គ្រួសារអ្នកនេសាទខ្មែរជាង ១០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ទទូចឲ្យអាជ្ញាធរខេត្ដសៀមរាប ចាប់ជនជាតិវៀតណាម ផ្ដន្ទាទោសតាមផ្លូវច្បាប់ បន្ទាប់ពីអ្នកនេសាទបរទេសប្រមាណ ៦០នាក់ បានប្រើហិង្សាលើអ្នកនេសាទខ្មែរចំនួន ១២នាក់ នៅបឹងទន្លេសាប កាលពីចុងឆ្នាំ២០១៥។
កាលពីថ្ងៃទី១២ ខែសីហា តុលាការខេត្តសៀមរាប បានសម្រេចផ្ដន្ទាទោសជនជាតិវៀតណាមម្នាក់ ក្នុងចំណោមជនជាតិវៀតណាម ៦នាក់ ឲ្យជាប់ពន្ធនាគារ ២ឆ្នាំ ប៉ុន្តែ ការអនុវត្តទោសក្នុងពន្ធនាគារ ត្រូវព្យួរទៅវិញ។
អ្នកស្រី ប៊ុន ថារី ភរិយា លោក សុខ លី ដែលជាប្រជានេសាទខ្មែររងអំពើហិង្សាពីក្រុមជនជាតិវៀតណាម បានចាត់ទុកការសម្រេចឲ្យជនជាប់ចោទនៅក្រៅឃុំនេះថា ជារឿងអយុត្តិធម៌សម្រាប់ពលរដ្ឋខ្មែរ ខណៈដែលពួកគាត់ពុំមានមេធាវីការពារក្ដីនោះឡើយ។
អ្នកស្រីបន្ដថា៖ «សមត្ថកិច្ចបានចាប់ខ្លួនអ្នកនេសាទជនបរទេសចំនួន ៦នាក់ ក្នុងចំណោមជាង ៦០នាក់ដែលព្រួតវាយអ្នកនេសាទខ្មែរនៅបឹងទន្លេសាប កាលពីខែធ្នូ ឆ្នាំ២០១៥កន្លងមក ប៉ុន្ដែ ពេលបើកសវនាការឃើញតែជនសង្ស័យវៀតណាមតែម្នាក់ប៉ុណ្ណោះ»។
ជនរងគ្រោះមួយរូប លោក កុយ រ៉ុង ឲ្យដឹងថា នៅពេលប្រជានេសាទ ១២នាក់ ដាក់ពាក្យបណ្ដឹងទៅតុលាការខេត្តសៀមរាប អាជ្ញាធរ នៅឃុំកំពង់ភ្លុក បានសន្យាផ្ដល់មេធាវីការពារក្ដីដល់ពួកគេ និងប្រាប់កុំឲ្យពួកគេទៅស្វែងរកការជួយអន្តរាគមន៍ពីអង្គការសង្គមស៊ីវិល។ លោកអះអាងថា ប៉ុន្តែ ពុំមានមេធាវីណាម្នាក់ជួយការពារក្ដីពួកគាត់នោះឡើយ នៅអំឡុងសវនាការ ដែលផ្ទុយពីជនជាតិវៀតណាម។
លោកបានទទូចឲ្យអាជ្ញាធរចាប់ខ្លួនជនដៃដល់ យកទៅផ្តន្ទាទោសតាមច្បាប់ និងផ្ដល់សំណងដល់ជនរងគ្រោះ ដើម្បីទូទាត់ថ្លៃសេវាព្យាបាលរបួស ដែលពួកគេរងអំពើហិង្សាពីជនបរទេសទាំងនោះ។
ករណីនេះ មេឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង លោក នឹង នី មានប្រសាសន៍ថា សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបានពីរនាក់ ខណៈដែល ៤នាក់បានភៀសខ្លួនទៅប្រទេសវៀតណាម។ លោកបន្ដថា លោកបានសុំអន្ដរាគមន៍ពីមេបញ្ជការរងប៉េអឹមខេត្ដ យឹម សិលា ជួយចាត់វិធានការចំពោះជនដៃដល់ទាំងនោះ ដើម្បីឲ្យជនរងគ្រោះទទួលបានយុត្ដិធម៌ ប៉ុន្ដែ មិនមានប្រសិទ្ធិភាព។ លោកបដិសេធថា លោកមិនបានហាមឃាត់ពួកគេ មិនឲ្យរកមេធាវីការពារក្ដីនោះ ដោយលោកថា ពួកគាត់ខ្វះខាតថវិកាដើម្បីជួលមេធាវី។
វីអូឌី(VOD) មិនអាចទាក់ទងព្រះរាជអាជ្ញាធររងខេត្ដសៀមរាប លោក សំរិទ្ធិ សុខុន ដែលកាន់សំណុំរឿងនោះនៅឡើយទេ ដោយលោកមិនលើកទូរស័ព្ទ។
កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ អ្នកនេសាទជនជាតិវៀតណាមប្រមាណ ៦០នាក់ បានវាយប្រហារ ទៅលើអ្នកនេសាទខ្មែរប្រមាណ ២០នាក់ បណ្ដាលឲ្យរបួស ១៨នាក់ ខណៈពួកគេហាមឃាត់មិនឲ្យជនបរទេសទាំងនោះប្រើឧបករណ៍នេសាទខុសច្បាប់ក្នុងបឹងទន្លេសាប និងបះពាល់ដល់ការនេសាទជាលក្ខណៈគ្រួសារ ស្ថិតក្នុងឃុំកំពង់ភ្លក់ ស្រុកប្រាសាទបាគង ខេត្ដសៀមរាប៕