួនទៀង មកលើមន្ត្រីនគរបាលដែលប្រចាំការនៅសាលាដំបូងរាជធានីភ្នំំពេញ ដោយសារវាពុំមែនជាការពិត។ មន្ត្រីរបស់យើងបានជួយសម្របសម្រួលនិងរៀបចំសណ្តាប់ធ្នាប់នៅបរិវេណសាលាដំបូងសម្រាប់ការធ្វើកិច្ចសម្ភាសន៍របស់លោក ប៉ា ងួនទៀង ជាមួយអ្នកសារព័ត៌មាន នៅពេលលោកចូលឆ្លើយបំភ្លឺជាសាក្សី“។
កម្លាំងប្រដាប់អាវុធអន្តរាគមន៍កាលពីម្សិលមិញក៏រងការរិះគន់ដែរថា បានបើកម៉ូតូបុកអ្នកបឹងកក់ពីរនាក់ឲ្យរងរបួស ខណៈពួកគេព្យាយាមតាមរថយន្តដឹកស្ត្រីបឹងកក់ពីរនាក់គឺអ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា យកទៅឃុំនៅពន្ធនាគារព្រៃស៕












