តំណាងរាស្ត្របក្សប្រឆាំងបានដាក់លិខិតមួយច្បាប់តាមរយៈរដ្ឋសភាទៅកាន់ក្រសួងមហាផ្ទៃ ស្នើឲ្យមានវិធានការករណីនគរបាលពីរនាក់ដែលបានជិះម៉ូតូបុកសកម្មជនដីធ្លីបឹងកក់នៅមុខសាលាដំបូងរាជធានីភ្នំពេញ។
ក្នុងលិខិតបានលើកឡើងថា ស្រ្តីបឹងកក់ពីរនាក់គឺអ្នកស្រី បូវ សោភ័ណ្ឌ និងអ្នកស្រី បូវ ស្រីស្រស់ ត្រូវបានសមត្ថកិច្ចជិះម៉ូតូបុកកៀរបណ្តាលឲ្យម្នាក់សន្លប់និងម្នាក់ទៀតរងរបួស បន្ទាប់ពីពូកគាត់ព្យាយាមរត់តាមរថយន្តដឹកអ្នកស្រី ទេព វណ្ណី និងអ្នកស្រី បូវ សោភា ចេញពីសាលាដំបូងរាជធានីភ្នំពេញទៅឃុំខ្លួននៅថ្ងៃទី១៧សីហា។
ក្នុងលិខិតថ្ងៃទី១៨ សីហា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិលោក ហូរ វ៉ាន់ បានស្នើឲ្យក្រសួងមហាផ្ទៃចាត់វិធានការចំពោះគរបាលពីរនាក់ដែលបានជិះម៉ូតូបុកសកម្មជនបឹងកក់នៅមុខសាលាដំបូងរាជធានីភ្នំពេញនោះ។ លោកសរសេរថា “សកម្មភាពនេះជាការប្រើអំណាចហួសហេតុទៅលើប្រជាពលរដ្ឋទន់ខ្សោយដែលរូបខ្ញុំជាតំណាងរាស្ត្រមណ្ឌលភ្នំពេញពុំអាចទទួលយកបានឡើយ”។
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានទាក់ទងទៅនឹងការស្នើនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ថ្លែងនៅព្រឹកថ្ងៃសុក្រនេះថា លោកកំពុងពិនិត្យទៅលើករណីនេះថាតើវាជារឿងពិតឬយ៉ាងណា។ លោកថា៖ “ខ្ញុំកំពុងតែពិនិត្យមើលថារឿងហ្នឹងជាក់ស្តែងវាយ៉ាងម៉េច”។
ក្នុងវីដេអូដែលអ្នកសារព័ត៌មានថតបាន គឺបានបង្ហាញពីសកម្មភាពនគរបាលពីរនាក់ជិះម៉ូតូធំបើកកៀរស្រ្តីម្នាក់ដែលកំពុងរត់តាមពីក្រោយរថយន្តដឹកអ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា ទៅឃុំខ្លួន។ ជាមួយគ្នានោះ វីដេអូមួយទៀតបានបង្ហាញពីសកម្មភាពនគរបាលពីរនាក់ទៀតជិះម៉ូតូធំបើកបុកម៉ូតូរបស់បុរសម្នាក់ដែលគេស្គាល់ថា ជាប្តីរបស់អ្នកស្រី បូវ សោភា ខណៈបុរសរូបនោះជិះម៉ូតូបម្រុងតាមរថយន្តនគរបាលដែរ៕












