តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយនៅព្រំដែនកម្ពុជាថៃខេត្តបន្ទាយមានជ័យនឹងផ្តល់ឱកាសការងារពាក់ព័ន្ធនឹងជំនាញបច្ចេកទេសដល់ប្រជាជនកម្ពុជាប្រហែលបីពាន់នាក់។
តំបន់សេដ្ឋកិច្ចពិសេសនៅប៉ោយប៉ែតស្ថិតនៅចំងាយ៨គីឡូម៉ែតពីច្រកព្រំដែនប៉ោយប៉ែតត្រូវបានសាងសង់គ្របដណ្តប់លើផ្ទៃដី៦៥,៦ហិកតានិងចំណាយអស់ដើមទុនទិញដីអស់៧លានដុល្លារអាមេរិក។ នេះជាការអះអាងរបស់អ្នកសេដ្ឋកិច្ច។
នាយកប្រតិបត្តិនៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (Phnom Penh SEZ PLC) លោក Hirshi Uematsu ថ្លែងក្នុងកម្មវិធីតុមូលនៅថ្ងៃសុក្រនេះថា ក្រុមហ៊ុនរបស់លោកកំពុងពង្រីកតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយនៅប៉ោយប៉ែត ដែលនឹងផ្តល់ឱកាសការងារដល់ប្រជាជនកម្ពុជាប្រហែលជាពីរទៅបីពាន់នាក់ ដែលសុទ្ធសឹងតែជាជំនាញពាក់ព័ន្ធនឹងបច្ចេកទេសរថយន្ត បរិក្ខារ និងបច្ចេកវិទ្យា។
លោកបន្តថា តំបន់សេដ្ឋកិច្ចពិសេសថ្មីនេះនឹងទាក់ទាញអ្នកវិនិយោគបានច្រើន ជាពិសេសអ្នកវិនិយោគពីប្រទេសថៃ ព្រោះតំបន់នោះនៅក្បែរច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ហើយលោកថាប្រាក់ខែកម្មករផ្នែកបច្ចេកទេសនៅកម្ពុជាតិចជាងនៅប្រទេសថៃ៣ដង។
ទោះជាយ៉ាងណា នាយកប្រតិបត្តិរូបនេះសំដែងក្តីកង្វល់ថាតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតកំពុងប្រឈមនឹងការប្រកួតប្រជែងពីខាងប្រទេសភូមា ដោយសារតែភូមាក៏មានតំបន់សេដ្ឋកិច្ចពិសេសនៅក្បែរបាងកកដែរ។
យោងតាមទិន្ន័យរបស់អង្គការ Open Development Cambodia តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាគិតពីឆ្នាំ២០០៦ដល់ឆ្នាំ២០១៦ មានសរុបចំនួន៣៤។
គួរបញ្ជាក់ថា នៅកម្ពុជាអ្នកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនិងអ្នកវិនិយោគទទួលបានការលើកទឹកចិត្តអនុគ្រោះ ដូចជាការលើកលែងពន្ធប្រាក់ចំណូលសម្រាប់រយៈពេល៩ឆ្នាំ ការលើកលែងពន្ធនាំចូលសម្រាប់គ្រឿងបរិក្ខារសាងសង់តំបន់ និងការលើកលែងពន្ធតម្លៃបន្ថែម។
ក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៤-២០១៨ រដ្ឋាភិបាលកម្ពុជាមានគោលបំណង “កៀរគរធនធានមនុស្ស ហិរញ្ញវត្ថុ និងស្ថាប័នធនធានដើម្បីជួយដល់ការបង្កើតឧស្សាហកម្មថ្មី”។ ការកំណត់នេះនាំឱ្យមានការបង្កើតនិងការពង្រឹងតំបន់សេដ្ឋកិច្ចពិសេស ដើម្បីទាក់ទាញវិនិយោគទុនបរទេស ជំរុញការផ្ទេរបច្ចេកវិទ្យា និងពង្រីកទីផ្សារនាំចេញ៕