អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ជំរុញ​អាជ្ញាធរ​កម្ពុជា​ដោះលែង​ស្ត្រី​សកម្មជន​ដីធ្លី​

ស្រ្តីបឹងកក់២រូបដែលត្រូវបានចាប់ខ្លួន (ប្រភពរូបភាពពីលោក ចាន់ ពុទ្ធិស័ក)

អង្គការការពារសិទ្ធិមនុស្សអន្តរជាតិមួយ បានជំរុញទៅអាជ្ញាធរកម្ពុជា ឲ្យទម្លាក់ចោលការចោទប្រកាន់លើស្ត្រីសកម្មជនដីធ្លី ២នាក់ ហើយដោះលែងពួកគេឲ្យមានសេរីភាពវិញ ដោយចាត់ទុកសកម្មភាពតវ៉ាដោយសន្តិវិធីរបស់ពួកគេ ជាការការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។

អ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា ដែលជាសកម្មជនដីធ្លីមកពីសហគមន៍ដីធ្លីបឹងកក់ ត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ និងបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានឲ្យដឹងតាមប្រព័ន្ធ Telegram ថា តុលាការនឹងបើកសវនការស្ត្រីសកម្មជនដីធ្លីទាំងពីររូបនេះ នៅដើមសប្ដាហ៍ក្រោយ។

ប៉ុន្តែ នៅក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ អង្គការ Front Line Defenders ដែលមានមូលដ្ឋាននៅឯទីក្រុងឌូភ្លីន ប្រទេសអៀឡង់ បាននិយាយថា ខ្លួនព្រួយបារម្ភចំពោះការចោទប្រកាន់ទៅលើសកម្មជនទាំង ២រូបនេះ ដោយចាត់ទុកការចោទប្រកាន់នោះ ត្រូវបានភ្ជាប់ទៅនឹងសកម្មភាពតវ៉ាដោយសន្តិវិធី និងស្របច្បាប់របស់ពួក ក្នុងការការពារសិទ្ធិមនុស្សនៅកម្ពុជា។

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិមួយនេះ បានជំរុញទៅដល់អាជ្ញាធរកម្ពុជា ឲ្យទម្លាក់ការចោទប្រកាន់ទៅលើសកម្មជនដីធ្លីទាំង ២រូបនោះ ហើយដោះលែងពួកគេឲ្យមានសេរីភាពឡើងវិញ។

អង្គការមួយនេះ ក៏បានជំរុញឲ្យអាជ្ញាធរកម្ពុជាធានាសកម្មជនការពារសិទ្ធិមនុស្សទាំងអស់នៅក្នុងប្រទេសកម្ពុជា ធ្វើសកម្មភាពស្របរបស់ពួកគេ ដោយគ្មានការភ័យខ្លាច និងរួចផុតពីការរឹតត្បិតទាំងអស់។

អ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញ ចាប់ខ្លួនកាលពីល្ងាចថ្ងៃទី១៥ ខែសីហា អំឡុងពេលពួកគេធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ដើម្បីទាមទារឲ្យដោះលែងសកម្មជនការពារសិទ្ធិមនុស្ស ៤រូប របស់សមាគមអាដហុក និងមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ១រូប ដែលកំពុងជាប់ឃុំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ