បទយកការណ៍៖ បទល្មើសឆបោកភាគច្រើនកើតចេញពីការធ្វេស​ប្រហែស

មនុស្សគ្រប់ស្រទាប់វណ្ណៈកើតមក តែងតែមានបងប្អូន សាច់ញាតិ មិត្តភ័ក្តិ និងមនុស្សទុកចិត្តគ្នា ដើម្បីបង្កើតទំនាក់ទំនងការងារ រកស៊ី និងការសិក្សាជាដើម។

មនុស្សស្និទ្ធស្នាលនិងទុកចិត្តគ្នានេះក៏អាចកើតមានបញ្ហាប្រឈមជាមួយគ្នាផងដែរ នៅពេលដែលគូភាគីណាមួយទាល់ច្រក ក្រីក្រ ជួបការលំបាក ករណីនេះធ្វើឲ្យពួកគេឈានដល់ការបែកគំនិតប្រើល្បិចឆបោកយកលុយ ឬសម្ភារៈពីជនរងគ្រោះដែលស្គាល់និងទុកចិត្តគ្នាជាដើម។

ជាក់ស្តែងប្រជាពលរដ្ឋមួយចំនួនបានរៀបរាប់ប្រាប់អ្នកយកព័ត៌មានប្រហាក់ប្រហែលគ្នាថា ពួកគេធ្លាប់រងគ្រោះពីអ្នកស្គាល់ទុកចិត្តគ្នាឬមិត្តភ័ក្តិ ដោយថាបានប្រើល្បិចកលបោកប្រាស់យកសម្ភារៈឬលុយពីពួកគេផងដែរ។

តើអ្វីជាបទល្មើសឆបោក?

បទល្មើសនេះត្រូវបានគេឲ្យនិយមន័យថាជនល្មើសបានប្រើល្បិចកលគិតទុកជាមុន បន្ទាប់មកលួងលោមឲ្យជនរងគ្រោះឲ្យជឿទុកចិត្ត ដើម្បីឲ្យជនរងគ្រោះបានប្រគល់វត្ថុ សម្ភារៈ ឬលុយជាដើមឲ្យទៅជនល្មើសដោយស្ម័គ្រចិត្ត មិនបង្ខិតបង្ខំឡើយ។

អ្នកច្បាប់ពន្យល់ថាបទល្មើសឆបោក កើតឡើងតាមរយៈជនល្មើសលួងលោមជងរងគ្រោះឲ្យប្រគល់វត្ថុឬសម្ភារៈឲ្យជនល្មើសដោយស្ម័គ្រចិត្ត។

លោកមេធាវី សុក សំអឿន ពន្យល់ពីបទល្មើសឆបោកនេះថា៖ យើងមានប្លង់ផ្ទះតែមួយទេ ប្លង់ផ្ទះយើងយកទៅបញ្ចំាគេមួយហើយ ដ៏យើងយកទៅ Copy ឬយើងធ្វើអីបន្លំទៅបញ្ចំាអ្នកផ្សេងទៀត ដ៏ទីបំផុតយើងប្រមូលបាន(ប្រមូលលុយ)រួចហើយ យើងរត់ទៅ អាហ្នឹងឆបោក ហើយជួនកាលឧទាហរណ៍ថា យើងខ្ចីម៉ូតូបន្តិចជិះទៅណោះមូយភ្លែត យកមកវិញឥឡូវហើយ ស្រាប់ដ៏ហើយជិះទៅបាត់ យកទៅលក់បាត់ទៅ អាហ្នឹងក៏ឆបោកដែរ តុងទីនវាអាចមានពីរ មួយឆបោក ឧទាហរណ៍មេ ដូចថាគាត់ធ្វើមេផង ធ្វើកូនផងប្រមូលលុយ ដេញប្រមូលលុយបានហើយគាត់រត់បាត់ក៏ឆបោកដែរ

វ័យជាង៥០ឆ្នាំ ឈរលក់ផ្លែឈើម្តុំផ្សារអូឡំាពិច អ្នកស្រី ជា តុប បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានថា អ្នកស្រីធ្លាប់លេងតុងទីន៣ក្បាល ក្នុងមួយក្បាល៥០ទៅ១០០ដុល្លារ ដែលមានគ្នាប្រមាណ៦០ទៅ៨០នាក់ ដោយមេរស់នៅក្នុងភូមិជាមួយគ្នានិងកំណត់ដេញមួយថ្ងៃម្តង។ អ្នកស្រីបន្តថា ដោយសារមេតុងទីនជាអ្នកភូមិជាមួយគ្នានិងស្គាល់គ្នាច្បាស់ ទើបអ្នកស្រីសម្រេចចិត្តលេងតុងទីននោះ ប៉ុន្តែអ្នកស្រីថានៅពេលប្រមូលលុយបានពីកូនអស់ មេតុងទីនរត់គេចខ្លួនបាត់៖ “លេងចេះតែលេងគ្នាឯង ហើយគ្មានសំបុត្រគ្មានស្នាមទេ កត់យកៗ (ឧទាហរណ៍) ដូចថាកូនឯងលេង ខ្ញុំលេង មេមកប្រមូលរាល់ថ្ងៃ លេងៗគេទៅបាត់ទៅ តែឥឡូវអ៊ុំរាងហើយ អ៊ុំអត់លេងទេ“។

ឈរក្បែរចិញ្ចឹមផ្លូវម្តុំផ្សារស្ទឹងមានជ័យ លោក គុណ ទី បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានថា កាលពីចុងឆ្នាំ២០១៥ ពួកគាត់៦នាក់បានពឹងអ្នករត់ការនិងមន្ត្រីនៅកន្លែងធ្វើលិខិតឆ្លងដែនក្បែរស្តុបចំការមន ដើម្បីធ្វើលិខិតឆ្លងដែននិងវីសា ដោយចំណាយថវិកាចាប់ពី១លានរៀលទៅ៥០០ដុល្លារ។ ប៉ុន្តែលោកថា នៅពេលទៅធ្វើនោះអ្នករត់ការនិងមន្ត្រីនៅក្នុងស្ថាប័ននោះ តម្រូវឲ្យបង់ប្រាក់មុនជាថ្នូរធ្វើលិខិតឆ្លងដែននិងវីសានោះ។

យ៉ាងណាក៏ដោយលោក គុណ ទី ថាក្រោយពីផ្តល់លុយឲ្យ លោកបានទៅសួរអ្នករត់ការនិងមន្ត្រីទំាងនោះដែរ តែពួកគេគេចវេសមិនទទួលខុសត្រូវ ហើយមិនបានធ្វើលិខិតឆ្លងដែននិងវីសាឲ្យពួកគេនោះទេ៖ “គ្នាខ្ញុំទំាងអស់៦នាក់ អ្នកខ្លះអស់៥០០($) ខ្ញុំម្នាក់ឯងអស់១លានរៀល ហើយទៅសួរ អានេះថាអានោះ អានោះថាអានេះ មិនដឹងថាអាណានេះ សុទ្ធស័ក្តិ២ ស័ត្តិ៣ ខ្លះផ្តាយមួយ ខ្ញុំអត់ដឹងទេ ឲ្យលុយទៅអានោះ អានោះវារត់ការវាអត់ឲ្យលុយខ្ញុំណា គ្មានឲ្យលុយខ្ញុំណា បើឲ្យលុយខ្ញុំ ខ្ញុំធ្វើឲ្យហើយ អានោះលុយវាស៊ីដាច់តែវា យំព្រាតគ្រប់គ្នាទៅ តែអ្នកបោកពីរ បីនាក់ ប៉ិនខ្លាចស៊ីតែគ្នាវា គ្នាវាគុបប៉េឲ្យគ្នាវា ដឹងទំាងអស់គ្នា យកលុយ យកអីរាប់លុយមុខទំាងអស់គ្នា ហើយកន្លែងថតមនុស្សច្រើន រាប់លុយនៅកន្លែងថត ផ្លូវចំការមនទៅពីបូកគោកាលមុនមិនធ្វើកន្លែងហ្នឹង គេដូចកន្លែងផ្លូវព្រែកប្រាវិញឥឡូវ“។

អង្គុយក្បែរហាងលក់ដូរមួយកន្លែងនៅរាជធានីភ្នំពេញ លោក គុម្ព ខ្លឹម បានរៀបរាប់ថា គាត់ក៏ត្រូវបានជនល្មើសឆបោកយកប្រាក់ដូចជនរងគ្រោះខាងលើដែរ។

នៅពេលសួរថា តើលោកបានទៅដាក់ពាក្យបណ្តឹងទៅអាជ្ញាធរឬតុលាការដែរឬទេ? លោក គុម្ព ខ្លឹម ឆ្លើយថា មិនបានទៅដាក់ពាក្យប្តឹងជនល្មើសទេ ដោយថាខ្លាចចំណាយលុយច្រើននៅពេលទៅពឹងពាក់មេធាវីឲ្យជួយការពារក្តី៖ “អត់មានដាក់ ដាក់ធ្វើម៉េចបើលុយប៉ុណ្នឹង(គេឆបោក២០០ដុល្លារ) ហើយយើងដាក់ទៅ យើងបានលុយឯណាទិញអីហូបទៀត បើយើងដាក់ពាក្យប្តឹងអស់មានលុយឯណាចាយ បើរកមួយថ្ងៃចាយមួយថ្ងៃ អត់លុយទៅរកគេណា យើងសុខចិត្តទុកពេលរកលុយក្រៅវិញល្អជាង នឹកឃើញថាអញ្ចឹងបានខ្ញុំចេញតែខ្ជិល“។

យុវជន ហម សុវណ្ណពេជ្យ បច្ចុប្បន្នធ្វើការនៅក្រុមហ៊ុនឯកជនមួយក្នុងរាជធានីភ្នំពេញ បានអំពាវនាវទៅប្រជាពលរដ្ឋជាពិសេសយុវជនត្រូវប្រុងប្រយ័ត្នមុននឹងឲ្យវត្ថុ សម្ភារៈ ឬលុយ ទៅឲ្យបុគ្គលណាមួយខ្ចីជៀសវាងរងគ្រោះដោយអំពើឆបោក៖ យើងជាប្រជាជនទំាងអស់ យើងត្រូវមានការប្រុងប្រយ័ត្នសម្រាប់យើងមានរបស់ឲ្យគេប្រើឬក៏មានលុយឲ្យគេខ្ចីហើយ យើងត្រូវប្រយ័ត្នថា អ្នកហ្នឹងខ្ចីក្នុងគោលបំណងអ្វី ហើយយើងស្គាល់មិត្តភ័ក្តិ ឬក៏អ្នកដែលយើងឲ្យខ្ចីយូរឬនៅដឹងប្រវត្តិរបស់គេហើយឬនៅ ទោះជួនកាលមិត្តភ័ក្តិដែលយើងស្គាល់យូរហើយក៏ដោយ ប៉ុន្តែពេលមួយគាត់អាចនឹងលេងល្បែង គាត់ប្រើគ្រឿងញៀន គ្រឿងអី យើងក៏ត្រូវថាប្រុងប្រយ័ត្នដែរ ដើម្បីការពារសុវត្ថិរបស់របស់យើង”។

មេធាវី សុក សំអឿន បានពន្យល់តាមនីតិវិធីច្បាប់ថា បើបុគ្គលណាមួយរងគ្រោះដោយសារអំពើឆបោកនេះ ពួកគេអាចប្តឹងទៅសមត្ថកិច្ចដែលនៅតំបន់កើតហេតុ ហើយភ្ជាប់នូវឯកសារភស្តុតាង សាក្សី ដោយថាដើម្បីឲ្យមន្ត្រីនគរបាលនោះធ្វើកំណត់ហេតុបញ្ជូនទៅតុលាការចាត់វិធានការច្បាប់លើជនល្មើស។

លោកមេធាវី សុក សំអឿន ថាដើម្បីកុំឲ្យចាញ់ល្បិចអ្នកឆបោក លោកថាអ្នកលេងតុងទីន អ្នកឲ្យប្រាក់គេខ្ចី ការដាក់វត្ថុដាក់បញ្ចំាដូចជាប្លង់ផ្ទះនិងដីធ្លីជាដើម លោកថាអ្នកទទួលយកត្រូវពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ ដោយប្រុងប្រយ័ត្ន ជៀសវាងជួបបញ្ហា បញ្ហាខាត់ពេលវេលាក្នុងការដោះស្រាយជម្លោះ។ លោកបន្តថា៖ “ធម្មតាពេលយើងឲ្យគេខ្ចីត្រូវមានការប្រុងប្រយ័ត្ន ឲ្យស្គាល់គេច្បាស់ចំាឲ្យខ្ចី ធម្មតាយើងឲ្យលុយគេខ្ចី ក្នុងគោលបំណងដើម្បីចំណេញការឬក៏យើងដាក់វិនិយោគទៅដើម្បីឲ្យបានចំណេញ យើងមិនមែនទៅសង្ឃឹមទៅលើរបស់បញ្ចាំ ក៏មិនអាចសង្ឃឹមដែរ ពីព្រោះមានរបស់បញ្ចំាមែន ក៏ប៉ុន្តែល្មមតែប្តឹងផ្តល់វាមិនមែនគេអត់លុយយើងទៅរឹបអូសផ្ទះគេណាបាន ទាល់តែទៅតាមផ្លូវតុលាការ ត្រូវចំណាយពេលវេលា ចំណាយថវិកាខាតបង់ការរកស៊ីយើងដដែល“។

មាត្រា៣៧៨នៃក្រមព្រហ្មទណ្ឌបានចែងថាអំពើឆបោកត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំនិងពិន័យជាប្រាក់ពី១លានរៀលទៅ៦លានរៀល។ ចំណែកមាត្រា៣៧៩នៃច្បាប់ដដែលបានចែងថា អំពើឆបោកនេះត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ កាលបើអំពើនេះបានប្រព្រឹត្តិទៅឲ្យខូចប្រយោជន៍បុគ្គលដែលទន់ខ្សោយពិសេសដោយមូលហេតុនៃជំងឺឬពិការភាព នារីមានគភ៌ កាលបើស្ថានភាពបុគ្គលនោះត្រូវបានគេឃើញជាក់ស្ដែងឬកាលបើជនល្មើសបានដឹង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ