បទយកការណ៍៖ រ៉ឺម៉កកង់បីម៉ែត្រចាប់ផ្តើមវាយលុយទីផ្សារការដឹកជញ្ជូនភ្ញៀវក្នុងទីក្រុងភ្នំពេញ

រ៉ឺម៉កកង់បីម៉ែត្ររបស់ក្រុមហ៊ុន EZ Go (រូបភាពពីហ្វេសប៊ុក EZ Go)

ជាមួយនឹងរូបរាងតូចច្រលឹងងាយស្រួលចំណាំ យានជំនិះម្យ៉ាងដែលមានលក្ខណៈជារ៉ឺម៉កកង់បី ប៉ុន្តែមិនបំបែកកន្ទុយដែលអូសដោយម៉ូតូដូចរ៉ឺម៉កម៉ូតូបែបខ្មែរនាពេលថ្មីៗនេះ ចាប់ផ្តើមបង្ហាញវត្តមាននៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញក្នុងលក្ខណៈរូបរាងពណ៌លឿងដិតនិងមានលេខទូរស័ព្ទមួយខ្សែនៅលើតួយានយន្តទុកសម្រាប់ឲ្យភ្ញៀវទាក់ទងពេលត្រូវការសេវាកម្មដឹកជញ្ជូននេះ។

យានជំនិះដឹកជញ្ជូនមួយនេះ មានឈ្មោះថា រ៉ឺម៉កកង់បីម៉ែត្រ ព្រោះការធ្វើដំណើរត្រូវបានទូទាត់ប្រាក់ដោយការវាស់ចម្ងាយផ្លូវគិតជាម៉ែត្រ។

ជារឿយៗការទូទាត់ប្រាក់តាមរយៈការតថ្លៃ ក្នុងការដឹកជញ្ជូន មិនថារ៉ឺម៉កក្តី ម៉ូតូឌុបក្តី គឺជារឿងសាមញ្ញមួយដែលប្រជាជនខ្មែរភាគច្រើនសឹងតែទម្លាប់ទៅហើយ។ ផ្ទុយទៅវិញ សម្រាប់ការទូទាត់តាមរយៈការវាស់ចម្ងាយផ្លូវធ្វើដំណើរជាម៉ែត្រ ទើបតែចាប់ផ្តើមបង្ហាញវត្តមាននាសម័យទំនើបនេះទេ។

កាលពីមុន បើនិយាយអំពីការធ្វើដំណើរដោយវាស់ម៉ែត្រ ប្រជាជនខ្មែរច្រើនសំដៅទៅដល់ឡានតាក់ស៊ីម៉ែត្រ ដែលគិតថ្លៃដឹកជញ្ជូនដោយវាស់លើចម្ងាយផ្លូវដែលបានធ្វើដំណើរ។ អ្វីដែលថ្មីសម្រាប់ប្រជាជនខ្មែរនាសម័យទំនើបនេះ គឺការធ្វើដំណើរដោយវាស់ម៉ែត្រ ក៏អាចទូទាត់ដោយការជិះរ៉ឺម៉កកង់បី ដែលអាចឲ្យអ្នកជិះអង្គុយពីក្រោយអ្នកបើកបរស្រូបខ្យល់អាកាសដូចរ៉ឺម៉កម៉ូតូបែបខ្មែរធម្មតាដែរ។

ម៉ែត្រសម្រាប់វាស់ចម្ងាយផ្លូវ ត្រូវបានដំឡើងក្នុងយានជំនិះមួយនេះ សម្រាប់កំណត់តម្លៃជិះដែលផ្អែកតាមចម្ងាយធ្វើដំណើរ ដើម្បីចៀសវាងនូវការត្អូញត្អែរពីភ្ញៀវទេសចរថា យកតម្លៃលើសនិងចៀសវាងនូវការតថ្លៃ។

ងាកមកឆ្លើយទាំងដៃម្ខាងកំពុងពន្លត់ម៉ាស៊ីន ដោយទើបតែដឹកភ្ញៀវទៅកាន់កន្លែងគោលដៅរួចរាល់ អ្នកបើកបររ៉ឺម៉កកង់បីម៉ែត្រវ័យក្មេងមួយរូប និយាយដោយការរិះគិតថា៖ ភ្ញៀវជិះអានេះធូរថ្លៃជាងតុកតុក (រ៉ឺម៉កម៉ូតូកង់បី) និយាយទៅតុកតុកគេតថ្លៃ អានេះវាអត់តថ្លៃបានទេ ប៉ុន្មានប៉ុណ្ណឹង ក្រុមហ៊ុនគេកំណត់មក គេយក១២០០(រៀល) គឺ១២០០(រៀល)ហ្មង

តម្លៃត្រូវបានកំណត់មកជាស្រេចដោយក្រុមហ៊ុន EZ Go ដែលជាក្រុមហ៊ុនដំបូងគេដែលចាប់ផ្តើមប្រតិបត្តិការផ្តល់សេវាកម្មរ៉ឺម៉កកង់បីម៉ែត្រនេះ។ សម្រាប់គីឡូម៉ែត្រដំបូងគិតក្នុងតម្លៃ៣០០០រៀល ហើយគិតតម្លៃ៣៦០រៀល សម្រាប់៣០០ម៉ែត្របន្ទាប់។ តម្លៃនៃសេវាកម្មរ៉ឺម៉កកង់បីម៉ែត្រនេះត្រូវបានមើលឃើញថា ជាតម្លៃដែលមានភាពទាក់ទាញមួយយ៉ាងខ្លាំង បើធៀបនឹងតាក់ស៊ីម៉ែត្រនិងរ៉ឺម៉កម៉ូតូធម្មតា។

ជាក់ស្តែង ពីវិទ្យាល័យជាស៊ីមបឹងកេងកងទៅកាន់ផ្សារទួលទំពូងនិងត្រឡប់មកវិញ ភ្ញៀវចំណាយអស់៦២០០រៀល ហើយអាចជិះបាន៣នាក់។

ទើបតែចូលធ្វើការបានជាង៤ខែ លោក ចំរើន រតនា ដែលជាបុគ្គលិកបើកបររ៉ឺម៉កកង់បីម៉ែត្រនៃក្រុមហ៊ុន EZ Go មួយរូប បង្ហាញការពេញចិត្តចំពោះការងារមួយនេះជាខ្លាំង ដោយលោកថាប្រាក់ខែដែលក្រុមហ៊ុនផ្តល់ឲ្យ អាចល្មមឲ្យលោកចាយនិងជួយក្រុមគ្រួសារបានខ្លះ។

ចំពោះសុវត្ថិភាពនៃការធ្វើដំណើរវិញ អ្នកបើកបររ៉ឺម៉កកង់បីម៉ែត្រមួយរូបនេះអះអាងថា ភ្ញៀវអាចទុកចិត្តបាន។

លោកមានប្រសាសន៍ថា៖ ម៉ូតូនេះស្តង់ដាររបស់វាហ្មង! វាអត់មានយើងយកមកកែអី ហ្រ្វាំងអីវាសុវត្ថិភាព! យើងចាប់ (ហ្រ្វាំង) ស៊ីៗ មិនដូចតុកតុក ដែលប្រើតែហ្រ្វាំងម៉ូតូរុញពីក្រោយអញ្ចឹង អត់សូវដូចអានេះ និយាយទៅភ្ញៀវគេជិះម៉ោ គេមើលទៅគេដឹងថាមានសុវត្ថិភាពជាងអានេះ  [] វាខុសគ្នាម្យ៉ាងម្នាក់ អានេះ (រ៉ឺម៉កកង់បីម៉ែត្រ) វាធូរថ្លៃមែន តែគ្រាន់តែវាដឹកមនុស្សបានតិចជាងតុកតុកនោះអញ្ចឹង [] អានេះ (រ៉ឺម៉កកង់បីម៉ែត្រ) រំពឹងលើភ្ញៀវដែរ បើសិនជាភ្ញៀវគាត់ចូលចិត្តច្រើន គេ (ក្រុមហ៊ុន) នឹងដាក់មកច្រើន តែបើភ្ញៀវមិនសូវចូលចិត្ត គេនឹងបន្តបន្តិចម្តង”។

កំពុងឈរក្បែររ៉ឺម៉ក ដៃស្តាំកាន់ចង្កូតម៉ូតូរាងចាស់មួយ ភ្នែករំពៃទៅឆ្ងាយ ហាក់កំពុងបង្ហើរអារម្មណ៍គិតទៅដល់រឿងកង្វល់ជាច្រើននៅក្រោមដំណក់ភ្លៀងគ្រាប់តូចៗ ដែលជាសញ្ញាណបង្ហាញថា មេឃរកកល់នឹងភ្លៀង បុរសវ័យកណ្តាលមួយរូប ដែលប្រកបរបរជាអ្នករត់រ៉ឺម៉កកង់បីមកជាង១០ឆ្នាំ ថ្លែងប្រាប់ទាំងទឹកមុខខ្វល់ខ្វាយថា មុនពេលដែលពុំទាន់មានរ៉ឺម៉កកង់បីម៉ែត្រដែលជាគូប្រជែង លោកធ្លាប់រកបានមួយថ្ងៃ៨ទៅ១០ម៉ឺនរៀល តែថ្មីៗនេះ រកបានតែ៣ទៅ៤ម៉ឺនរៀលប៉ុណ្ណោះ។

លោក ទុំ សារ៉េត ដែលជាអ្នករត់រ៉ឺម៉ក់ម៉ូតូកង់បីបែបខ្មែរមួយរូបក្នុងចំណោមអ្នករត់ម៉ូតូជាច្រើន បានត្អូញត្អែរថា៖ ព្រួយបារម្ភគឺថា ជីវភាពរបស់យើងគឺតែប៉ុណ្ណឹង រត់តែកង់បីអញ្ចឹង ដល់ពេលមានអាកង់បីក្រុមហ៊ុនគេប្រឡងប្រជែង ខ្ញុំចេះតែបារម្ភច្រើន មិនដឹងថាថ្ងៃមុខទៅរកស៊ីអី  [] គាត់ (អ្នករត់តុកតុកផ្សេងទៀត) តែងតែបារម្ភដែរ គាត់គិតថា មិនដឹងធ្វើយ៉ាងម៉េច បើកង់បីគេច្រើនអញ្ចឹង ខ្លាចតែគេដណ្តើមទីផ្សារ ថោកៗ។ ធម្មតាតែអញ្ចឹង គេជិះអាថោកៗហើយ។ គិតចេះតែគិតហើយ តែមិនដឹងធ្វើយ៉ាងម៉េច ក្រុមហ៊ុនគេធំអញ្ចឹងណា៎”។

រ៉ឺម៉កកង់បីម៉ែត្ររបស់ក្រុមហ៊ុន EZ Go (រូបភាពពីហ្វេសប៊ុក EZ Go)
រ៉ឺម៉កកង់បីម៉ែត្ររបស់ក្រុមហ៊ុន EZ Go (រូបភាពពីហ្វេសប៊ុក EZ Go)

ទើបតែស្រស់ស្រូបអាហារពេលព្រឹករួចនៅក្នុងភោជនីយដ្ឋានមួយកន្លែងក្នុងទីក្រុងភ្នំពេញ ស្ថាបនិកនៃក្រុមហ៊ុន EZ Go ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនតាមរ៉ឺម៉កកង់បីគិតតម្លៃជាម៉ែត្រដំបូងគេក្នុងក្រុងភ្នំពេញ លោក តុប និមល រៀបរាប់ដោយទឹកមុខស្រស់ស្រាយដែលបង្ហាញពីការពេញចិត្តនឹងជំនួញរបស់ខ្លួនថា លោកចាប់យកអាជីវកម្មមួយនេះ ព្រោះលោកចង់ឲ្យសេវាកម្មដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជាមានលក្ខណៈមួយជាស្តង់ដារ ពោលគឺតម្លៃស្ថិតនៅលើរង្វាស់ម៉ែត្រ ដោយមិនចាំបាច់បារម្ភអំពីការបោកប្រាស់តម្លៃនិងការតថ្លៃ។

លោកថ្លែងប្រាប់អំពីចំណុចទាក់ទាញនៃរ៉ឺម៉កកង់បីម៉ែត្ររបស់ក្រុមហ៊ុនលោកថា៖ ទីមួយ គឺតម្លៃសមរម្យ តម្លៃស្តង់ដារ។ ទីពីរ គឺអតិថិជនមានភាពងាយស្រួល គាត់ (ភ្ញៀវ) មិនចាំបាច់តថ្លៃ។ ទីបី គឺគាត់ (ភ្ញៀវ) ទាក់ទងមកយើងអាចទៅយកគាត់ដល់កន្លែង ហើយតម្លៃគាត់ជិះត្រឹមណា។ គាត់គិតត្រឹមហ្នឹងទៅ! យើងអត់មានទៅ (បោកប្រាស់) គាត់បានទេ ព្រោះតម្លៃគាត់ឃើញនៅលើកុងតឺរហ្នឹងតែម្តង”។

មកទល់សព្វថ្ងៃនេះ ក្រុមហ៊ុនរ៉ឺម៉កកង់បីម៉ែត្រនេះទទួលបានភ្ញៀវក្នុងមួយថ្ងៃប្រហែលជា៣០០នាក់ ខណៈដែលកាលពីដំបូងមួយថ្ងៃត្រឹមតែ១០នាក់ប៉ុណ្ណោះ។ បុគ្គលិកដែលជាអ្នកបើករ៉ឺម៉កកង់បីម៉ែត្រនេះទទួលបានប្រាក់ខែគោល១៦០ដុល្លារ ហើយមានប្រាក់រង្វាន់បន្ថែមដែលភាគច្រើនសរុបក្នុងមួយខែទទួលបានប្រហែលជា ២០០ទៅ៣០០ដុល្លារ ធ្វើការពីម៉ោង៧ព្រឹកដល់១០យប់។

សុវត្ថិភាពនៃការជិះរ៉ឺម៉កកង់បីម៉ែត្រនេះត្រូវបានស្ថាបនិកនៃក្រុមហ៊ុន EZ Go អះអាងថា វាមិនខុសគ្នាអីខ្លាំងពីរ៉ឺម៉កម៉ូតូបែបខ្មែរធម្មតាទេ វាអាស្រ័យទៅលើអ្នកបើកបរប៉ុណ្ណោះឯង គ្រាន់តែលោកថារ៉ឺម៉កកង់បីម៉ែត្រដែលនាំចូលពីប្រទេសឥណ្ឌានេះ មានរាងតូចងាយស្រួលបត់ អាចបញ្ជៀសការស្ទះចរាចរណ៍បានមួយកម្រិតដែរ។

ចំពោះថា តើទៅថ្ងៃមុខ រ៉ឺម៉កកង់បីម៉ែត្រអាចដណ្តើមទីផ្សាររ៉ឺម៉កម៉ូតូបែបខ្មែរបានឬទេ លោក និមល បង្ហាញគំនិតផ្ទាល់របស់លោកថា៖ “បើសិនសម្រាប់តែខាងខ្ញុំម្នាក់ គឺខ្ញុំគិតថាមិនប៉ះពាល់ពួកគាត់ទេ តែបើសិនមានអ្នកផ្សេងគាត់បើក បីបួនប្រាំមក ដូចតាក់ស៊ីអញ្ចឹង តាក់ស៊ីម៉ែត្រដំបូងមានតែមួយទេ តែឥឡូវសួរថា តាក់ស៊ីម៉ែត្រមានប៉ុន្មាន ច្រើន អញ្ចឹងវាក៏អាចប៉ះពាល់ដែរ”។

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធហៅកាត់ថា អាយឌៀ (IDEA)  ដែលជាសមាគមរ៉ឺម៉កម៉ូតូធំជាងគេនៅកម្ពុជា លោក វ៉ន ពៅ បង្ហាញការយល់ឃើញសុទិដ្ឋិនិយមទៅលើវត្តមានរបស់រ៉ឺម៉កកង់បីម៉ែត្រ ដោយលោកថាការគិតតម្លៃដោយផ្អែកលើចម្ងាយជាម៉ែត្រនេះនឹងធ្វើឲ្យកម្ពុជាក្នុងសេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរ ដើរទាន់ប្រទេសជិតខាង។

ថ្វីបើបែបនេះក្តី ប្រធានសមាគមរ៉ឺម៉កម៉ូតូរូបនេះនៅតែមានក្តីសង្ឃឹមថា រ៉ឺម៉កម៉ូតូបែបខ្មែរមិនត្រូវបានបាត់បង់ដោយសារតែការវាយលុយពីក្រៅប្រទេសនោះទេ បើទោះជាការនាំចូលរ៉ឺម៉កម៉ូតូកង់បីពីបរទេសច្រើន វាអាចនឹងធ្វើឲ្យរ៉ឺម៉កដែលច្នៃដោយប្រជាជនខ្មែរបាត់បង់ប្រជាប្រិយភាពខ្លះក៏ពិតមែន ប៉ុន្តែលោកអះអាងថា ប្រសិនបើមានការកែច្នៃឲ្យតាមស្តង់ដារដូចបរទេស រ៉ឺម៉កនាំចូលពីក្រៅប្រទេស មិនអាចប្រជែងជាមួយរ៉ឺម៉កបែបខ្មែរនោះទេ។

បើសិនជាមានការផ្លាស់ប្តូររបៀបរបបដោយប្តូរមកដាក់ម៉ែត្រសម្រាប់កំណត់តម្លៃ រ៉ឺម៉កម៉ូតូបែបខ្មែរក៏នឹងមិនចាំបាច់ភ័យព្រួយអំពីរឿងបាត់បង់ទីផ្សារដែរ នេះជាគំនិតរបស់ស្ថាបនិកនៃក្រុមហ៊ុនរ៉ឺម៉កកង់បីម៉ែត្រ EZ Go។ លោកផ្តល់យោបល់ថា៖ “គំនិតខ្ញុំគឺ អត់ចង់គិតថា ផ្តាច់អាជីពរបស់ពួកគាត់(អ្នករត់រ៉ឺម៉កម៉ូតូធម្មតា)ទេ គឺចិត្តខ្ញុំគឺចង់បានថាម៉េច ឲ្យតម្លៃស្តង់ដារម៉ោ ដូច្នេះពួកគាត់អាចងាកមកធ្វើអាហ្នឹងដូចគ្នា ខ្ញុំក៏ទទួលជាសមាជិកដែរ ប្រសិនបើគាត់ធ្វើចង់ធ្វើ។ ពួកគាត់ត្រូវគិតថាអញ្ចេះវិញ ត្រូវគិតថា គាត់សុខចិត្តថាយកតម្លៃមួយស្តង់ដារ ក៏ប៉ុន្តែគាត់បានចំណូលអតិថិជនច្រើន ជាជាងគាត់រកបានភ្ញៀវ៣នាក់ឬមួយក៏៤នាក់ ចំណូលខ្ពស់មែន តែអតិថិជនគាត់ជិះគាត់មិនសូវសប្បាយចិត្តប៉ុន្មានទេ”។

ប្រធានសមាគមរ៉ឺម៉កម៉ូតូដែលធំជាងគេនៅកម្ពុជា លោក វ៉ន ពៅ បញ្ជាក់ថា លោកក៏បានគិតជាមួយនឹងអ្នកកែច្នៃរ៉ឺម៉ករបស់ខ្មែរដែរថា គួរតែមានការដាក់ម៉ែត្រសម្រាប់វាស់ចម្ងាយផ្លូវធ្វើដំណើរ ហើយលោកក៏ចង់ឲ្យរ៉ឺម៉កម៉ូតូបែបខ្មែរដាក់ម៉ែត្រដើម្បីឲ្យតម្លៃមានស្តង់ដារ ក្នុងការប្រកួតប្រជែងជាមួយទីផ្សារអន្តរជាតិដែលកំពុងតែវាយលុយទីផ្សារការដឹកជញ្ជូនភ្ញៀវទេសចរនៅកម្ពុជានាពេលបច្ចុប្បន្ននេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ