មន្ត្រីការពារសិទ្ធិមនុស្សដែលកំពុងជាប់ឃុំ អំពាវនាវឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត ដោយអះអាងថា ដើម្បីផ្លាស់ប្ដូរមេដឹកនាំនៅឆ្នាំ២០១៧ និងឆ្នាំ២០១៨ ខាងមុខនេះ ខណៈដែលតុលាការបានច្រានចោលបណ្ដឹងប្រឆាំងនឹងការឃុំខ្លួនពួកគេ ដោយអង្គភាពប្រឆាំងអំពើពុករលួយ។
ការអំពាវនាវនេះ បន្ទាប់ពីតុលាការបាននាំខ្លួនពួកគេ មកឲ្យស្ដាប់ការប្រកាសសាលដីកា ដែលពួកគេបានប្ដឹងអង្គភាពប្រឆាំងអំពើពុករលួយ ដោយថាបានឃុំខ្លួនពួកគេលើសច្បាប់កំណត់។
ដៃទាំងពីជាប់ខ្នោះ លោក ណៃ វ៉ង់ដា អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ នៅក្នុងប្រទេស ឬ នៅក្រៅប្រទេសឲ្យចុះឈ្មោះបោះឆ្នោតដោយថាដើម្បីផ្លាស់ប្ដូរថ្នាក់ដឹកនាំ។
លោកមានប្រសាសន៍ថា៖ “ប្រជាពលរដ្ឋកុំភ័យអីឲ្យសោះនាំគ្នាទៅចុះឈ្មោះបោះឆ្នោតទាំងអស់គ្នា កងកម្លាំងគេការពារយើងទេ ចុះឈ្មោះបោះឆ្នោតដើម្បីឲ្យមានការផ្លាស់ប្ដូរជាវិជ្ជាមានក្នុងឆ្នាំ២០១៧ និង២០១៨ ខាងមុននេះជារឿងសំខាន់”។
នៅព្រឹកមិញនេះ សាលាឧទ្ធរណ៍បានច្រានចោលបណ្ដឹងសុំមោឃភាពនីតិវិធី ដែលពួកគេបានប្ដឹងអង្គភាពប្រឆាំងអំពើពុករលួយ ថា បានឃុំខ្លួនពួកគេហួសនីតិវិធីច្បាប់ ។នេះបើតាមមេធាវីការពារក្ដីឲ្យមន្ត្រីសិទ្ធិមនុស្សទាំង ៤រូប។
លោក ឡោ ជុនធី ជាមេធាវីការពារក្ដីឲ្យមន្រ្តីសិទ្ធិមនុស្សទាំងនោះ បានសម្ដែងការខកចិត្ត ទៅនឹងការសម្រេចនេះ ដោយលើកឡើងថា អង្គភាពប្រឆាំងអំពើពុករលួយបានឃាត់ខ្លួនកូនក្តីលោកលើសពី ៤៨ ម៉ោង ដែលខុសពីការកំណត់របស់ច្បាប់ ។
លោកមានប្រសាសន៍ថា៖ “ចំណុចសំខាន់ ដែលធ្វើខុសគ្នាហ្នឹងគឺការគិតម៉ោង យើងរាប់ពីជនសង្ស័យចូលទៅដល់ស្ថាប័ននគរបាលយុត្តិធម៌គឺចាប់រាប់ម៉ោងមិនអញឹង ប៉ុន្តែដល់គេថាទោះបីចូលអីក៏ដោយ អញ្ចឹងដល់ពេលគេប្រកាសថា ឃាត់ពីពេលណាបានគេរាប់ម៉ោង ពីពេលណុង។ ដូច្នោះយោងតាមគេរាប់ចឹងបានន័យគេថា គេអនុវត្តហ្នឹងត្រឹមត្រូវហើយ អត់ខុសពីនីតិវិធីដែលចែងក្នុងមាត្រា ៩៦ ទេ ។ បានន័យថា វាមិនលើសម៉ោង ៤៨ ម៉ោង ។ ហើយដល់យើងថា កូនក្ដីយើងចូលតាំងពីថ្ងៃទី២៧ ហើយ ដល់ថ្ងៃ៣០ បានទៅដល់តុលាការ ហើយយើងរាប់មើល ២ ទៅ៣ ថ្ងៃ ហើយរាប់ពី៤៨ ម៉ោងគឺរាប់ពីណាទៅណា”។
ក្រោយបានស្ដាប់ពីការប្រកាសសាលដីកា លោក នី សុខា សម្តែងការអស់ជំនឿទៅលើប្រព័ន្ធយុត្តិធម៌ នៅកម្ពុជា។លោកមានប្រសាសន៍ថា៖ “យើងមិនសង្ឃឹមទេទោះបីជាតុលាការកំពូលក៏ដោយ តុលាការថ្នាក់ណាក៏ដោយ សម្រាប់ កម្ពុជា”។
អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សអង្គការលីកាដូ លោក អំ សំអាត ដែលតាមដានករណីនេះ លើកឡើងថា តុលាការគួរតែធ្វើការពិនិត្យមើលច្បាប់ឲ្យបានលម្អិត មុននឹងសម្រេចច្រាលចោលលើបណ្ដឹងនេះ ។ លោកបន្តថា អង្គភាពប្រឆាំងអំពើពុករលួយបានឃាត់ខ្លួនអ្នកទាំងនោះ៣ ថ្ងៃ ទើបបញ្ជូនទៅតុលាការ ដោយមិនបានឲ្យពួកគាត់មកផ្ទះវិញទេ។
លោកមានប្រសាសន៍ថា៖ “ខ្ញុំគិតថាដោយសារការខ្វះចន្លោះនៃច្បាប់គឺវា ធ្វើឲ្យប៉ះពាល់សិទ្ធិសេរីភាពរបស់បុគ្គលដែលត្រូវបានឃាត់ខ្លួនធ្ងន់ធ្ងរណាស់ អានេះដែលយើងចង់ឲ្យតុលាការគ្រប់ជាន់ថ្នាក់ ក៏ដូចជាក្រសួងយុត្តិធម៌ពិចារណឡើងវិញដែរ ចំពោះចន្លោះប្រហោងនៃនីតិវិធី ហើយធ្វើឲ្យប៉ះពាល់ទៅដល់សិទិ្ធសេរីភាពរបស់ប្រជាពលរដ្ឋជាពិសេសសិទ្ធិសេរីភាពរបស់បុគ្គលនេះ។ ចឹងយើងមានការសោកស្ដាយណាស់ ព្រោះមកទាល់ពេលនេះក៏គ្មានសាលដីកាណាឬសាលក្រមណាដែលអាចជួយ ធ្វើឲ្យប្រជាពលរដ្ឋឬក៏បុគ្គលថ្ងៃក្រោយប្រសិនបើឃាត់នៅ ACU ហ្នឹងត្រូវធានាពីសិទ្ធិសេរីភាពរបស់គាត់មិនត្រូវឃាត់ខ្លួនលើសការកំណត់”។
កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ អង្គភាពប្រឆាំងអំពើពុករលួយបានកោះហៅមន្ត្រីការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និងលោកស្រី លឹម មុនី ទៅសាកសួរ បន្ទាប់ពី ខុម ចាន់តារ៉ាទី ហៅស្រីមុំ ឆ្លើយថាមន្រ្តីសិទ្ធិមនុស្សទាំងនោះឲ្យនាងកុហកតុលាការ ករណីទំនាក់ទំនងស្នេហាជាមួយ លោក កឹម សុខា។ ប៉ុន្តែអង្គភាពនេះបានសួរពួកគេរហូតដល់ពាក់កណ្តាលយប់៕