បណ្តុំអង្គការចំនួន៦០ជំរុញទៅអាជ្ញាធររដ្ឋ​​ទម្លាក់ចោលការ​ចោទប្រកាន់​អ្នកធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ​

ស្រ្តីបឹងកក់២រូបដែលត្រូវបានចាប់ខ្លួន (ប្រភពរូបភាពពីលោក ចាន់ ពុទ្ធិស័ក)

បណ្តុំអង្គការសមាគមចំនួន៦០ដែលធ្វើការផ្នែកសិទ្ធិមនុស្ស បានជំរុញទៅអាជ្ញាធររដ្ឋទម្លាក់ចោលការចោទប្រកាន់លើសកម្មជនដីធ្លីបឹងកក់ពីរនាក់ដែលធ្វើយុទ្ធនាការពណ៌ខ្មៅ ដោយអះអាងថាពួកគេធ្វើយុទ្ធនាការនោះស្របតាមច្បាប់ជាតិនិងច្បាប់អន្តរជាតិ។

អ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា ត្រូវបានតុលាការចោទប្រកាន់និងបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃសកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ពាក់ព័ន្ធទៅនឹងការចូលរួមរបស់អ្នកទាំងពីរក្នុងយុទ្ធនាការអហិង្សា “ថ្ងៃចន្ទពណ៌ខ្មៅ” តវ៉ាទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សអាដហុក៤រូប មន្ត្រី គ.ជ.ប មួយរូប និងទាមទារយុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី។

ក្នុងសេចក្តីថ្លែងការណ៍រួមចុះកាលពីថ្ងៃទី១៨ ខែសីហា បណ្តុំអង្គការសង្គមស៊ីវិលបានជំរុញទៅអាជ្ញាធររដ្ឋទម្លាក់ចោលនូវការចោទប្រកាន់លើសកម្មជនដីធ្លីបឹងកក់ គឺអ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា ដោយថាដើម្បីធានានូវសិទ្ធិក្នុងការប្រមូលផ្ដុំដោយអហិង្សា ដូចជាអ្នកដែលគាំទ្រយុទ្ធនាការអហិង្សាថ្ងៃច័ន្ទពណ៌ខ្មៅ ដែលត្រូវបានការពារដោយច្បាប់ជាតិនិងអន្តរជាតិ។

សេចក្តីថ្លែងការណ៍ដដែលបានដកស្រង់សម្តីរបស់នាយិកាអង្គការលីកាដូ លោកស្រី ណាលី ពីឡូក  មានខ្លឹមសារថា “សំណុំស្ត្រីបឹងកក់ទំាងពីរនាក់បង្ហាញសារជាថ្មីថា រដ្ឋាភិបាលមិនមានចេតនាក្នុងការលើកស្ទួយការបញ្ចេញមតិដោយអហិង្សារក្នុងសង្គមប្រជាធិបតេយ្យ ដោយថាការចោទប្រកាន់ដោយគ្មានមូលដ្ឋានទាំងនេះ គឺជាការបង្រ្កាបជាបន្តបន្ទាប់ទៅលើប្រជាពលរដ្ឋកម្ពុជាដែលទទួលការគំរាមកំហែង ដោយសារពួកគេនៅតែមិនទាន់ព្រម បញ្ឃប់សកម្មភាពធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ“។

អ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា តុលាការនឹងបន្តជំនុំជម្រះនៅព្រឹកថ្ងៃចន្ទ ទី២២ ខែសីហាខាងមុខនេះ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសាសន៍ថាសកម្មជនដីធ្លីបឹងកក់ពីរនាក់មិនបានគោរពកិច្ចសន្យាដែលធ្វើជាមួយអាជ្ញាធរជាច្រើនដងថាបញ្ឈប់បន្តធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ។ ករណីនេះលោកថា រដ្ឋាភិបាលមិនមានគម្រោងជួយអន្តរាគមន៍ឲ្យទម្លាក់បទចោទលើស្ត្រីបឹងកក់ពីរនាក់នោះទេ ដោយលោកថាទុកឲ្យតុលាការចាត់វិធានការច្បាប់។ លោកបន្តថា៖ “អត់មានទេ អ្នកដែលប្រព្រឹត្តបទល្មើសត្រូវទទួលខុសត្រូវតាមទំហំនៃបទល្មើសរបស់ខ្លួន បើរដ្ឋាភិបាលមានវិធានការទប់ស្កាត់ហើយ ហើយទៅដោះលែងបានសេចក្តីថារដ្ឋាភិបាលមិនដឹងជាធ្វើការអី ទៅមុខទៅក្រោយម៉េចកើត ឲ្យគាត់ទទួលខុសត្រូវចំពោះមុខច្បាប់ ត្រង់ថាតុលាការគាត់កាត់ទោសយ៉ាងម៉េច ជាឆន្ទានុសិទ្ធិរបស់តុលាការ ស្របទៅតាមនីតិវិធីនិងកំរិតបទល្មើសរបស់សាមីជន

អង្គការមួយក្នុងចំណោមអង្គការសមាគមន៍ចំនួន៦០ គឺអគ្គលេខាធិការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សនៅកម្ពុជា លោក សួន ប៊ុនស័ក្តិ មានប្រសាសន៍បន្ថែមលើសេចក្តីថ្លែងការនោះថា កិច្ចសន្យាដែលសកម្មជនដីធ្លីធ្វើជាមួយអាជ្ញាធរនោះមិនអាចយកជាផ្លូវការបាននោះទេ ដោយលោកថាបើករណីពួកគេធ្វើការតស៊ូមតិដោយអហិង្សាដោយមិនធ្វើឲ្យមានចលាចលដល់សង្គមនិងស្របតាមច្បាប់ជាតិនិងអន្តរជាតិ។ លោកសង្ឃឹមថាតុលាការនឹងពិចារណាទម្លាក់ការចោទប្រកាន់លើសកម្មជនដីធ្លីទំាងនោះឲ្យមានសេរីភាពវិញ៖ “យើងជាសង្គមស៊ីវិលយើងសង្ឃឹមទៅលើតុលាការ តុលាការគឺជាអង្គអំណាចមួយដែលជាអ្នករក្សាការពារគោរពសិទ្ធិមនុស្ស យើងសង្ឃឹមថាតុលាការនឹងកាត់សេចក្តីឲ្យបានយុត្តិធម៌ទៅលើប្រជាពលរដ្ឋដែលគ្រាន់តែអនុវត្តសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ហើយរបៀបនៃការធ្វើការបញ្ចេញមតិគឺអត់មានបង្កចលាចល កាឡាហល់ដល់ថ្នាក់ជាតិ ផ្អើលចំហៀងម្ចាស់ទន្លេមេគង្គ អត់មានទេ

អ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែសីហា អំឡុងពេលប្រមូលផ្ដុំដោយអហិង្សាក្នុងសហគមន៍ដែលបានធ្វើឡើង ដើម្បីប្រារព្ធធ្វើយុទ្ធនាការ “ថ្ងៃចន្ទពណ៌ខ្មៅ” សប្ដាហ៍ទី១៥។ អ្នកទាំងពីរត្រូវបានឃុំខ្លួនចំនួនពីរយប់នៅអធិការដ្ឋានខណ្ឌដូនពេញ ដើម្បីសាកសួរ។ ក្រោយពីសាកសួរ អធិការដ្ឋានខណ្ឌដូនពេញបានបញ្ជូនទៅតុលាការ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦។ នៅថ្ងៃដដែលអ្នកទំាងពីរ ត្រូវបានព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញលោក កែវ សុជាតិ ធ្វើការសាកសួរនិងចោទប្រកាន់ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ (មាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា)។

តាមមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ អ្នកទំាងពីរប្រឈមនឹងទោសជាប់ពន្ធនាគារពី៦ខែទៅ២ឆ្នាំនិងពិន័យជាប្រាក់ពី១លានទៅ៤លានរៀល។

ទាក់ទងនឹងយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅនេះដែរ មានស្រ្តីជនជាតិអេស្ប៉ាញម្នាក់ដែលចុះធ្វើការស្រាវជ្រាវនៅក្នុងសហគមន៍បឹងកក់ ត្រូវបានឃាត់ខ្លួនដោយប៉ូលីសអន្តោប្រវេសន៍នៅខាងក្រៅអធិការដ្ឋានខណ្ឌដូនពេញ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ខណៈឈរឃ្លំាមើលសកម្មជនបឹងកក់ពីរនាក់។ មួយថ្ងៃក្រោយមក ស្រ្តីជនជាតិអេស្ប៉ាញរូបនោះត្រូវបានបញ្ជូនខ្លួនចេញពីប្រទេសកម្ពុជាបន្ទាប់ពីថ្ងៃចាប់ខ្លួន។

ក្នុងសេចក្តីថ្លែងការរបស់បណ្តុំអង្គការចំនួន៦០នោះបានឲ្យដឹងដែរថា ការតវ៉ាក្នុងយុទ្ធនាការអហិង្សាថ្ងៃចន្ទពណ៌ខ្មៅបានបង្ហាញថា យ៉ាងតិចណាស់មានការឃាត់ខ្លួនចំនួន៣៦លើកក្នុងចំណោមមនុស្សយ៉ាងតិច២០នាក់ ចាប់តាំងពីអ្នកទាំងនោះចាប់ផ្ដើមធ្វើយុទ្ធនាការអហិង្សាថ្ងៃចន្ទពណ៌ខ្មៅនេះក្នុងខែឧសភា។ អ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា គឺមនុស្សដំបូងហើយ ដែលអ្នករៀបចំយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅត្រូវបានតុលាការចោទប្រកាន់ បើទោះជាកន្លងទៅស្រ្តីជាសកម្មជនដីធ្លីច្រើននាក់ទៀតត្រូវបានអាជ្ញាធរមូលដ្ឋានចាប់ខ្លួនជាបន្តបន្ទាប់ក៏ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ