រដ្ឋាភិបាលកម្ពុជាបានបណ្តេញស្ត្រីជនជាតិអេស្ប៉ាញដែលឃ្លាំមើលយុទ្ធនាការអាវខ្មៅជាមួយសកម្មជនបឹងកក់ ចេញពីប្រទេសកម្ពុជា ដោយចោទថាជនបរទេសរូបនោះចូលរួមតវ៉ាប្រឆាំងរដ្ឋាភិបាល។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ឲ្យវីអូឌីដឹងថា ការបណ្តេញអ្នកស្រី Marga Bucosa Segada មកពីគាត់បានលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា ដែលអាចប្រឈមនឹងការជាប់ពន្ធនាគារនៅប្រទេសកម្ពុជា ប៉ុន្តែលោកថាការបណ្តេញចេញនេះគឺជាការសម្រាលមួយសម្រាប់ជនបរទេសរូបនេះ។
លោកថា៖ “ខ្ញុំគិតថាគ្រាន់តែបណ្តេញចេញវាធូរទេ បើសិនជាជនជាតិកម្ពុជាទៅធ្វើនៅប្រទេសអេស្ប៉ាញរបៀបហ្នឹងបែបជាប់គុកហើយ “។
ប្រធានផ្នែកស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃនាយកដ្ឋានអន្តោប្រវេសន៍ លោក អ៊ុក ហៃសីឡា បានឲ្យវីអូឌីដឹងបន្ថែមថារដ្ឋាភិបាលសម្រេចបណ្តេញអ្នកស្រី Marga Bucosa Segada ដែលចូលរួមសកម្មជាមួយស្ត្រីបឹងកក់នៅល្ងាចម្សិលមិញ ដោយមូលហេតុដែលគាត់ស្នាក់នៅកម្ពុជាធ្វើការដោយមិនមានសៀវភៅការងារនិងបានចូលរួមសកម្មភាពតវ៉ាប្រឆាំងរដ្ឋាភិបាល។ លោកឲ្យដឹងដែរថា អ្នកស្រីអាចត្រូវហាមមិនឲ្យចូលកម្ពុជាប្រហែល២ទៅ៣ឆ្នាំអាស្រ័យទៅលើការប្រព្រិត្តល្មើសរបស់លោកស្រី។
លោកបន្តថា៖ “គាត់ស្នាក់នៅស្របច្បាប់នៅកម្ពុជា គាត់មានទិដ្ឋាការ ប៉ុន្តែដោយសារគាត់លួចគេចពីការបង់ពន្ធរដ្ឋ។ … ដោយគាត់មានពាក់ព័ន្ធបទល្មើសចូលរួមអាវពណ៌ខ្មៅហ្នឹង យើងគិតមើលជនបរទេសប្រហែលប៉ុន្មានម៉ឺននាក់ បើសិនជាគេមកចូលរួមដូចគាត់អញ្ចឹង មានពេលទំនេរមករំខានរដ្ឋាភិបាល រំខានសមត្ថកិច្ចអញ្ចឹង។ មិនជនបរទេសចូលមកពេញប្រទេសហើយមកចេញអីតែឯង“។
បើតាមលោក សីឡា ជនបរទេសណាដែលបានចួលលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា អាចប្រឈមនឹងការបណ្តេញចេញដូចអ្នកស្រី Marga ផងដែរ។
អ្នកស្រី Marga បានសរសេរក្នុងហ្វេសប៊ុករបស់អ្នកស្រីថា គាត់ត្រូវបានសមត្ថកិច្ចកម្ពុជាឃាត់ខ្លួននិងត្រូវបញ្ជូនទៅប្រទេសរបស់អ្នកស្រីវិញទាំងយប់។ អ្នកស្រីបន្ថែមថាអ្នកស្រីមិនបានអោបអ្នកស្រី ទេព វណ្ណី និងអ្នកស្រី ប៊ូ សោភា លាជាចុងក្រោយទេ តែអ្នកស្រីថាអ្នកស្រីនឹងធ្វើវានៅឆ្នាំ២០១៨។ អ្នកស្រីថាគាត់សោកស្តាយសម្រាប់ អ្នកស្រី ទេព វណ្ណី និងអ្នកស្រី ប៊ូ សោភា ដែលមិនមានសំណាងបានកើតជាជនបរទេស។
ប្រធានវេទិការអនាគត លោក អ៊ូ វីរៈ បញ្ជាក់ថាការសម្តែងមតិជនគ្រប់រូបត្រូវបានការពារដោយច្បាប់អន្តរជាតិ ហើយថាការបណ្តេញចេញនេះធ្វើឲ្យប៉ះពាល់ដល់កេរ៍្តឈ្មោះរបស់កម្ពុជា។
លោកបន្តថា៖ “ការបណ្តេញចេញជនបរទេសពីប្រទេសកម្ពុជាហ្នឹងមិនទាន់ជាបញ្ហាធំដុំទេ! តូចតាចមែនទែន។ មើលទៅក្នុងប្រទេសផ្សេងៗ ល្បាក់ប្រហែលកម្ពុជាហ្នឹង មើលគេដេញចេញច្រើនជាងខ្មែរ ប៉ុន្តែកម្ពុជាយើងនៅពេលដេញចេញមួយៗ វាចូលព័ត៌មានអន្តរជាតិដែលមើលទៅវាប៉ះពាល់ដល់ទេសចរណ៍ វិនិយោគ វាអាចប៉ះពាល់ដល់ដំណើរការរឹងមាំនៃដំណើរការនីតិរដ្ឋនិងប្រជាធិបតេយ្យទៀត។ ចំពោះខ្ញុំយើងត្រូវប្រុងប្រយ័ត្ន ហើយបើសិនជាយើងត្រូវការពារសិទ្ធិហ្នឹងឲ្យសម្របសម្រួលបានល្អជាង“។
គួរបញ្ជាក់ផងដែរថា អ្នកស្រី Marga ត្រូវបានសមត្ថកិច្ចខណ្ឌដូនពេញបានឃាត់ខ្លួននៅថ្ងៃអង្គារទី១៦ បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីសួរនាំ បន្ទាប់ពីជនបរទេសរូបនោះបានតាមដានឃ្លាំមើលសកម្មជនដីធ្លីបឹងកក់ដែលសមត្ថកិច្ចចាប់ខ្លួនក្នុងយុទ្ធនាការអាវខ្មៅទាមទារដោះលែងមន្រ្តីសិទ្ធិមនុស្ស។
កាលពីឆ្នាំមុន រដ្ឋាភិបាលកម្ពុជាក៏បានបណ្តេញជនជាតិអេស្បាញម្នាក់ផ្សេងទៀតគឺលោក អាឡិច ជាប្រធានអង្គការមាតាធម្មជាតិ ដែលសកម្មនឹងកិច្ចការពារបរិស្ថានតំបន់អារ៉ែង៕