ពលរដ្ឋជាង៣០០នាក់នៅសៀមរាបតវ៉ាបិទផ្លូវទាមទារដំណោះស្រាយដីធ្លី

អ្នកមានជម្លោះដីធ្លីនៅសៀមរាបតវ៉ាបិទផ្លូវទាមទារដំណោះស្រាយដីធ្លី (ដោយ បូ សាវី)

អ្នកមានជម្លោះដីធ្លីជាង៣០០នាក់នៅខេត្ដសៀមរាបនៅព្រឹកថ្ងៃអង្គារនេះ នាំគ្នាតវ៉ាបិទកំណាត់ផ្លូវជាតិនៅស្រុកស្វាយលើ ដោយសុំអន្ដរាគមន៍ពីអាជ្ញាធរឲ្យជួយដោះស្រាយជម្លោះដីធ្លីនិងទម្លាក់ចោលការចោទប្រកាន់របស់តុលាការខេត្ដព្រះវិហារ។

លោក ហេង បុត្រ អះអាងជាតំណាងពលរដ្ឋប្រាប់VODនៅរសៀលថ្ងៃនេះថា កាលពីម៉ោង១១ព្រឹកថ្ងៃនេះ ប្រជាពលរដ្ឋចំនួន៣២០នាក់បានតវ៉ាបិទផ្លូវជាតិនៅស្រុកស្វាយលើ ដើម្បីទាមទារឲ្យអាជ្ញាធរដោះស្រាយជម្លោះដីធ្លីជាមួយក្រុមហ៊ុនចំការកៅស៊ូមួយឈ្មោះ Green Rubber របស់ម៉ាឡេស៊ី និងទម្លាក់ចោលដីកាតុលាការខេត្ដព្រះវិហារ ដែលលោកថាក្រុមហ៊ុននោះបានប្ដឹងពួកគាត់ថារំលោភអចលវត្ថុ។ លោកបន្ដថា ក្រុមហ៊ុន បានរំយកដីស្រែចំការពលរដ្ឋ ប៉ុន្ដែបែជាប្ដឹងពួកគាត់៥នាក់នៅខេត្ដសៀមរាបទៅតុលាការខេត្ដព្រះវិហារទៅវិញ។ លោកបន្ដថា៖”ពួកខ្ញុំទាមទារ ទី១ទាមទារឲ្យខាងថ្នាក់ខេត្ដថ្នាក់ស្រុកជួយអន្ដរាគមន៍ធ្វើយ៉ាងណាមេត្តាដកដីកាចេញពីតុលាការ កុំមានភាពមិនប្រក្រតីមកលើពួកគាត់ ទី២សុំឲ្យរកដំណោះស្រាយវាស់វែងដីជូនពួកគាត់ឲ្យបានត្រឹមត្រូវ កុំស្រែគាត់១០ចឹង ឲ្យគាត់តែពីរ ចឹងត្រូវចំណុចនេះឯងគាត់អត់យល់ព្រម“។

ពលរដ្ឋមួយរូបទៀតដែលជាប់បណ្ដឹងនៅតុលាការនិងបានចូលរួមតវ៉ា លោក ឆឹម ឈីម ឲ្យដឹងថាការបិទផ្លូវនេះ ធ្វើឲ្យស្ទះចរាចរជាងមួយម៉ោងផងដែរ។ លោកបន្ដថា ការចោទប្រកាន់ពួកគាត់ពីបទរំលោភអចលវត្ថុរបស់ក្រុមហ៊ុននោះជារឿងអយុត្ដិធម៌ ខណៈដែលដីស្រែចំការពលរដ្ឋជាង៣៧០គ្រួសារបានកាន់កាប់តាំងពីឆ្នាំ១៩៩៨មក។ លោកបន្ដថា៖ “បាទ! អត់បានធ្វើអីខុសទៅលើក្រុមហ៊ុននោះទេ ប៉ុន្ដែការហាមឃាត់ បងប្អូនចេះហាមឃាត់ ព្រោះក្រុមហ៊ុនបានឈូសឆាយលើដីស្រែដីដំឡូងលើស្រែដែលគាត់ព្រោះហើយ។ ពួកខ្ញុំមកតវ៉ានេះសុំឲ្យលោកអភិបាលស្រុកគាត់ទទួលស្គាល់បងប្អូនខ្ញុំ៣៧៤គ្រួសារនេះឬអត់“។

អភិបាលស្រុកស្វាយលើ ខេត្ដសៀមរាប លោក ស៊ិក ប៊ុនស៊ិន មានប្រសាសន៍ថា លោកហួសចិត្ដការដែលតុលាការខេត្តព្រះវិហារចេញដីកាកោះពលរដ្ឋដែលស្ថិតក្នុងដែនសមត្ថកិច្ចខេត្ដសៀមរាប។ លោកបញ្ជាក់ថា លោកបានសន្យាដោះស្រាយជាមួយក្រុមហ៊ុន ប៉ុន្ដែពលរដ្ឋចង់បានចំលើយភ្លាមៗទើបពួកគាត់បិទផ្លូវជាតិមិនឲ្យធ្វើចរាចរណ៍។ លោកបន្ដថា៖ “យើងកំពុងសម្របសម្រួលជាមួយតុលាការ ដើម្បីជួយពួកគាត់ថាខុសអាស័យដ្ឋានចឹងណា ប៉ុន្ដែគាត់ហាក់ដូចជាស្ដាប់មិនបានដដែល។ ខ្ញុំស្អែកព្រឹក ខ្ញុំចាត់ការ ដើម្បីចាត់ចែងហៅក្រុមហ៊ុនដើម្បីជជែកគ្នា ខ្ញុំមិនដឹងធ្វើម៉េចបានភ្លាម បើវាឆ្ងាយដែរ ក្រុមហ៊ុនយើងត្រូវយកលិខិតអញ្ជើញឲ្យស្រួលតាមដំណើរ“។

ប៉ុន្ដែទោះជាយ៉ាងណានៅរសៀលថ្ងៃដដែលនេះ ពួកគាត់បានរំសាយការតវ៉ា បន្ទាប់ពីអាជ្ញាធរសន្យាដោះស្រាយនៅថ្ងៃស្អែក។

បើតាមពលរដ្ឋ ជម្លោះដីធ្លីនេះបានកើតឡើងតាំងពីឆ្នាំ២០១១មកម្លេះនិងបានស្វែងរកដំណោះស្រាយពីទីស្ដីការគណៈរដ្ឋមន្ដ្រីនិងមានចំណាត់ការពីខុទ្ទកាល័យនាយករដ្ឋមន្ដ្រីនិងក្រសួងដែនដីផងដែរឲ្យជួយដោះស្រាយកាលពីខែធ្នូឆ្នាំ២០១៤ ប៉ុន្ដែរហូតមកដល់ពេលនេះ ពួកគេថានៅតែមិនទាន់មានដំណោះស្រាយនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ