តុលាការ​សម្រេចកែប្រែបទចោទលើអ្នក​ធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅពីរនាក់​

ក្រុមសកម្មជនបឹងកក់ធ្វើការតវ៉ាព្រឹកមិញ នៅមុខតុលាការក្រុងភ្នំពេញ ដើម្បីទាមទារឲ្យដោះលែងអ្នកតំណាងរបស់ខ្លួន

សាលាដំបូងរាជធានីភ្នំពេញបានសម្រេចកែប្រែបទចោទលើសកម្មជនដីធ្លីបឹងកក់២នាក់ដែលពាក់អាវខ្មៅធ្វើយុទ្ធនាការទាមទារដោះលែងមន្រ្តីសិទ្ធិមនុស្ស មន្ត្រី គ.ជ.ប និងទាមទារយុត្តិធម៌ឲ្យអ្នកវិភាគឯករាជ្យល្បីឈ្មោះមួយរូប កាលពីសប្តាហ៍មុន។

អ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា ត្រូវបានតុលាការចោទប្រកាន់សកម្មជនអាវខ្មៅទាំងនោះពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍ តាមបញ្ញត្តិមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ ក្រោយពីពួកគេត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃ១៥ ខែសីហា ខណៈសកម្មជនជាច្រើននាក់ទៀតនាំគ្នាធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅទាមទារដោះលែងមន្រ្តីសមាគមអាដហុក៤រូបនិងមន្រ្តី គ.ជ.ប លោក នី ចរិយា ព្រមទាំងទាមទារឲ្យរកយុត្តិធម៌ជូនលោក កែម ឡី។

នៅព្រឹកថ្ងៃចន្ទនេះ ចៅក្រម ពេជ្រ វិជ្ជាធរ និងលោកព្រះរាជអាជ្ញារង កែវ សុជាតិ បានសួរដេញដោលអ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា ពេញមួយព្រឹក ពាក់ព័ន្ធនឹងការធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ដោយមានរូបទីងមោងចំនួន៤ដាក់ដេកទទឹមគ្នា ដោយសរសេរថាមន្ត្រីរលួយ តុលាការ និងឃាតករ ជាដើម។

នៅពេលចោទសួរនោះ ចៅក្រមនិងព្រះរាជអាជ្ញហាក់សង្កត់ធ្ងន់លើរូបទីងមោងដែលសរសេរថា “តុលាការ”

យ៉ាងណាក៏ដោយក្នុងសវនាការនោះ សកម្មជនដីធ្លីទំាងពីរនាក់នោះបានឆ្លើយប្រហាក់ប្រហែលគ្នាថាយុទ្ធនាការនៅថ្ងៃនោះធ្វើដោយអហិង្សានិងមិនបានចោទលើស្ថាប័នតុលាការឬចោទចំឈ្មោះមន្ត្រីរាជការណាមួយនោះទេ ដោយពួកគេថា ធ្វើពិធីបែបសាសនា។

ចំណែកមេធាវីពីររូបដែលការពារក្ដីអ្នកស្រី ទេព វន្នី គឺអ្នកស្រី សាម សុគន្ធា មកពីអង្គការលីកាដូនិងលោក ហម ស៊ុនរិទ្ធិ មកពីអង្គការសង់ត្រាល់បានលើកឡើងថា កូនក្តីពួកគេតវ៉ាដោយស្របតាមច្បាប់ជាតិនិងអន្តរជាតិ ដោយថាមិនបានរំលោភច្បាប់ឬញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍នោះទេ។

ក្រោយពីបញ្ចប់ការសួរដេញដោលនិងតតំាងនៅក្នុងអង្គសវនាការនិងសម្រាកប្រមាណ១៥នាទី ចៅក្រមជំនុំជម្រះលោក ពេជ្រ វិជ្ជាធរ បានប្រកាសសាលក្រម ដោយសម្រេចកែប្រែបទចោទពីបទល្មើសញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ (មាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ) ទៅជាបទល្មើសប្រមាថ (មាត្រា៥០២នៃក្រមដដែល) វិញ ដោយលោកថា តុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ៦ថ្ងៃនិងពិន័យជាប្រាក់៨ម៉ឺនរៀលក្នុងម្នាក់ៗ។

មាត្រា៥០២ នៃក្រមព្រហ្មទណ្ឌចែងថា បទប្រមាថបានចែងថាជាវាចា កាយវិការ សំណេរ គំនូរ ឬវត្ថុដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូនៃបុគ្គល ដោយអ្នកប្រព្រឹត្តប្រឈមនឹងទោសពន្ធនាគារ៦ថ្ងៃនិងពិន័យជាប្រាក់១ពាន់រៀល ទៅមួយសែនរៀល។

អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សអង្គការលីកាដូលោក អំ សំអាត ដែលតាមដានសវនាការនោះយល់ឃើញថា ការដែលតុលាការសម្រេចកែប្រែបទចោទលើសកម្មជនដីធ្លី លោកថាគ្រាន់តែធ្វើឡើងកុំឲ្យមានការរិះគន់ថាតុលាការគំរាមកំហែងលើអ្នកតស៊ូមតិ។

លោកមានប្រសាសន៍ថា៖ “វាអត់មានបទល្មើសដែលកើតញុះញង់ ក៏ប៉ុន្តែដូចខ្ញុំនិយាយថាឃុំគេ៦ទៅ៦ថ្ងៃហើយ បើសិនជាគ្មានបទល្មើសណាមួយដើម្បីដាក់ទេ បានន័យថាចាប់គេយកមកដើម្បីធ្វើអ្វី បានន័យថា ជាការគំរាមកំហែង ជាការបំផិតបំភ័យ ជាការបំបាក់ស្មារតីទៅលើគេ ត្រូវរកបទល្មើសណាមួយ ដើម្បីធ្វើការចោទប្រកាន់ឲ្យត្រូវនឹងខ្លួនចោទនិងឃុំខ្លួនហឹ្នងហើយ

យ៉ាងណាក៏ដោយ អ្នកស្រី ទេព វន្នី នៅជាប់បណ្តឹងមួយទៀត ដែលតុលាការថាបានប្រព្រឹត្តតាំងពី៣ឆ្នាំមុន គឺនៅថ្ងៃទី១៣ ខែមេសា ២០១៣ នៅក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ទាក់ទងនិងករណីនេះ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានប្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធ Telegram ថាអ្នកស្រី ទេព វន្នី នឹងត្រូវបង្ហាញខ្លួននៅសវនាការនៅថ្ងៃទី១៩ កញ្ញា ២០១៦ ដែលជាប់ចោទពីបទប្រមាថរាជការសាធារណៈនិងប្រឆាំងអ្នករាជការសាធារណៈមានស្ថានទម្ងន់។

ឆ្លើយតបនឹងករណីនេះ តំណាងសកម្មជនដីធ្លីបឹងកក់អ្នកស្រី សុង ស្រីលាភ បានច្រានចោលការចោទប្រកាន់របស់តុលាការមកលើអ្នកស្រី ទេព វន្នី។

អ្នកស្រីមានប្រសាសន៍ថា៖ តាមអ្វីដែលពួកខ្ញុំចំា ថ្ងៃទី១៣ ខែ៣ ឆ្នាំ២០១៣គឺជាថ្ងៃដែលគេប្រើអំពើហិង្សាមកលើពួកខ្ញុំធ្ងន់ធ្ងរ ហើយពួកខ្ញុំក៏សង្ឃឹមថាកាំមេរ៉ាសុវត្ថិភាពសម្តេច គាត់នឹងជួយអន្តរាគមន៍ឲ្យបានដឹងថាអ្នកណាជាអ្នកប្រើហិង្សាលើអ្នកណា ពីព្រោះថ្ងៃហ្នឹងខ្ញុំរងគ្រោះខ្លំាងណាស់

បណ្តុំអង្គការចំនួន៦០កាលពីថ្ងៃទី១៨ ខែសីហា បានកត់សំគាល់ថាយុទ្ធនាការអហិង្សាថ្ងៃចន្ទពណ៌ខ្មៅមានមនុស្សយ៉ាងតិច២០នាក់ត្រូវបានចាប់ខ្លួន តាំងពីយុទ្ធនាការនេះចាប់ផ្តើមធ្វើតាំងពីខែឧសភា។ ប៉ុន្តែមានតែសកម្មជនពីរនាក់ចុងក្រោយនេះទេដែលត្រូវបានកាត់ទោស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ