លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃម្សិលមិញ បានអះអាងជាថ្មីម្ដងទៀតថា លោកមិនមែនជាអាយ៉ងរបស់វៀតណាមនោះឡើយ ដែលនេះគឺជាប្រតិកម្មលើកទីបីរបស់លោក ទៅនឹងអ្នកប្រើប្រាស់មានឈ្មោះជាវៀតណាម ដែលបានចូលទៅវាយប្រហារលើរូបលោកនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក។
នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក កាលពីថ្ងៃម្សិលមិញ អ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Nguyen Van Tai ដែលជាឈ្មោះវៀតណាម បានចូលទៅបញ្ចេញយោបល់ថា បើសិនរូបគេជាមេដឹកនាំប្រទេសវៀតណាម កម្ពុជាគឺជាគោលដៅរបស់គេ ដើម្បីរំដោះរបបរបស់ខ្លួន ហើយនឹងមិនលោតចូលទៅក្នុងប្រទេសចិន ដើម្បីរៀបចំឲ្យពួកគេដូចជាបច្ចុប្បន្ននោះឡើយ។
អ្នកប្រើប្រាស់ហ្វេសប៊ុក Nguyen Van Tai ដែលជាឈ្មោះវៀតណាមបានបន្តថា៖ «នៅក្នុងបញ្ហាសមុទ្រចិនខាងកើត មិនគួរពឹងផ្អែកលើប្រទេសតូចតាចដូចជា កម្ពុជា និងឡាវ នោះឡើយ។ វៀតណាមគួរតែប្រឈមមុខដោយផ្ទាល់ជាមួយប្រទេសចិន ដែលជាការប្រយុទ្ធ ១៩៧៨-១៩៧៩»។
ឆ្លើយតបទៅនឹងអ្នកប្រើប្រាស់ហ្វេសប៊ុក Nguyen Van Tia លោកនាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ការជ្រើសរើសរបៀបដោះស្រាយរវាងចិន និងវៀតណាមយ៉ាងណានោះ គឺជាសិទ្ធិសម្រេចរបស់មេដឹកនាំវៀតណាម។
ប្រមុខរដ្ឋាភិបាលកម្ពុជា បានអះអាងថា លោកមិនមែនជាអាយ៉ង់វៀតណាមនោះឡើយ ហើយលោកគឺជាមេដឹកនាំនៃប្រទេសមានឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដី ដែលស្មើភាព និងស្មើសិទ្ធិជាមួយប្រទេសទាំងអស់ ក្នុងនោះមានទាំងប្រទេសវៀតណាមផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយតបថា៖ «ខ្ញុំសូមគូសបញ្ជាក់បន្ថែមថា ខ្ញុំមិនមែនជាអាយ៉ងរបស់វៀតណាម ដែលត្រូវបម្រើវៀតណាមលើបញ្ហាដែលជាផលប្រយោជន៍របស់វៀតណាម ហើយខ្ញុំមិនមែនជាចៅហ្វាយវៀតណាមដែរ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា ជម្លោះអធិបតេយ្យក្នុងសមុទ្រចិនខាងត្បូង គួរតែត្រូវបានដោះស្រាយដោយសន្តិវិធីរវាងចិន និងវៀតណាម ជាជាងការដោះស្រាយតាមសង្គ្រាម។
Nguyen Van Tai គឺជាអ្នកប្រើប្រាស់ហ្វេសប៊ុកវៀតណាមទីបី ដែលបានចូលទៅវាយប្រហារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅលើបណ្ដាញសង្គម បន្ទាប់ពីអ្នកប្រើប្រាស់ហ្វេសប៊ុកវៀតណាមឈ្មោះ Phạm Đức Hiển កាលពីចុងខែកក្កដាកន្លងមកនេះ បានចូលទៅចោទលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាបានក្បត់វៀតណាម និង ២ថ្ងៃក្រោយពីអ្នកប្រើប្រាស់ហ្វេសប៊ុកវៀតណាមម្នាក់ទៀតឈ្មោះ Bao Lam ចូលទៅបញ្ចេញយោបល់វាយប្រហារទៅលើមេដឹកនាំកម្ពុជា៕