បក្សប្រឆាំងថា ជោគវាសនាលោក កឹម សុខា ស្ថិតនៅលើអ្នកគាំទ្រ

អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង កាលពីពេលកន្លងទៅ។

មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលើកឡើងថាជោគវាសនារបស់ លោក កឹម សុខា ស្ថិតនៅលើអ្នកគាំទ្រ ខណៈដែលលោកកំពុងប្រឈមមុខនឹងសវនាការជំនុំជម្រះនៅថ្ងៃទី៩ ខែកញ្ញា ខាងមុខនេះ។

ក្នុងសន្និសីទសារព័ត៌មានដូចសព្វដង នៅថ្ងៃនេះតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង លើកឡើងថា ចំណាត់ការរបស់តុលាការមកលើ លោក កឹម សុខា នោះមិនមែនជាការអនុវត្តតាមច្បាប់ទេ តែលោកថាជាការអនុវត្តតាមបទបញ្ជា ខណៈជនដែលលួចថតសំឡេងដែលច្បាប់ហាមឃាត់ បែរជាមិនមានទោសទៅវិញ។

លោកបញ្ជាក់ថាចំពោះករណី លោក កឹម សុខា នោះមានតែកម្លាំងពីប្រជាពលរដ្ឋទេ ទើបអាចជួយលោកបាន។លោកមានប្រសាសន៍ថា៖ “ចឹងយើងចង់ពិភាក្សាគ្នាថា តើរឿងហ្នឹង ជារឿងអនុវត្តច្បាប់ក៏ជារឿងនយោបាយអាហ្នឹងឲ្យច្បាស់ទាំងអស់គ្នា ហើយគេចង់បានអីមកលើឯកឧត្ដម កឹម សុខា ហើយគេចង់បានអីពីគណបក្សសង្គ្រោះជាតិយើង។ ចឹងជោគវាសនារបស់ឯកឧត្ដម កឹម សុខា ជោគវាសនារបស់គណបក្សសង្គ្រោះជាតិ គឺពឹងលើអ្នកគាំទ្រគណបក្សសង្គ្រោះជាតិហើយ“។

លោក អេង ឆៃអ៊ាង បន្តថាប្រសិនបើតុលាការអនុវត្តទៅតាមច្បាប់នោះ ករណីរបស់ លោក កឹម សុខា ត្រូវចោទជាជនសង្ស័យ មិនមែនជាសាក្សីទេ ហើយលោកចាត់ទុកការបញ្ជូនសំណុំរឿងលោក កឹម សុខា ទៅជំនុំជម្រះនោះថា ជាការរំលោភនីតិវិធី ខណៈដែលមេធាវីការពារក្តី លោក កឹម សុខា បានដាក់ពាក្យប្ដឹងជំទាស់ទៅសាលាឧទ្ធរណ៍ ហើយសាលាឧទ្ធរណ៍មិនទាន់បានសម្រេចនៅឡើយ។

លោកមានប្រសាសន៍ថា៖ “តាមធម្មតាជានីតិវិធីមុននិងធ្វើសវនាការរឿងក្ដីណាមួយ ទាល់តែគេដោះស្រាយ ដោះស្រាយបញ្ជាប់នីតិវិធីដែលគេប្ដឹងទាស់សិន ទាល់តែសាលាសម្រេចសិន បើសាលាឧទ្ធរណ៍សម្រេចហើយ ខាងចុងចោទទទួលតក៏មិនបាន គេប្ដឹងទៅកំពូលទាល់តែកំពូលសម្រេចទៀតបានសាលាដំបូងនេះ អាចកំណត់ពេលធ្វើសាវនាការបាន ប៉ុណ្ណលូវនេះគេលែងខ្វល់បងប្អូន ព្រឹកមិញនេះគេទៅបិទដីកានៅផ្ទះឯកឧត្ដម កឹម សុខា ហ្នឹង គេដឹងថាសវនាការថ្ងៃទី៩

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បដិសេធករណី លោក កឹម សុខា ថាមិនមែនជារឿងនយោបាយទេ ដោយលើកឡើងថា មកពីលោក កឹម សុខា មិនព្រមចូលខ្លួនតាមដីកាកោះរបស់តុលាការ។

លោកមានប្រសាសន៍ថា៖ “សូមបដិសេធរឿងនេះមិនមែនជារឿងនយោបាយទេ  […] ធម្មតាតើអ្នកគាំទ្រហ្នឹង បើគេគាំទ្រគាត់ តើតុលាការគេធ្វើការត្រឹមត្រូវឬមិនត្រឹមត្រូវ អ្នកគាំទ្រយើងចាំមើលទាំងអស់គ្នា។ តើថ្ងៃ៩ ពេលបើកសវនាការគាត់ តើថាវាមានអ្នកគាំទ្រប៉ុន្មានទៅតវ៉ា ការពារគាត់ អាហ្នឹងយើងមើលទាំងអស់គ្នា ព្រោះយើងនិយាយមុនមិនត្រូវទេ។ បើសិនណាជាមានច្រើនគា្នរាប់ពាន់ រាប់ម៉ឺនទៅតវ៉ា អាហ្នឹងយើងសន្និដ្ឋានថា មានអ្នកគាំទ្ររាប់ពាន់ រាប់ម៉ឺនគាំទ្រគាត់ តែបើទៅបួនដប់នាក់ទៅតវ៉ា បានសេចក្ដីថាអ្នកគាំទ្រគាត់មានតិចតួច បួនដប់នាក់ អាហ្នឹងយើងពិនិត្យតាមការជាក់ស្ដែង“។

លោកបញ្ជាក់បន្តថាចំពោះការលួចថតសំឡេងលោក កឹម សុខា ហើយមិនមានទោសនោះ គឺមកពីគ្មានបុគ្គលណាដាក់ពាក្យបណ្ដឹង។

លោក កឹម សុខា ត្រូវបានតុលាការចោទប្រកាន់ពីបទបដិសេធមិនចូលខ្លួនទៅតុលាការតាមមាត្រា៥៣៨នៃក្រមព្រហ្មទណ្ឌ ដោយតុលាការចាត់ទុកថានេះជាបទល្មើសជាក់ស្តែង ហើយតុលាការបានចេញដីកាកោះឲ្យលោក កឹម សុខា ចូលសវនាកានៅថ្ងៃទី៩ ខែកញ្ញាខាងមុខនេះ។

គួរបញ្ជាក់ថា លោក កឹម សុខា កំពុងស្នាក់នៅក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិនៅចាក់អង្រែលើជាងពីរខែមកហើយ បន្ទាប់ពីមានការប៉ុនប៉ងចាប់ខ្លួនលោកមិនបានសម្រេចកាលពីចុងខែឧសភាពីសំណាក់អាជ្ញាធរ និងបន្ទាប់ពីលោកបដិសេធមិនចូលខ្លួនតាមដីកាកោះជាលើកទីពីរ។

សំណុំរឿងលោក កឹម សុខា ត្រូវបានក្រុមអង្គការជាតិនិងអន្តរជាតិចាត់ទុកថាជារឿងនយោបាយ ហើយទាមទារឲ្យទម្លាក់បទចោទលើមេដឹកនាំបក្សប្រឆំាងនោះផងដែរ។ ចំណែកអ្នកវិភាគ អ្នកច្បាប់ និងមន្ត្រីសិទ្ធិមនុស្សយល់ថាសំណុំរឿងនោះ តុលាការធ្វើឡើងរំលោភលើអភ័យឯកសិទ្ធិតំណាងរាស្ត្រ ដោយផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញ តែមន្ត្រីរដ្ឋាភិបាលបានបដិសេធចំពោះការលើកឡើងនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ